ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«ក្រូចថ្លុង​កោះ​ពីរ»​កំពុង​ល្បី​ថា​ មានឱជារស​​​ឆ្ងាញ់​​ណាស់​​

10 ខែ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ដែនដី​ផ្ទៃ​ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ដែល​មាន​ទំហំ​ប្រមាណ​ជាង​១,០០០​ហិ​កតា ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ទាំង​រដូវប្រាំង និង​វស្សា ។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ…

ខេត្ត​ត្បូងឃ្មុំ ៖ នៅ​លើ​ដែនដី​ផ្ទៃ​ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ដែល​មាន​ទំហំ​ប្រមាណ​ជាង​១,០០០​ហិ​កតា ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ផ្ទៃ​ទឹកទន្លេ​មេគង្គ ទាំង​រដូវប្រាំង និង​វស្សា ។ ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ បាន​នាំ​គ្នា​អាស្រ័យ​ផល​ដាំ​ក្រូចថ្លុង​នៅ​លើ​ផ្ទៃដី​ប្រមាណ​៣០​ហិ​កតា ដើម្បី​លក់ដូរ​ឱ្យ​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ ដើម្បី​យក​ថវិកា​ដោះស្រាយ​ជីវភាព​គ្រួសារ​។ មិនតែប៉ុណ្ណោះ ក្រូចថ្លុង​នៅ​តំបន់​នេះ មាន​ភាព​​ល្បីល្បាញ​ថា មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ដោយ​អ្នកផង​ទាំងពួង​ចូល​ចិត្ត​ពិសារ ។

អ៊ំ​ស្រី​ឈិ​ន អេ​ង​លាង អាយុ​៦៨​ឆ្នាំ រស់នៅ​ភូមិ​បី​ពៃ បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឆ្នាំ​២០២៣ ថា តាំងពី​ជំនាន់​ជីដូន​ជីតា​រហូត​មក​ដល់​ឪពុក​ម្ដាយ លុះ​មក​ដល់​រូប​គាត់​ដឹងក្តី នៅ​តែ​រក្សា​មុខរបរ​ដាំ​ដុះ​ក្រូចថ្លុង​ដដែល​នៅ​បរិវេណ​ក្រោយ​ផ្ទះ​ប្រមាណ​ជិត​១០០​ដើម មាន​ដើម​តូច​ធំ​ហុច​ផល​ជា​បណ្ដើរ​ៗ​ពេល​ដែល​ក្រូច​ទុំ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ចុះ​ប្រមូល​ទិញ​តាម​ភូមិ​តែ​ម្ដង ។

អ៊ំ​ស្រី​អេ​ង លាង មាន​ប្រសាសន៍​បន្ត​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​ក្រូចថ្លុង​ដែល​គាត់​ដាំ​នៅ​ក្រោយ​ផ្ទះ​មាន​ពី​ប្រភេទ គឺ​ក្រូចថ្លុង​ធម្មតា​និង​ក្រូច​ខ្ទឹម​ដែល​កំពុង​ផ្លែ​តូច​ធំ​បន្តបន្ទាប់​គ្នា ។ តាម​ការ​កត់សម្គាល់ ក្រូច​ទាំងនេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​ចុះ​ប្រមូល​ទិញ​ដឹក​តាម​រថយន្ត​យក​ទៅ​លក់​នៅ​ខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ ហ្នឹង​តាម​តំបន់​មួយ​ចំនួន​ទៀត ។

មាន​ពេល​ខ្លះ អ្នក​ភូមិ​របស់​គាត់​បាន​ដឹក​ក្រូចថ្លុង​តាម​ជាល​ដាក់​លើ​ម៉ូតូ​ជិះ​ដើរ​លក់​ដោយ​ឆ្លង​ដ៏​ទទឹង​មក​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់​ចាម គឺ​ជិះ​ដើរ​លក់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ហើយ​ក្រូច​នៅ​កោះ​ពី​នេះ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ធ្វើ​ឲ្យ​មនុស្ស​ផង​ទាំងពួង​ចូល​ចិត្ត​ហូប​ទៀត​ផង ។ ទោះបីជា​គាត់​ស្ថិត​ក្នុង​វ័យចាស់​បែប​នេះ​ក៏​ដោយ គឺ​នៅ​តែ​បន្ត​ថែរក្សា​ដាំ​ដុះ​ដំណាំ​ក្រូចថ្លុង និង​បន្ត​ដល់​កូន​ៗ​គឺ​មិន​ឱ្យ​បោះបង់​របស់​ដាំ​ដុះ​ទាំងនេះ​ទេ ។ ក្នុង​ពេល​ដែល​ក្រូច​ហុច​ផល គាត់​អាច​លក់​បាន​មួយ​ឡូ​ជាង​៣​ម៉ឺន​រៀល ឬ​លើស​នេះ​ទៅ​តាម​ប្រភេទ​ទំហំ​ក្រូច​តូច​ឬ​ធំ ។

លោក ខូ​វ អ៊ មេឃុំ​កោះ​ពីរ​មាន​ប្រសាសន៍​ដោយ​លើក​ឡើង​ផង​ដែរ​ថា កោះ​នេះ មាន​ផ្ទៃដី ១,០៧៧​ហិ​កតា ចែក​ជា ៤​ភូមិ​ក្នុង​នោះ​រួម​មាន ភូមិ​កោះត្រែង ភូមិ​បី​ពៃ ភូមិ​ជួរ​កណ្តាល និង​ភូមិ​ម៉ឺន​នង់ មាន​ប្រជាពលរដ្ឋ​រស់នៅ​៦៣៧​គ្រួសារ មនុស្ស​រាយ​២,៤៥២​នាក់ ។ កោះ​ពីរ​នេះ មាន​បណ្តោយ​ប្រវែង ៣២៥០​ម៉ែត្រ និង​ទទឹង​កោះ​ផ្នែក​ដែល​ធំ​ជាងគេ​ប្រវែង ២,០១៥​ម៉ែត្រ ។

កាលពីដើម​ឡើយ នៅ​លើ​កោះ​នេះ សំបូរ​ទៅ​ដោយ​ដើម​ឫស្សី​និង​ដើម​គរ ដែល​មាន​ភាព​ធុន​ទ្រាំ​ទៅ​នឹង​ទឹក​ជន់​លិច​និង​ការ​ហូរ​ច្រោះ​បាន ។ ក្រោយមក ក៏​មាន​ប្រជាពលរដ្ឋ​ដាំ​ក្រូចថ្លុង ហើយ​ពិនិត្យ​ឃើញ​ថា មានការ​ដុះ​លូតលាស់​ល្អ ហើយ​ផ្តល់​រសជាតិ​ផ្អែម​ស្រទន់ លាយ​ជាតិ​ជូរ​ស្រាល ដែល​ទទួល​បានការ​ចាប់អារម្មណ៍​ពី​អ្នក​បរិភោគ ទើប​ពេល​នោះ​ហើយ ប្រជាជន​ក្នុងភូមិ បាន​នាំ​គ្នា​កាប់​ឫស្សី រួច​ចាក់​ដី​បន្ថែម ដើម្បី​ដាំ​ដំណាំ​ក្រូចថ្លុង ។

មក​ដល់​ឆ្នាំ​២០១៩ ក្រូចថ្លុង​ដាំ​លើ​ផ្ទៃដី​ប្រមាណ​៣០​ហិ​កតា ហើយ​មក​ដល់​ពេល​នេះ ក្រូចថ្លុង បាន​ដាំ​ស្ទើរ​ពេញ​ផ្ទៃ​កោះ ដោយ​ប្រជាពលរដ្ឋ​បន្ត​កាប់​ប្ញ​ស្សី​និង​គរ មក​ដាំ​ក្រូចថ្លុង​វិញ ។ ក្រូចថ្លុង​ដែល​បាន​ដាំ​លើ​កោះ​នេះ មាន​៣​ប្រភេទ គឺ​ក្រូចថ្លុង​កោះត្រែង (​មាន​រសជាតិ​ផ្អែម លាយ​ជូរ​ស្រាល​) ក្រូចថ្លុង​ទទឹម​(​មាន​រសជាតិ​ជូរ​ជាង​ផ្អែម​) និង​ក្រូចថ្លុង​ពូជ​ពី​កោះ​ទ្រុង ខេត្តក្រចេះ ។

ក្រូចថ្លុង​ដែល​ទាក់ទាញ​អ្នក​បរិភោគ​ជាងគេ​នោះ គឺ​ក្រូចថ្លុង​កោះត្រែង ដែល​រសជាតិ​ផ្អែម​លាយ​ជូរ​ស្រាល ទឹក​ច្រើន ហើយ​កំ​ពិស​របស់​វា​ទន់ល្មើយ បង្កើត​នូវ​ទឹកដម​ផ្អែម​ត្រជាក់​បំពង់ក ។ រសជាតិ​ដោយឡែក​នេះ​ហើយ ដែល​មក​ដល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​រហូត​ដល់​៩៥​ហិ​កតា ហើយ​មាន​ផ្ទៃដី​កំពុង​ប្រមូល​ផល​មាន​ប្រមាណ​៤១​ហិ​កតា ។

ដូច្នេះ ហើយ​យើង​សង្កេត​ឃើញ​លើ​កោះ​នេះ មាន​ដំណាំ​ចម្បង​តែ​៣​ប្រភេទ​ប៉ុណ្ណោះ គឺ​ប្ញ​ស្សី គរ និង​ក្រូចថ្លុង​។ ក្នុង​បរិវេណ​លំនៅ​ឋាន​ណាមួយ ក៏​មាន​ដើម​ក្រូចថ្លុង​ដែរ​។ ចំណែក​នៅ​រដូវប្រាំង កោះ​ពីរ ព័ទ្ធ​ជុំវិញ​ទៅ​ដោយ​ខ្សាច់​ពណ៌​លឿងខ្ចី លាយ​ជាមួយ​កំទេចកំទី​ភ្លិ​ក​ភ្លេ​ក​ពណ៌​មាស និង​ប្រាក់​។ ជាមួយ​គ្នា​នេះ ក៏​មាន​ដើម​ក្រូចថ្លុង​២​ដើម ដែល​ប្រជាជន​នៅ​លើ​កោះ​ផ្តល់​រហស្សនាម​ថា ជាដើម​ក្រូចថ្លុង​ដែល​ផ្តល់​ផ្លែ​ច្រើន​ដាច់​គេ រហូត​ដល់​៥០​ឡូត៍​ក្នុង​មួយ​ដើម និង​មាន​អាយុកាល​វែង​ជាងគេ​ផង​ដែរ ។

លោក​មេឃុំ​ក៏​បាន​អំពាវនាវ​ដល់​សាធារណៈជន​ទាំងអស់ អញ្ជើញ​មក​កំសាន្ត​លើ​កោះ​ពីរ ទាំង​រដូវវស្សា និង​រដូវប្រាំង ដើម្បី​ទស្សនា​នូវ​ទិដ្ឋភាព​ពីរ​ដាច់​ដោយឡែក តែ​បាន​ភ្លក់​រសជាតិ​ក្រូចថ្លុង ទស្សនា​ផ្ទះ​បុរាណ និង​ទទួល​បានការ​គួរសម​ពី​បងប្អូន​ប្រជាពលរដ្ឋ​លើ​កោះ​ពីរ ។ ជាមួយ​នោះ ស្ពានបេតុង​កាត់​ទទឹង​ទន្លេ​ប្រវែង​ជាង​៤៥០​ម៉ែត្រ ដែល​ចាប់ផ្ដើម​ស្ថាបនា​នៅ​ក្នុង​ឆ្នាំ​២០២៣​នេះ​ពី​ឃុំ​កំពង់ទ្រាស មក​កោះ​ពីរ​ស្រុក​ក្រូចឆ្មារ កំពុង​តែ​ឈូស​ឆាយ​ក្បាលស្ពាន​។ ពេល​ដែល​ស្ពាន​នេះ​ស្ថាបនា​ហើយ​ក្រូចថ្លុង​នៅ​តំបន់​នេះ​នឹង​ឡើងថ្លៃ ព្រមទាំង​បាន​ជួយ​លើក​ស្ទួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​​សម្របសម្រួល​រៀបចំ​បណ្តុំ​អាជីវកម្ម​ក្រូចថ្លុង នៅ​ឃុំ​កោះ​ពីរ ស្រុក​ក្រូចឆ្មារ ដែល​មាន​កសិ​ករ​ដាំ​ក្រូចថ្លុង ៣៩​គ្រួសារ ចូលរួម​ជា​សមាជិក ក្រោម​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធុន​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

អត្ថបទសរសេរ ដោយ