ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹក​លៀស​គ្មាន​ច្បាប់​អនុញ្ញាត​ជាង​30​តោន​ត្រូវ​ចាប់​ផាកពិន័យ​12​លាន​រៀល​

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​លៀស​ធុន​ធ្ងន់​ចំណុះ​ប្រមាណ​30​តោន ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ ខេត្ត សហការ​ជាមួយ​និង​មន្ត្រី​ជំនាញ​ធ្វើការ​ស្ទាក់​ចាប់​បាន កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​23 មិថុនា…

ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​ដឹក​លៀស​ធុន​ធ្ងន់​ចំណុះ​ប្រមាណ​30​តោន ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ មាន​កងរាជអាវុធហត្ថ ខេត្ត សហការ​ជាមួយ​និង​មន្ត្រី​ជំនាញ​ធ្វើការ​ស្ទាក់​ចាប់​បាន កាលពី​វេលា​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​23 មិថុនា ឆ្នាំ​2023 នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​5​ត្រង់​ចំណុច​ភូមិ​ជ្រៃ​បាក់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​បៀរ ខណៈ​ដែល​អាជីវករ​ដឹក​លៀស​យ៉ាង​សម្បើម​មួយ​នេះ​លោត​ឆត្រ​ដឹក​គ្មាន​ច្បាប់​អនុញ្ញាត ។

សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ត​ខេត្ត​ដែល​បាន​ចូលរួម​កិច្ច​ប្រតិបត្តិការ​ខាងលើ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​រថយន្ត​ដឹក​លៀស​យ៉ាង​ធំ​ជា​រថយន្ត​ប្រភេទ​កង់​10 ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-8100​ធ្វើ​ដំណើរ​ឆ្លងកាត់​ខេត្តកំពង់ឆ្នាំង ដែល​តាម​ប្រភព​ទទួល​បាន​លៀស​ខាងលើ​នេះ បាន​ដឹក​ចេញពី​មាត់​កំពង់ទឹក ភូមិ​កំពង់ហ្លួង ក្នុងស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ និង​បន្ត​ទៅ​ប្រទេស​វៀតណាម ទើប​ធ្វើការ​ស្ទាក់​ចាប់​ឃាត់​តែម្ដង​ ។

ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា ពេល​ដែល​សមត្ថកិច្ច​ចាប់​ម្ចាស់​រថយន្ត​និង​ម្ចាស់​អាជីវករ​ដែល​ដឹក​លៀស​គ្មាន​ច្បាប់​អនុញ្ញាត​មិន​ព្រម​សហការ​ភ្លាម​ៗ​នោះ​ទេ ។ រហូត​ដល់​មានការ​ប្រកែក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មន្ត្រី​ជំនាញ​លើក​ហេតុផល​ពី​ច្បាប់​ស្ដី​ពី​ជលផល ការ​ដឹក​ជញ្ជូន​ផល​នេសាទ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត ជា​អំពើ​ដោយ​ខុសច្បាប់ ទើប​ម្ចាស់​អាជីវកម្ម​ដឹក​លាស​ព្រម​ប្រគល់​ឱ្យ​យក​រថយន្ត​ដឹក​លៀស មក​ដោយសារ​ទុក​នៅ​ក្នុង​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តកំពង់ឆ្នាំង ។

យ៉ាងនេះ​ក្តី ប្រភព​ពី​មន្ត្រី​ជលផល​ដែល​ធ្វើ​ការងារ​នេះ​បាន​ឲ្យ​ដឹង​ថា ម្ចាស់​អាជីវកម្ម​ដឹក​លៀស​ព្រម​ទទួលកំហុស​និង​បង់ប្រាក់​ផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន​12​លាន​រៀល ហើយ​មន្ត្រី​ជំនាញ​បាន​រៀបចំ​ធ្វើ​កំណត់ហេតុ​ប្រគល់​រថយន្ត​និង​លៀស​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ។

គួរ​រំលឹក​ដែរ​ថា នៅ​មាត់​កំពង់ទឹក ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ក៏​មានការ​ដឹក​ជញ្ជូន​លៀស​​ជា​រៀងរាល់ថ្ងៃ​ដូច​គ្នា​នេះ​ដែរ ប៉ុន្តែ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មិន​បាន​បង្ក្រាប​នោះ​ទេ ដែល​លៀស​ទាំងនោះ​ត្រូវ​បាន​ឈ្មួញ​ដឹក​ចេញ​ជា​រៀងរាល់ថ្ងៃ​មាន​ចំនួន​ជា​ច្រើន​តោន​និង​ច្រើន​រថយន្ត​ផង​ដែរ ។

អត្ថបទសរសេរ ដោយ