ខេត្តក្រចេះ ៖ អនុវត្ដតាមច្បាប់ស្ដីពីព្រៃឈើ និងដើម្បីជំរុញឱ្យប្រជាពលរដ្ឋមានចិត្ដស្រឡាញ់ថែរក្សាការពារព្រៃឈើទាំងអស់គ្នា ខណ្ឌ និងផ្នែករដ្ឋបាលព្រៃឈើក្រចេះ ដោយមានការចូលរួមសហការពីសំណាក់អាជ្ញាធរមូលដ្ឋាន បានបង្កើតជាសួនអាពាហ៍ពិពាហ៍មួយសម្រាប់គូស្រករកូនកំលោះកូនក្រមុំដាំកូនឈើព្រៃទុកជាអនុស្សារីយ៍ក្នុងថ្ងៃរៀបការ។
ការបង្កើតនូវសួនអាពាហ៍ពិពាហ៍សម្រាប់គូស្រករកូនកំលោះកូនក្រមុំដាំកូនឈើគ្រប់ប្រភេទ ទុកជាអនុស្សារីយ៍ក្នុងថ្ងៃរៀបការនេះ ត្រូវបានគេចាត់ទុកថា ជាការបង្កើតលើកទីមួយហើយសម្រាប់មន្ដ្រីរដ្ឋបាលព្រៃឈើខេត្ដក្រចេះ ។ សកម្មភាពនេះធ្វើឱ្យមហាជនមានការគ្រាំទ្រយ៉ាងពេញទំហឹងថា បានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសកូនកំលោះកូនក្រមុំចូលរួមដាំកូនឈើព្រៃជាសក្ខីភាពនៃការចូលរួមថែរក្សាព្រៃឈើ និងទុកជាអនុស្សារីយ៍សម្រាប់កូនៗរបស់ពួកគេឱ្យចូលរួមថែរក្សាទាំងអស់គ្នាបន្តទៅមុខ។
បន្ទាប់ពីអាជ្ញាធរមូលដ្ឋានជាពិសេសផ្នែករដ្ឋបាលព្រៃឈើក្រចេះ រៀបចំបង្កើតជាសួនអាពាហ៍ពិពាហ៍រួចមក រហូតមកទល់នឹងពេលនេះមានគូស្វាមីភរិយាថ្មីដែលបានរៀបការមកធ្វើពិធីដាំកូនឈើព្រៃគ្រប់ប្រភេទនៅក្នុងសួននេះជាបន្ដបន្ទាប់។ ជាក់ស្ដែងកាលពីព្រឹកថ្ងៃទី៥ ឧសភា កូនកំលោះឈ្មោះឯក គឹមសួរ និងកូនក្រមុំឈ្មោះ សាន់ ស្រីផូ ដែលរៀបការនៅភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី បាននាំគ្នាទៅដាំកូនឈើបេងមួយដើមនៅក្នុងសួនអាពាហ៍ពិពាហ៍ ដើម្បីបញ្ជាក់ពីសក្ខីភាពថា គូអាពាហ៍ពិពាហ៍ទាំងពីរនាក់មានចិត្ដស្រឡាញ់ដើមឈើព្រៃ ហើយដើមឈើមួយដើមនេះក៏រក្សាទុកដើម្បីឱ្យកូនចៅរបស់ពួកគាត់បានឃើញពីការចូលរួមអភិរក្សថែរក្សាដើមឈើផងដែរ។
នៅក្នុងពិធីដាំកូនឈើព្រៃពីសំណាក់កូនកំលោះកូនក្រមុំទាំងពីរក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍នៅព្រឹកនោះ ក៏មានការអញ្ជើញចូលរួមជាសក្ខីភាព និងជួយលើកទឹកចិត្ដពីសំណាក់លោកសួន ញ៉ាក អភិបាលស្រុកចិត្របុរី លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ រួមទាំងមន្ដ្រីរដ្ឋបាលព្រៃឈើក្រោមឱវាទ លោកមេឃុំ ហើយកូនកំលោះកូនក្រមុំក៏បានទទួលដើមឈើបេងមួយដើមនេះ ពីសំណាក់លោកព្រាប សុធារ៉ា នាយផ្នែករដ្ឋបាលព្រៃឈើក្រចេះ។ លោកព្រាប សុធារ៉ា ថ្លែងថា តបទៅតាមមាត្រា៦០នៃច្បាប់ស្ដីពីព្រៃឈើ ដែលបានចែងថា ប្រជាពលរដ្ឋទាំងពីរភេទដែលជាគូស្រករថ្មី ត្រូវបានលើកទឹកចិត្ដដាំដើមឈើពីរដើមក្រោមកិច្ចសម្របសម្រួល និងផ្ដល់កូនឈើ ដោយមន្ដ្រីរដ្ឋបាលព្រៃឈើមានសមត្ថកិច្ច និងអនុវត្ដទៅតាមអនុសាសន៍លោករដ្ឋមន្ដ្រីក្រសួងកសិកម្ម និងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលព្រៃឈើ ខណ្ឌនិងផ្នែករដ្ឋបាលព្រៃឈើក្រចេះបានបង្កើតជាសួនអនុស្សារីយ៍ក្នុងបរិវេណសួនអាពាហ៍ពិពាហ៍លើផ្ទៃដី៦ហិកតា ដែលមានទីតាំងនៅក្នុងបរិវេណដីសម្បទានសង្គមកិច្ច ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ជាប់នឹងផ្លូវជាតិលេខ៧ (អាស៊ាន)។
លោកនាយផ្នែកបានថ្លែងបន្ដថា ការបង្កើតជាសួនអាពាហ៍ពិពាហ៍សម្រាប់ឱ្យកូនកំលោះកូនក្រមុំចូលរួមដាំកូនឈើទុកជាអនុស្សារីយ៍នេះ គឺជំរុញឱ្យប្រជាពលរដ្ឋទាំងពីរភេទស្រឡាញ់ និងថែរក្សាដើមឈើព្រៃទាំងអស់គ្នា និងសម្រាប់បង្ហាញកូនចៅឱ្យបានឃើញពីការចូលរួមអភិរក្សថែរក្សាព្រៃឈើរបស់ឪពុកម្ដាយពួកគេ ហើយមន្ត្រីរដ្ឋបាលព្រៃឈើ នឹងធ្វើការអភិរក្សដើមឈើដែលគូអាពាហ៍ពិពាហ៍បានដាំរួមគ្នានេះ ដោយមានឆ្លាក់ឈ្មោះកូនកំលោះកូនក្រមុំទាំងពីរនាក់នៅជាប់នឹងដើមឈើនេះតែម្ដង។ លោកនាយផ្នែកបានបញ្ជាក់ថា ផ្នែករដ្ឋបាលព្រៃឈើបានបង្កើតជាថ្នាលបណ្ដុះកូនឈើព្រៃគ្រប់ប្រភេទមានចំនួនរាប់ម៉ឺនដើមទុកសម្រាប់តម្រូវការរបស់កូនកំលោះកូនក្រមុំផ្សេងទៀត ដែលចង់ចូលរួមដាំកូនឈើព្រៃនៅក្នុងសួនអាពាហ៍ពិពាហ៍នេះ៕
ចែករំលែកព័តមាននេះ