ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​ដែល​​ពលរដ្ឋ​ប្រើប្រាស់​​ចំនួន​១៣​គ្រឿង​​ផ្អើល​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​(វីដេអូ)

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​នាំ​ចូល​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​​បាន​ចំនួន​១៣​គ្រឿង

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​គយ​ និង​រដ្ឋាករ​បាន​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​នាំ​ចូល​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​​បាន​ចំនួន​១៣​គ្រឿង នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៣ តាម​ផ្លូវ​មុខ​ភោជនីយដ្ឋាន​ប៊ូ​សោភ័ណ ស្ថិត​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ។

មន្ត្រី​គយ ​និង​រដ្ឋាករ​ផ្នែក​ស្រាវជ្រាវ​បង្ការ ​និង​បង្ក្រាប​បទល្មើស​សាខា​ខេត្តបន្ទាយមានជ័យ​ បាន​ប្រាប់​ថា តាម​ការ​ណែនាំ​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ហើយ​មន្ត្រី​គយ ​និង​រដ្ឋាករ​សាខា​ខេត្តបន្ទាយមានជ័យ​ប្រចាំ​ផ្លូវ​៥០ ក្រុង​ប៉ោយ​ប៉ែ​ត​ បាន​ដាក់​ចល័ត​ឆែក​ចាប់​ម៉ូតូ​បាន​ចំនួន​១៣​គ្រឿង ក្នុង​មាន​ប្រភេទ​ម៉ូតូ​ម៉ាក ៖ ភី​ស៊ី​អ៊ិ​ច ស៊ូ​ម័​រ​អ៊ិ​ច ឃ្លិ​ច ស្គូ​ពី ជា​ម៉ូតូ​ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រើប្រាស់​គ្មាន​ពន្ធ ។

មន្ត្រី​គយ ​និង​រដ្ឋាករ​បាន​បញ្ជាក់​ថា ក្រោយ​ចាប់​បាន​ម៉ូតូ​ទាំង​១៣​គ្រឿង​បាន​ដឹក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​​ការ​គយ ​និង​រដ្ឋាករ​ផ្លូវ​៥០ ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឱ្យ​ម្ចាស់​ជា​អ្នក​ប្រើប្រាស់​យក​ឯកសារ​មក​បញ្ជាក់ ​បើ​គ្មាន​ពន្ធ​ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ។

មន្ត្រី​គយ​ និង​រដ្ឋាករ​ថា​ នឹង​បន្ត​អនុវត្ត​ជា​ប្រចាំ​ស្រាវជ្រាវ​បង្ការ​ និង​បង្ក្រាប​បទល្មើស​គេចពន្ធ រហូត​អ្នក​ប្រើប្រាស់​ភ្ញាក់រលឹក​ងាក​មក​ប្រើប្រាស់​យានយន្ត​ត្រឹមត្រូវ ដែល​ជា​ការ​រក​ចំណូល​រដ្ឋ​ផង​ដែរ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា មន្ត្រី​ជំនាញ​ដែល​ចាប់​ម៉ូតូ​គ្មាន​ពន្ធ​ជា​តួនាទី​ភារកិច្ច​មន្ត្រី​ជំនាញ​ដែល​ត្រូវ​ប្រមូល​ពន្ធ​ជូន​រដ្ឋ តែ​ម៉ូតូ​ដែល​មន្ត្រី​ជំនាញ​ចាប់ គឺ​ជា​ម៉ូតូ​ដែល​ទិញ​ពី​ស្តង់​លក់​ម៉ូតូ​នៅ​ក្រុង​ប៉ោយ​​ប៉ែ​ត មិន​បាន​ទៅ​ទិញ​ម៉ូតូ​នៅ​តាម​បន្ទាត់​ព្រំដែន​ដោយ​ខុសច្បាប់​នោះ​ទេ ។ ទោះបីជា​បែប​ណា​ក៏​នៅ​តែ​មាន​កំហុស​ដែរ ព្រោះ​ម៉ូតូ​អត់​ពន្ធ​ដែល​គេ​លួចលាក់​លក់ ។

ប្រជាពលរដ្ឋ​ខ្លះ​ថា​ ដោយសារ​គ្មាន​លុយ​ទិញ​ម៉ូតូ​មាន​ពន្ធ​ក្នុង​តម្លៃ​ថ្លៃ ទើប​សុខចិត្ត​ទិញ​ម៉ូតូ​គ្មាន​ពន្ធ​ដែល​មាន​តម្លៃ​ថោក​តាម​លទ្ធភាព​ទិញ​បាន​ប្រើប្រាស់ ដូច្នេះ​សុំ​ឱ្យ​មន្ត្រី​គយ ត្រូវ​ទប់ស្កាត់​ម៉ូតូ​នាំ​ចូល​ពី​ប្រទេស​ជិតខាង និង​បង្ក្រាប​ម៉ូតូ​គ្មាន​ពន្ធ​តាម​ស្តង់​លក់​ម៉ូតូ​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ក្រុង​ប៉ោយ​​ប៉ែ​ត​នោះ ​ទើ​ប​សម​ហេតុ​សម​ផល​ជាង មិន​ត្រូវ​ចាប់​ម៉ូតូ​ដែល​គេ​កំពុង​ជិះ​បែប​នេះ​ទេ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ