ជំងឺគ្រុណឈាម គឺជាជំងឺកាចមួយដែលបានឆ្លង និងសម្លា.ប់កុមារជាច្រើនទាំងនៅកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់ ។ ខែភ្លៀង គឺជាខែដែលអាចមានការឆ្លងជំងឺគ្រុនឈាមខ្លាំងតាមរយៈមូសខាំ ។ មកដល់ពេលនេះ បញ្ហាមូសដូចជា…
ជំងឺគ្រុណឈាម គឺជាជំងឺកាចមួយដែលបានឆ្លង និងសម្លា.ប់កុមារជាច្រើនទាំងនៅកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់ ។ ខែភ្លៀង គឺជាខែដែលអាចមានការឆ្លងជំងឺគ្រុនឈាមខ្លាំងតាមរយៈមូសខាំ ។

មកដល់ពេលនេះ បញ្ហាមូសដូចជា មិនសូវចោទទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលបានចេញសេចក្តីរំលឹកហើយអំពីការឆ្លងជំងឺគ្រុនឈាមនេះ ។ ដូច្នេះសូមយកចិត្តទុកដាក់ ជាពិសេស គឺអាណាព្យាបាលកុមារានិងកុមារី ដោយសារតែភាគរយនៃអ្នកកើត គឺច្រើនតែកុមារ និងមនុស្សវ័យជំទង់ ។
មកដល់ពេលនេះ ថ្វីត្បិតតែថា ជំងឺគ្រុនឈាមគេអាចព្យាបាលបាន ប៉ុន្តែវានៅតែជាជំងឺដែលអាចផ្តាច់សង្ខាមនុស្សលោកបាន ។ ដូច្នេះសូមប្រុងប្រយ័ត្ន និងបង្ការទុកជាមុនល្អជាង ។ ជំងឺនេះត្រូវបានគេដឹងថា វាចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដោយសារតែមូសខាំ ប៉ុន្តែមិនមែនគ្រប់ប្រភេទមូសទាំងអស់សុទ្ធតែជាភ្នាក់ងារចម្លងមេរោគនេះនោះទេ ។ មេរោគ វាឆ្លងតែតាមរយៈមូសខ្លាញីដែលផ្ទុកមេរោគខាំយើងតែប៉ុណ្ណោះ ។

នៅពេលនេះ ស្ថានភាពមូស ជាពិសេសនៅរាជធានីដូចជា មិនសូវច្រើនទេ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយករណីជំងឺគ្រុនឈាមនេះកើតមានដូចជា ច្រើនករណីណាស់ពីព្រោះមូសខ្លាជាប្រភេទមូសដែលវាចូលចិត្តខាំនៅពេលថ្ងៃ ហើយវាតែងតែសម្ងំលាក់ខ្លួននៅតាមលំនៅដ្ឋានដែលមិនសូវមានពន្លឺគ្រប់គ្រាន់ ហើយសំបូរវត្ថុដែលអាចដក់ទឹកបាន ។ ដូចនេះទោះបីជាមិនសូវមានមូសក៏ដោយការប្រហែសនឹងអាចគ្រោះថ្នាក់ជាក់ជាមិនខាន ។
តាមតួលេខពីកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមបានឲ្យដឹងថា ក្នុងរយៈពេល២១សប្ដាហ៍ ឬប្រមាណជាង៥ខែដើមឆ្នាំ២០២៣នេះ កម្ពុជាមានករណីកើតជំងឺគ្រុនឈាមសរុបចំនួន ៣.៤៣៩ករណី ហើយតាមការព្យាករណ៍វាអាចនឹងកើនដល់ទៅលើសពី២០.០០០ ករណី នៅក្នុងឆ្នាំនេះ ខណៈដែលកាលពីឆ្នាំ២០២២ កន្លងទៅមានត្រឹមតែ១២.៥០០ ករណី ដោយស្លា.ប់១៩នាក់ ក៏ដោយ ។

កន្លងមកខេត្តដែលមានករណីឆ្លងករណីគ្រុនឈាមនេះខ្ពស់ គឺកណ្តាល ភ្នំពេញ បន្ទាយ មានជ័យ កំពង់ឆ្នាំង កំពង់ធំ ព្រះសីហនុ និងតាកែវ ។ ក្រៅពីកម្ពុជា តាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសបានឲ្យដឹងថា ក្រៅពីកម្ពុជាករណីជំងឺគ្រុនឈាមនៅក្នុងប្រទេសជិតខាងកម្ពុជា និងនៅក្នុងតំបន់ ដែលមានអាកាសធាតុស្រដៀងគ្នា ក៏កំពុងតែប្រឈមមុខនឹងករណីកើនឡើងនៃជំងឺគ្រុនឈាមនេះផងដែរ ។


កាសែតបាងកកប៉ុស្តិ៍ បានអះអាងថា នៅថៃគ្រាន់តែខែមករាមួយមានសេចក្តីរាយការណ៍ថា មានករណីគ្រុនឈាមរហូតដល់ទី១៦.៦៥០ ករណី នៅក្នុងនោះស្លា.ប់១៧ នាក់ ។ ដោយឡែកសារព័ត៌មាន VN express បានរាយការណ៍ថា ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៣នេះ វៀតណាម មានករណីជំងឺគ្រុនឈាមសរុបប្រមាណជា១៣.០០០ ករណី ពោល គឺខ្ពស់ជាងឆ្នាំ២០២២ ប្រមាណជា២,៣ដង ខណៈដែលកាលពីឆ្នាំ២០២២ វៀតណាម ផ្ទុះជំងឺនេះចំនួន៣៦១.០០០ ករណី ស្លា.ប់១៣៣ នាក់ ។

ពាក់ព័ន្ធនឹងជំងឺនេះ ក្រសួងសុខាភិបាលបានចេញសេចក្ដីណែនាំថា គ្រប់គ្នាត្រូវជួយកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដោយរួមទាំងថូផ្កា និង វត្ថុនានានៅក្នុងផ្ទះ ។ កាប់ឆ្ការព្រៃដែលជាជម្រកមូសចេញពីបរិវេណផ្ទះ រស់នៅស្អាតប្រកបដោយអនាម័យ ។ នៅក្នុងករណីមានរោគសញ្ញាក្ដៅខ្លួនខ្លាំងភ្លាមៗ លើសពី៣៨អង្សាសេ គឺត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋកុំឱ្យយឺតជាង៧២ម៉ោង បន្ទាប់ពីក្ដៅខ្លួន ហើយកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្ដៅខ្លាំងភ្លាមៗដោយខ្លួនឯង ។

សរុបមកវិញ មិនមែនជាការបន្លាចទេ ប៉ុន្តែ គឺជាការពញាក់ស្មារតីនៃការប្រុងប្រយ័ត្ន បើមិនដូច្នេះទេ យើងទាំងអស់គ្នាអាចខូចចិត្ត ។ ហើយម្យ៉ាងទៀតកុំភ្លេចថា ជំងឺនេះថ្វីត្បិត តែច្រើនកើតចំពោះកុមារ ប៉ុន្តែមិនមែនមានន័យថា មនុស្សពេញវ័យមិនឆ្លងជំងឺនេះនោះទេ ។ យើងត្រូវប្រកាន់ភ្ជាប់ពាក្យមួយដែលថា ការពារប្រសើរជាងព្យាបាលដោយមានន័យថា យើងត្រូវបង្ការកុំអោយឆ្លងជំងឺនេះជាជាងបណ្តោយអោយវាកើតមានហើយទើបស្វែងរកការព្យាបាល ៕ ដោយៈ ហេង ចេស្តារ
ចែករំលែកព័តមាននេះ