រាជធានីភ្នំពេញ ៖ សម្រាប់ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចបោះពុម្ពសន្លឹកឆ្នោត១៣លានសន្លឹក ។ គជប បានធ្វើការអំពាវនាដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសមកចូលរួមបោះឆ្នោតនៅចុងខែកក្កដាខាងមុខនេះឱ្យបានគ្រប់គ្នាដែរ ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបញ្ជាក់ថា សន្លឹកឆ្នោតជាង១៣លានសន្លឹកនេះមានការកើនឡើងប្រមាណ៦សែនសន្លឹក បើធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦។ សន្លឹកឆ្នោតទាំង១៣លានសន្លឹកនឹងត្រូវបែងចែកជា២ប្រភេទ ដោយសន្លឹកឆ្នោតជាង១១លានសន្លឹកនឹងត្រូវប្រើប្រាស់ផ្ទាល់នៅតាមការិយាល័យបោះឆ្នោត ខណៈដែលជាង១លានសន្លឹកផ្សេងទៀតនឹងត្រូវថែរក្សាទុកនៅតាមខេត្តក្នុងករណីដែលត្រូវការប្រើប្រាស់ជាចាំបាច់ ។

នៅក្នុងពេលចុះពិនិត្យការបោះពុម្ពសន្លឹកឆ្នោតលោក ហង្ស ពុទ្ធា និយាយថាដំណើរការបោះពុម្ពសន្លឹកឆ្នោតទាំងជាង១៣លានសន្លឹកនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ កក្កដា ហើយបញ្ជូនទៅតាមខេត្តនៅថ្ងៃទី១៨ ។

ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនសរុបប្រមាណជាង៩លាននាក់ ។ នៅក្នុងចំណោមពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះមានមួយចំនួនបានកំពុងរស់នៅ និងធ្វើការការងារនៅក្រៅប្រទេស ។ តាមការឱ្យដឹងរបស់គជប ការបោះឆ្នោតនាពេលខាងមុខនេះ មានការិយាល័យបោះឆ្នោតចំនួន២៣៧៨៩ ។ មានគណបក្សនយោបាយចំនួន១៨ ត្រូវគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់ជាផ្លូវការ ។

កាលពីពេលថ្មីៗនេះគជប បានធ្វើការអំពាវនាវដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយកំពុងរស់នៅ និងធ្វើការនៅក្រៅប្រទេសឱ្យវិលមកបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃបោះឆ្នោត ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ។
ដើម្បីបោះឆ្នោតពបានប្រជាលរដ្ឋត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ។ ករណីពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណ ឬអត្តសញ្ញាណប័ណ្ណអស់សុពលភាពខូច និងបាត់ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត ។

ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត និងត្រូវធ្វើជូនប្រជាពលរដ្ឋរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមិថុនា រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ។ នេះបើតាមការបញ្ជាក់របស់គជប ៕ ដោយ សារ៉ាន់
ចែករំលែកព័តមាននេះ