ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​! ស្រី​ស្អាត ណា សា​ឌី ទម្លាយ​រឿង​បាត់​ចិញ្ចៀន​តម្លៃ​ជាង​២​ម៉ឺន​ដុល្លារ ព្រោះ​មនុស្ស​ជំនិត​ក្បែរ​​នាង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង និង​ពិធី​ការិនី​នាង ណា សា​ឌី បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដែល​នឹក​ស្មាន​មិន​ដល់​មួយ ដោយ​នាង​បាន​បាត់​ចិ​ញ្ជៀ​ន​ដែល​ខ្លួន​ស្រឡាញ់​បំផុត និង​មាន​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ព្រោះតែ​មនុស្ស​ជំនិត និង​នៅ​ក្បែរ​នាង​រាល់ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធី​ការិនី​នាង ណា សា​ឌី បាន​ទម្លាយ​នូវ​រឿងរ៉ាវ​ដែល​នឹក​ស្មាន​មិន​ដល់​មួយ ដោយ​នាង​បាន​បាត់​ចិ​ញ្ជៀ​ន​ដែល​ខ្លួន​ស្រឡាញ់​បំផុត និង​មាន​តម្លៃ​ប្រមាណ​ជាង​២​ម៉ឺន​ដុល្លារ ព្រោះតែ​មនុស្ស​ជំនិត និង​នៅ​ក្បែរ​នាង​រាល់ថ្ងៃ​។

តាម​រយៈ​សំ​ណេ​រ​ដ៏​វែង​មួយ​បង្ហោះ​តាម​បណ្តាញ​សង្គម ស្រី​ស្អាត ណា សា​ឌី បាន​លើក​ឡើង​នូវ​រឿងរ៉ាវ​មួយ​នេះ​ថា « មិន​គួរ​ណា​កើតរឿង​នេះ​មក​លើ​ខ្ញុំ​ទេ ញើស​ឈា​.​ម​ខ្ញុំ​ដែល​មិន​បាន​សម្រាក ខិតខំ​ធ្វើការ​ត្រុ​ក​ៗ​រាល់ថ្ងៃ មិន​ដែល​ស្គាល់​ពាក្យ​ថា​ទំនេរ​នឹង​គេ​នោះ​ទេ​។ ខ្ញុំ​ខំ​ណាស់​ព្រោះ​ខ្ញុំ​មានឱកាស ខ្ញុំ​ត្រូវ​តែ​ស៊ូ ដើម្បី​គ្រួសារ ខ្លួនឯង និង​ទិញ​អ្វី​ដែល​ខ្ញុំ​ចង់បាន​»​។

នាង​បាន​បញ្ជាក់​ថា «​ថ្ងៃ​ទី​១ ខែ​៦ ខ្ញុំ​បាន​សន្សំ​លុយ​ទិញ​របស់​ដែល​ខ្ញុំ​ស្រលាញ់ តម្លៃ​របស់​វា​ជាង 2xxxx$ ខ្ញុំ​ខំ​សន្សំ ព្រោះ​វា​ជា​ការ​លើកទឹកចិត្ត​ដែល​ខ្ញុំ​ខិតខំ​ធ្វើការ​គ្មាន​ថ្ងៃ​សម្រាក ព្រឹក​ចេញ​ទៅ​ធ្វើការ យប់​ជ្រៅ​ត្រឡប់​មក​ផ្ទះ​វិញ​។ ប៉ុន្តែ​រឿង​អាក្រក់​ដ៏​ធំ​មួយ​ក៏​បាន​កើតឡើង​លើ​រូប​នាង​ខ្ញុំ​»​។

នាង​បន្ត​ថា «​នៅ​ថ្ងៃ​ទី​3.06.2023 ខ្ញុំ​បាន​ពាក់ចិញ្ចៀន​របស់ខ្ញុំ​លើក​ទី​១ ទៅ​ធ្វើការ event អោយ​គេ ហើយ​ពេល​ចប់​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​ធម្មតា​។ មុន​ពេល​ចូល​គេង ខ្ញុំ​ក៏​បាន​រៀបចំ​ដាក់​ចិញ្ចៀន​របស់ខ្ញុំ​ចូល​ក្នុង​ប្រអប់​ធម្មតា​។ ថ្ងៃ​ទី​05.6.2023 ខ្ញុំ​បាន​ប្រាប់​ប្អូនស្រី​ដែល​គាត់​ជា​អ្នក​មើលថែ​ខ្ញុំ​ផ្ទាល់ រៀបចំ​គ្រប់យ៉ាង​អោយ​ខ្ញុំ បោស​បន្ទប់ រៀប​សម្លៀក​បំពាក់​ទៅ​ថត និង​ទុកដាក់​គ្រឿងអលង្ការ​អោយ​ខ្ញុំ​ផ្ទាល់ គាត់​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​ទុកចិត្ត​បំផុត ហើយ​ក៏​ផ្តល់​សិទ្ធិ​អោយ​គាត់​ចេញចូល​បន្ទប់​ខ្ញុំ​ដោយ​សេរី ក៏​ព្រោះតែ​ពាក្យ​ថា ស្រលាញ់ ទុកចិត្ត និង​ផ្តល់​តម្លៃ​អោយ​គាត់​»​។

នាង​បន្ថែម​ថា «​បន្ទប់​គេង​ខ្ញុំ​មិន​បាន​ចាក់សោរ ហើយ​ខ្ញុំ​ក៏​គ្មាន​ទូដែក​ដែរ ព្រោះ​ខ្ញុំ​ទុកចិត្ត​អ្នក​នៅ​ក្នុងផ្ទះ និង assistant របស់ខ្ញុំ​ណាស់ ហើយ​ក៏​មិន​ដែល​បាត់​របស់​ធំដុំ​ដែរ (​អត្ត​ចរិត​គាត់ ស្លូត មិន​ចេះ​មាត់​.​ក សុភាព​រាបសា ហើយ​ឧស្សាហ៍​ណាស់​)»​។

ស្រី​ស្អាត ណា សា​ឌី បាន​លើក​ឡើង​បន្ត​ថា «​ថ្ងៃ​កើតហេតុ ទី 06.6.2023 ខ្ញុំ​បាន​ឆាត​ឲ្យ​គាត់​ចូល​សម្អាត​បន្ទប់​ខ្ញុំ​ផង ហើយ​ស្រប​ពេល​ដែល​ម៉ាក់​ខ្ញុំ​មិន​នៅផ្ទះ​, ខ្ញុំ​ក៏​បាន​ចេញ​ក្រៅ​តាំងពី​ព្រឹក មាន​តែ​ជីដូន​ខ្ញុំ​នៅផ្ទះ​ជាមួយ​គាត់ ខ្ញុំ​ផ្តាំ​គាត់​ថា មើល​ម៉ាក់យាយ​ផង ព្រោះ​គាត់​ទើបតែ​ឈឺ​ធ្ងន់ និង​វះកាត់​ពោះវៀន​កាលពី​ឆ្នាំ​មុន ហើយ​គាត់​អាយុ​ច្រើន​ហើយ​។ នៅ​ថ្ងៃ​ទី​10.06.2023 ម៉ាក់​ឆាត​មក​ខ្ញុំ​ទាំង​យប់​ថា ខ្ញុំ​មាន​ពាក់ចិញ្ចៀន​ទៅ​ក្រៅ​អត់? ខ្ញុំ​ភ្ញាក់​មែនទែន ព្រោះ​ខ្ញុំ​មិន​បាន​ឆែក​មើល និង​ប៉ះ​ចិញ្ចៀន​តាំងពី​ថ្ងៃ​ទី 03.6.2023 មក​ម្ល៉េះ​»​។

នាង​បន្ត​ថា «​ខ្ញុំ​ភ័យ​ណាស់ ក៏​ប្រញាប់​បើកឡាន​ទៅ​ផ្ទះ ដោយ​មាន​គាត់​នៅ​ជាមួយ​ខ្ញុំ​ដែរ​។ នៅ​តាម​ផ្លូវ​ខ្ញុំ​សួរ​គាត់​រហូត អូន​មាន​ឃើញ​របស់​ចែ​ទេ? ខ្ញុំ​សួរ​គាត់​ច្រើន​លើក​ច្រើន​សារ​ណាស់ តែ​គាត់​ឆ្លើយ​ថា មិន​បានឃើញ មិនដឹង​ទេ​។ ខ្ញុំ​មក​ដល់​ផ្ទះ​ភ្លាម ក៏​បាន​រក​មើល​គ្រប់កន្លែង​នៃ​ផ្ទះ​របស់ខ្ញុំ ទាំង​ប៉ា ម៉ាក់ ខ្ញុំ ហើយ​គាត់​ក៏​ជួយ​រក​នៅ​តែ​មិនឃើញ​សោះ​។ ខ្ញុំ​ក៏​ចាប់ផ្តើម​សង្ស័យ​គាត់ ព្រោះ​មាន​តែ​គាត់​ម្នាក់​គត់​ដែល​មើលថែ​គ្រប់យ៉ាង​ដែល​ជា​របស់ខ្ញុំ​។ ខ្ញុំ​បាន​សួរ​គាត់​ទាំង​យំ​ថា អូន បើ​អូន​ឯង​យក​អោយ​បង​វិញ​មក បងអត់​ខឹង​ប្រកាន់​ទេ បង​សុំ​តែរ​បស់បង​មក​វិញ​ទេ វា​ថ្លៃ​ណាស់​សម្រាប់​បង បងខំ​សន្សំ​លុយ​ដើម្បី​ធ្វើ​វា​ទំ​រាំ​បាន ប៉ុន្តែ​ចម្លើយ​នៅ​តែ​ដដែល មិនដឹង​ទេ​ចែ​»​។

នាង​បញ្ជាក់​ថា «​ខ្ញុំ​ព្យាយាម​គ្រប់​វិធី​អស់ហើយ ខ្ញុំ​រក​ពេញ​ផ្ទះ ឆែក​គ្រប់សព្វ គ្រប់កន្លែង ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​គាត់​ថា បើ​រក​ចិញ្ចៀន​ឃើញ បង​អោយ​អូន 1000$ ព្រោះ​បង​នឹង​លក់​វា​ចេញ​វិញ​មិន​ទុក​ទេ ហើយ​បើ​អូន​ចង់​ចេញពី​ទី​នេះ ប្អូន​ចេញ​ចុះ​បង​ជូន​ទៅ​ផ្ទះ​វិញ គាត់​បាន​ឆ្លើយ​ថា​ចា៎​»​។

បើ​តាម​ស្រី​ស្អាត ណា សា​ឌី ថា «​ហេតុផល​ដែល​ខ្ញុំ​និយាយ​ថា​គាត់​ចង់​ចេញ គឺ​ខ្ញុំ​បាន​ចាប់​ឆែក​ទូរស័ព្ទ​គាត់​តាំងពី​ថ្ងៃ​ខ្ញុំ​បាត់​ចិញ្ចៀន​ម្ល៉េះ គឺ​ខ្ញុំ​ចង់​គាំងបេះដូង គាត់​បាន​ឆាត​ទៅ​មិត្ត​ភ​កិ្ត បងប្អូន​គាត់ និង​អ្នក​ដែល​គាត់​ចង់ទៅ​នៅ​ជាមួយ​ថ្មី គាត់​និយាយ​ថា ចង់​ចេញពីផ្ទះ​ខ្ញុំ​ហើយ ប៉ុន្តែ​ដល់​ខែ​7 បាន​ចេញ ពីព្រោះ​គាត់​នៅ​ជំពាក់​លុយ​ម៉ាក់​ខ្ញុំ​មិន​ទាន់​អស់ (​ខ្ញុំ​អោយ​គាត់​ខ្ចី​លុយ ដើម្បី​ធ្វើ​ផ្ទះ​ឲ្យ​ម្តាយ​នៅ​ស្រុក​) ហើយ​ឆាត​ខ្លះ​គាត់​បាន​លួច​ជេរ​ខ្ញុំ​ពីក្រោយ​ខ្នង​ទៀត ព្រោះ​គាត់​ខឹង​ខ្ញុំ​ស្តីបន្ទោស​»​។

នាង​ថា «​រឿង​ជេរ​ខ្ញុំ​នឹង​មិនមែន​លឺ​តែ​តាម​ឆាត​ទេ នៅផ្ទះ​ក៏​ម៉ាក់យាយ​ខ្ញុំ​លឺ​ដែរ ប៉ុន្តែ​គាត់​អត់​មាត់ ព្រោះ​គិត​ថា​វា​ក្មេង ហើយ​មិន​ចង់​បង្ករឿង​ក្នុងផ្ទះ​។ អ្នក​ផ្ទះ​ខ្ញុំ​អស់សង្ឃឹម​ក្នុង​ការ​រក​ចិញ្ចៀន ហើយ​ពួក​យើង​ក៏​ដឹង​ថា ប្អូន​ខ្ញុំ​យក ប៉ុន្តែ​មិនដឹង​យក​ទៅ​ណា អោយ​អ្នក​ណា ឬ​លក់​នៅ​កន្លែង​ណា​។ បងប្អូន​ដែល​កំពុង​អាន​អើយ បន្ទាប់​ពី​ថ្ងៃ​បាត់​របស់ខ្ញុំ​មក ខ្ញុំ​ហាមឃាត់​មិន​អោយ​គាត់​ចេញ​ទៅ​ណា​ទេ ព្រោះ​គាត់​គឺជា​ជនសង្ស័យ​ហើយ ខ្ញុំ​ទុក​គាត់​នៅផ្ទះ​សិន​។ សួរនាំ​យ៉ាងណា​ក៏​មិន​ឆ្លើយ ខ្ញុំ​យំ​នៅ​មុខ​គាត់ ម្តាយ​ខ្ញុំ​អង្វរ​ផង ខ្ញុំ​អង្វរ​ផង នៅ​តែ​គ្មាន​ចម្លើយ​»​។

នាង​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​18.06.2023 គាត់​បាន​សារភាព​ថា គាត់​បាន​យក​ចិញ្ចៀន​ហ្នឹង​មែន ប៉ុន្តែ​គាត់​មិន​បាន​យក​ទៅ​ណា​ទេ គាត់​មិន​បាន​លក់ ឬ​អោយ​មិត្ត​ភ​កិ្ត​ណា​ម្នាក់​ទេ គឺ​គាត់​បាន​យក​វា​ទៅ​បោះចោល​ក្នុង​ធុងសំរាម​តាំងពី​ថ្ងៃ​ទី​06.06.2023 មក​ម្ល៉េះ គឺ​ពេល​ដែល​គាត់​មក​សម្អាត​បន្ទប់​ខ្ញុំ​តែ​ម្តង ហើយ​នៅ​ក្នុង​ថ្ងៃ​នោះ​ដែរ គាត់​បាន​ឆែកឆេរ​កាបូប​ខ្ញុំ មួក​ខ្ញុំ​យក​ពាក់​លេង ថត​ពេញ​ហ្នឹង ធ្វើ​ដូច​ជា​គ្រប់យ៉ាង​ជា​របស់​គាត់​»​។

នាង​បន្ត​ថា «​ខ្ញុំ​សឹងតែ​គាំងបេះដូង ខ្ញុំ​ញ័រ​មាត់ ធ្វើ​អី​លែង​ចេញ ម្នាក់​ៗ​លឺ​ហើយ​ហួសចិត្ត​ណាស់​។ ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ ហ៊ាន​បំផ្លាញ​ខ្ញុំ ព្រោះ​ដឹង​ថា ខ្ញុំ​ស្រលាញ់​របស់​ហ្នឹង​ខ្លាំង​។ ខ្ញុំ​បាន​សួរ​សំណួរ​គាត់ ២​សំណួរ​គត់ ព្រោះ​ខ្ញុំ​គាំង​ហើយ​។ សំណួរ​ទី​១ ហេតុ​អី​អូន​ឯង​ធ្វើ​ចឹ​ង​ដាក់​បង? ចម្លើយ ខ្ញុំ​គុំ​ជាមួយ​ចែ​ឯង ខ្ញុំ​ខឹង​ចែ​ថាអោយ​ខ្ញុំ ខ្ញុំ​ស្អប់​ចែ ខ្ញុំ​ចង់​ឃើញ​ចែ​ពិបាកចិត្ត​សំណួរ​ទី​២ ៖ គ្រឿងអលង្ការ បង​ផ្សេង​ៗ​ក៏​មាន ហេតុ​អី​អូន​រើស​យក​ចិញ្ចៀន​ថ្មី​ហ្នឹង? បង​ពាក់​បាន​តែ​ម្តង​គត់? ចម្លើយ ៖ ខ្ញុំ​ដឹង​ថា របស់​ហ្នឹង​ថ្លៃ​ជាងគេ ណាមួយ​វា​តូច ចឹ​ង​ខ្ញុំ​ស្រួល​បោះចោល ខ្ញុំ​មិន​ចង់អោយ​បង​មាន​របស់​ដែល​បង​ស្រលាញ់ ខ្ញុំ​ចង់អោយ​បង​ពិបាក ព្រោះ​ខ្ញុំ​ដឹង​ថា វា​សំខាន់​ណាស់​សម្រាប់​បង​»​។

នាង​បញ្ជាក់​ថា «​គ្រប់​ពាក្យពេចន៍​ដែល​គាត់​និយាយ​មក ខ្ញុំ​សឹងតែ​ដួល​លើ​ដី ដោយសា​ការ​គុំកួន​គាត់​ហ៊ាន​ធ្វើ​បែប​នេះ​។ គាត់​មក​នៅ​ជាមួយ​ខ្ញុំ ៦​ឆ្នាំ​ហើយ តាំងពី​គាត់​នៅ​ក្មេង គាត់​ដើរ​ជាមួយ​ខ្ញុំ​យូរហើយ​។ ពេល​ទៅ​ណា​មក​ណី​ខ្ញុំ​មិន​ដែល​ប្រាប់​គេ​ថា គាត់​អ្នក​នៅ​ជាមួយ​ខ្ញុំ ឬ​អ្នក​ដទៃ​ទេ ខ្ញុំ​ប្រាប់​គេ​ថា គាត់​ប្អូន​ខ្ញុំ​។ ខ្ញុំ​មិន​បាន​កុហក​ទេ អ្នក​ដែល​ស្គាល់​ខ្ញុំ​គាត់​ដឹង​ហើយ​។ ខ្ញុំ​ហូប​អី គាត់​ហូប​ហ្នឹង​។ គេង​នៅ​លើ​ពូក ក៏​គាត់​គេង​ក្បែរ​ខ្ញុំ និយាយ​រួម​មិត្ត​ភ​កិត្ត​ខ្ញុំ អ្នក​ដែល​ស្គាល់​ខ្ញុំ​ទាំងអស់ គឺ​ស្រលាញ់​គាត់ និង​ទុក​គាត់​ដូច​ប្អូន​ទាំងអស់​។ ខ្ញុំ​មិន​ដែល​វ៉ៃ​គាត់​មួយ​ដៃ​ទេ តែបើ​ស្តីបន្ទោស​ខ្ញុំ​ថាអោយ​គាត់ ព្រោះ​គាត់​ធ្វើ​ខុស បាត់​របស់ខ្ញុំ ឬ​ភ្លេច​ច្រើន ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ខឹង​យូរ​ទេ ខ្ញុំ​លួង​វិញ​ហើយ ហៅ​ប្អូន​ៗ​ពេញ​ៗ​មាត់ ហើយ​អោយ​លុយ​គាត់​ចាយ​មិន​ដែល​ខាត​ទេ​»​។

នាង​បញ្ជាក់​បន្ត​ថា «​គ្រួសារ​ខ្ញុំ​ស្រលាញ់​គាត់​ណាស់ មិន​ដែល​ទុក​គាត់​ជា​អ្នក​ក្រៅ​ទេ​។ ហេតុ​អី​ប្អូន​ឈា​.​ម​ត្រជាក់​ម្ល៉េស? គាត់​ប្រាប់​ថា គាត់​ធ្វើ​រឿង​ហ្នឹងហើយ គាត់​បាន​ត្រៀម​ចិត្ត​ទទួល​គ្រប់យ៉ាង​។ គាត់​ដឹង​គ្រប់យ៉ាង​ពី​ខ្ញុំ​ថា ពេល​នេះ​ខ្ញុំ​កំពុង​មាន​បញ្ហា​ច្រើន គេ​ជំពាក់​លុយ​ផង ការងារ​ក៏​មិនសូវ​មាន ម៉ាក់​ទើប​វះ ហើយ​ថ្មី​ៗ​នេះ ខ្ញុំ​តែ​ម្នាក់ឯង​រ៉ាប់រង​គ្រប់យ៉ាង​ក្នុងផ្ទះ ព្រោះ​ពាក្យ​ថា បង្គោលគ្រួសារ និង​ទំនួល​ខុស​ត្រូវ​។ គាត់​បាន​សំពះសុំទោស​ខ្ញុំ​នៅ​ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​ដឹង​ចម្លើយ ខ្ញុំ​ថា​ហួសពេល​ហើយ​អូន បង​ទុក​ពេល​អោយ​អូន​ឯង​សារភាព ហើយ​ហេតុ​អី​មិន​និយាយ? ហេតុ​អី​មិន​គិត​វែង​ឆ្ងាយ​ជាង​នេះ? ហេតុ​អី​ចង់​បំផ្លាញ​បង​ដល់​ថ្នាក់​នេះ? អ្វី​ៗ​មិន​អាច​បក​ក្រោយ​បាន​ទេ មាន​តែ​ទៅ​មុខ​ទេ​»​។

នាង​បន្ថែម​ថា «​នេះ​ជា​មេរៀន​សម្រាប់​អ្នក​គ្រប់​គ្នា​ដែល​មាន​មនុស្ស​ជំនិត និង​អ្នក​ដើរ​តាម សូមកុំ​ទុកចិត្ត​អ្នក​ណា​អោយ​សោះ​ក្រៅពី​ខ្លួនឯង​។ កុំ​ស្រលាញ់ ទុកចិត្ត អ្នក​ណា​ខ្លាំង​ពេក ព្រោះ​ពេល​ខ្លះ​គេ​មិន​បាន​ស្រលាញ់​យើង ដូច​យើង​ស្រលាញ់​គេ​នោះ​ទេ មិន​ថា​នៅ​ជាមួយ​គ្នា​យូរ​ឆ្នាំ​ក៏​ដោយ​។ ខ្ញុំ​ឈឺចិត្ត​ណាស់ ព្រោះ​បាន​បាត់​របស់​ដែល​ខ្ញុំ​ស្រលាញ់ ប៉ុន្តែ​ខ្ញុំ​រឹតតែ​ឈឺ​ខ្លាំង ព្រោះ​មនុស្ស​ក្បែរ​ខ្លួន​ក្បត់​ខ្ញុំ ធ្វើ​អោយ​ផ្លូវចិត្ត​ខ្ញុំ​មិន​ស្រួល​ទេ ខ្ញុំ​មាន​ជំងឺផ្លូវចិត្ត​ទៀត​។ ពេល​នេះ ប្អូន​សាង​អី ប្អូន​ទទួល​បាន​ហើយ​។ បង​សុំ​អហោសិកម្ម​អោយ​ប្អូន​ដូច​គ្នា​។ បើសិនជា​ចិញ្ចៀន​បាត់​មែន ឬ​នៅ​លើ​ដៃ​អ្នក​ណា​គេ​ម្នាក់ សង្ឃឹម​ថានឹង​បាន​ជួយ​សម្រួល​ទុក្ខ​លំបាក​ដល់​អ្នក​ចុះ បើ​អ្នក​នៅ​ទុក​ពាក់ សូម​ជួយ​ថែរក្សា​ជំនួស​ខ្ញុំ​ផង​ចុះ ព្រោះ​វា​ទៅ​បាត់​ហើយ គេ​មិន​ចង់​នៅ​ជាមួយ​ខ្ញុំ​ទេ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ