រាជធានីភ្នំពេញ ៖ ភាគច្រើន មេតុងទីនកើបលុយរាប់សែន រាប់លានដុល្លារ រត់គេចខ្លួន ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន ប៉ុន្តែករណីមួយនេះស្ត្រីជាអ្នកជំនួញម្នាក់ និងជាកូនតុងទីនម្នាក់ បានវេចលុយរត់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចហាងកាហ្វេប្រោនពោធិ៍ចិនតុង សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ពាក់ពន្ធពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ពោលគឺប្រើប្រាស់មូលប្បទានប័ត្រគ្មានសាច់ប្រាក់ “សែកស្អុយ” ចំនួន៣០ម៉ឺនដុល្លារអាមេរិក ។
ស្ត្រីជនសង្ស័យមានឈ្មោះ សារ៉ាន សុជាតា អាយុ៣៦ឆ្នាំ មុខរបរអ្នករកស៊ី ស្នាក់នៅផ្ទះលេខB ៦០.៦២ ផ្លូវលេខ ៧២២A សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បើតាមសមត្ថកិច្ច បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ គឺបានអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដោយយោងទៅលើពាក្យបណ្តឹងរបស់ឈ្មោះ គង់ ណាក់នីន ។
អង្គហេតុក្នុងពាក្យបណ្តឹង បានបញ្ជាក់ថា នៅក្នុងអំឡុងឆ្នាំ២០២២ ឈ្មោះ សារ៉ាន សុជាតា បានទំនាក់ទំនងជាមួយដើមបណ្តឹង ដោយនិយាយអង្វរ សុំខ្ចីប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅធ្វើដើមទុន រកស៊ីជាបន្ទាន់ ដោយមានការជឿទុកចិត្តរាប់អានគ្នា ទើបដើមបណ្តឹងបានប្រគល់ប្រាក់ឲ្យទៅជនសង្ស័យគ្រប់ចំនួន ។
លុះដល់ថ្ងៃកំណត់ ឈ្មោះ សារ៉ាន សុជាតា បានចេញមូលប្បទានប័ត្រមួយសន្លឹក ដែលមានទឹកប្រាក់ចំនួន៣០ម៉ឺនដុល្លារអាមេរិក ដែលមូលប្បទានប័ត្រនោះ តម្រូវឲ្យដើមបណ្តឹងទៅបើកប្រាក់នៅធនាគារវឌ្ឍនៈអាស៊ីចំកាត់។ ដើមបណ្តឹង បានយកមូលប្បទានប័ត្រនោះ ទៅបើកប្រាក់ ស្រាប់តែខាងធនាគារ បានបញ្ជាក់ថា មូលប្បទានប័ត្រនេះ ពុំមានសាច់ប្រាក់ទេ។ ចាប់ពីពេលនោះ មកដើមបណ្តឹង បានទំនាក់ទាក់ទៅជនសង្ស័យ តែមិនអាចទាក់ទងបាន ព្រមទាំងគេចខ្លួន មិនចូលដោះស្រាយបំណុលដែលខ្ចីដើមបណ្តឹងនោះទេ ទើបដើមបណ្តឹងសម្រេចដាក់ពាក្យប្តឹងសមត្ថកិច្ច ឲ្យជួយចាត់ការតាមផ្លូវច្បាប់ ។
លើសពីនេះ ជនសង្ស័យឈ្មោះ សារ៉ាន សុជាតា ជាកូនតុងទីនម្នាក់ ដែលលេងជាមួយដើមបណ្តឹង និងបានដេញប្រមូលយកប្រាក់អស់ ហើយគេចខ្លួន ដោយមិនបានបង់ប្រាក់ឲ្យមេវិញទេ ធ្វើឲ្យមេតុងទីន រកលុយសងជំនួស ទៀតផង ។
ជនសង្ស័យខាងលើ កំពុងស្ថិតនៅតំណាក់កាលសមត្ថកិច្ចជួបសម្របសម្រួល ដើម្បីដោះស្រាយបំណុលជាមួយដើមបណ្តឹង តែបើមិនត្រូវគ្នាទេ និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕


ចែករំលែកព័តមាននេះ