ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកធុនធំបំផុតរបស់ចិនកាលពីថ្ងៃទី៧ ឧសភា បានធ្វើការហោះសាកល្បងប្រកបដោយជោគជ័យនៅវ៉ីហ្វាង ជាទីក្រុងមួយនៃខេត្តសានដុង។
ឧទ្ធម្ភាគចក្រធុនV 750 ជាឧទ្ធម្ភាគចក្រធុនធំគ្មានមនុស្សបើកបានហោះហើរសាកល្បងចេញពីមជ្ឈមណ្ឌលសាកល្បងវ៉ីហ្វាង ហើយវាផលិតដោយក្រុមហ៊ុន TIANXIANG TECHNO -LOGY GROUP។ ការហោះសាកល្បងមានរយៈពេល១០នាទី។ លោក CHENG SHEN -ZONG ប្រធានរបស់ក្រុមហ៊ុននេះថ្លែងថា ជោគជ័យនៃការហោះសាកល្បងនេះបានបំពេញភាពខ្វះចន្លោះក្នុងវិស័យស្រាវជ្រាវផលិតឧទ្ធម្ភាគចក្រនោះនៅចិន។
ឧទ្ធម្ភាគចក្រគ្មានមនុស្សបើកនេះមានទម្ងន់៧៥៧គីឡូក្រាម ហើយអាចផ្ទុកទម្ងន់បានជាង៨០គីឡូក្រាម។ វាអាចហោះហើររយៈពេល៤ម៉ោងក្នុងល្បឿន១៦១គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចហោះបានចម្ងាយ៥០០គីឡូម៉ែត្រ។ ឧទ្ធម្ភាគចក្រនេះអាចបញ្ជាតាមតេឡេកុំម៉ង់ចម្ងាយជាង១៥០គីឡូម៉ែត្រ ហើយវាហោះហើរដោយស្វ័យប្រវត្តិតាមកម្មវិធីមួយ។ វាអាចហោះបានកំពស់ជាង៣.០០០ម៉ែត្រ ។ វាបំពាក់ដោយឧបករណ៍ដែលអាចប្រើប្រាស់ដើម្បីត្រួតពិនិត្យ និងស៊ើបការណ៍តាមអាកាស។ សមត្ថភាពផលិតកម្មប្រចាំឆ្នាំរបស់ឧទ្ធម្ភាគចក្រនេះ គឺ១៥០គ្រឿងក្នុងមួយឆ្នាំ៕
ចែករំលែកព័តមាននេះ