តារាប្រដាល់ដែលដក់ជាប់ក្នុងក្រសែភ្នែកទស្សនិកជន មេនី ប៉ាក់គីអាវ បានវាយឈ្នះតារាប្រដាល់សេន មូស្លី ដោយពិន្ទុច្រើនលើសលប់បន្ទាប់ពីការប្រកួតបានចាប់ផ្តើមតាំងពីទឹកទី១ រហូតដល់ទឹកទី១២ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៨ ឧសភា ២០១១ ។ ការប្រកួតរវាងអ្នកទាំង២នេះ ចាប់ពីទឹកទី១ដល់ទឹកទី៣ ឃើញថា ការវាយសម្រុកមានស្ថានភាពប្រហាក់ប្រហែលគ្នា និងប្រុងប្រយ័ត្នការពារកណ្តាប់ដៃគ្នារៀងៗខ្លួន…ប៉ុន្តែនៅទឹកទី៣នេះស្រាប់តែប៉ាក់គីអាវ វាយចូលសៀតផ្ការបស់មូស្លី ១ដៃយ៉ាងខ្លាំង ខណៈមូស្លី ភ្លាត់ស្នៀតបន្តិច ហើយអាជ្ញាកណ្តាលរាប់ដល់៨ ទើបបន្តការប្រកួតទៀត ។
ចាប់ពីទឹកទី៤ឡើងទៅ ឃើញថា ប៉ាក់គីអាវប្រើកណ្តាប់ដៃវាយទៅលើគូប្រកួតជាច្រើន និងចំគោលដៅខ្លះៗផងដែរ បណ្តាលឱ្យមូស្លី កាន់តែថមថយកម្លាំង ហើយបានប្តូរទិសដៅវាយទប់ទល់ និងដកឃ្លាតាមយុទ្ធសាស្ត្រទៅវិញ…គេទទួលស្គាល់ផងដែរថា ពិតមែនកណ្តាប់ដៃរបស់មូស្លី វាយចេញតិច ប៉ុន្តែមានស្ទុះខ្លាំង និងធ្ងន់ ធ្វើឱ្យប៉ាក់គីអាវព្រួយបារម្ភផងដែរ ។ ការវាយទប់ទល់និងដកថយរបស់មូស្លី រឹតតែធ្វើឱ្យប៉ាក់គីអាវ មានប្រៀបក្នុងការប្រកួតយ៉ាងខ្លាំង ហើយមិនតែប៉ុណ្ណោះ ពិន្ទុរបស់ប៉ាក់គីអាវ បានឡើងខ្ពស់ជាលំដាប់…ដោយសារតែមានប្រៀបបែបនេះ និងដឹងថា គូប្រកួតរបស់ខ្លួនថមថយកម្លាំងនោះ ប៉ាក់គីអាវ កាន់តែដេញវាយយ៉ាងសន្ធាប់ទៅលើមូស្លី ហើយមូស្លីគិតតែពីដកថយ និងគេចពីកណ្តាប់ដៃរបស់ប៉ាក់គីអាវយ៉ាងវីវក់ ។
ចូលដល់ទឹកទី១០ ស្រាប់តែប៉ាក់គីអាវ ភ្លាត់ស្នៀតបណ្តាលឱ្យដួលទៅលើក្តារតាពី ដោយមិនដឹងថា តើត្រូវនឹងកណ្តាប់ដៃរបស់មូស្លីចំក្លៀក ប៉ាក់គីអាវ ឬក៏មូស្លីរុញប៉ាក់គីអាវឱ្យដួលនោះទេ ប៉ុន្តែអាជ្ញាកណ្តាលបានរាប់ប៉ាក់គីអាវដល់៨ ។ បន្តមកទៀត ប៉ាក់គីអាវ នៅតែមានសន្ទុះ និងកម្លាំងខ្លាំងដដែលគ្របដណ្តប់ទៅមូស្លីជាប់រហូតបញ្ចប់ទឹកទី១២ អាជ្ញាកណ្តាលបានប្រកាសឱ្យប៉ាក់គីអាវ ឈ្នះដោយពិន្ទុច្រើនលើសលប់ ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយនិងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ