រាជធានីភ្នំពេញ ៖ កម្មកររោងចក្រកាត់ដេរមិថុនាប្រមាណ២ពាន់នាក់ នៅវេលាម៉ោង៨ព្រឹកថ្ងៃសុក្រ ទី៦ ឧសភា ២០១១ នេះបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាជាបន្តទៀត នៅមុខរោងចក្រមិថុនារបស់ខ្លួន ប្រយោជន៍ដើម្បីទាមទារឱ្យថៅកែរោងចក្រដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ បន្ទាប់ពីរោងចក្រមិថុនា ដែលមានកម្ពស់៤ជាន់ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានផ្អាកដំណើរការដោយសារអគ្គីភ័យបំផ្លាញទាំងស្រុងកាលពីរសៀលថ្ងៃទី៣០ មីនា ២០១១ រួចមក ។ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឱ្យដឹងថា នៅក្នុងការទាមទារនៅព្រឹកមិញនេះផងដែរ ក្រុមកម្មករបានបិទផ្លូវសហព័ន្ធរុស្ស៊ីប្រមាណ១០នាទីនៅមុនពេលសមត្ថកិច្ចចូលបំបែក ។
ក្រោយពីសមត្ថកិច្ចបំបែក និងទប់ស្កាត់មិនឱ្យមានការតវ៉ាជ្រួលច្របល់នោះ ក្រុមកម្មកររោងចក្រមិថុនាប្រមាណ២ពាន់នាក់ដដែលបានបន្តនៅធ្វើការតវ៉ានៅមុខរោងចក្រវ៉ាយរ៉ូឡែត ដែលជាសាខារបស់រោងចក្រមិថុនា មានទីតាំងស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ដើម្បីបញ្ឈប់ចង្វាក់ផលិតតកម្ម និងអំពាវនាវឱ្យកម្មករវ៉ាយរ៉ូឡែតចូលរួមក្នុងការទាមទារនេះផងដែរ។ ការធ្វើដំណើរទៅកាន់រោងចក្រវ៉ាយរ៉ូឡែត គឺពួកកម្មករធ្វើដំណើរជិះម៉ូតូកង់៣, ម៉ូតូឌុប, ម៉ូតូរ៉ឺម៉ក, កង់ និងខ្លះដើរដោយថ្មើរជើង…ពួកគេមិនអាចដើរផ្តុំគ្នាដង្ហែជាក្បួនទៅកាន់រោងចក្រនោះបានទេ ព្រោះប៉ូលិស-ប៉េអឹមបំបែក។ ក្នុងការតវ៉ានេះកម្មករបានលើករូបថតសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងបដាដែលមានខ្លឹមសារថា សូមឱ្យសម្តេចជួយរកយុត្តិធម៌ជាដើម ។ គួរបញ្ជាក់ថា បាតុកម្មរបស់កម្មកររោងចក្រមិថុនានេះ បានកើតឡើងបន្ទាប់ពីកម្មករមិនទទួលយកការដោះស្រាយរបស់តំណាងរោងចក្រនូវទឹកប្រាក់ចំនួន២០ដុល្លារ សម្រាប់កម្មករម្នាក់ៗជាថ្នូរទៅនឹងការបញ្ឈប់ការងារ និងបញ្ឈប់ការទាមទារប្រាក់ផ្សេងៗទៀតនោះ ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី៥ ឧសភា ២០១១ កម្មករ កម្មការិនីរោងចក្រកាត់ដេរមិថុនាដដែលនេះប្រមាណ១.០០០នាក់ក្នុងចំណោមជាង៤.០០០នាក់ ដែលខ្លះជិះរឺុម៉កកង់បី និងខ្លះជិះម៉ូតូឌុប បាននាំគ្នាធ្វើដំណើរទៅកាន់រោងចក្រកាត់ដេរប៊ឺរីអឹភែរឹល មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវអូដឹម-កប់ស្រូវ ភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌដង្កោ ដើម្បីទាមទារឱ្យថៅកែដោះស្រាយប្រាក់អតីតភាពការងារដល់ពួកគេ។ រោងចក្រនេះគឺជាសាខារបស់រោងចក្រមិថុនាដែលត្រូវអន្តរាយខ្ទេចខ្ទីដោយអគ្គីភ័យកន្លងមក។ ក្រុមកម្មករបានឱ្យដឹងថា ពួកគេធ្វើការទាមទារនេះមានរយៈពេល១ខែហើយដើម្បីឱ្យថៅកែដោះស្រាយប្រាក់អតីតភាពការងារ និងប្រាក់បំណាច់ឆ្នាំ ឱ្យពួកគេទៅតាមច្បាប់ការងារក្រោយពេលរោងចក្រនោះត្រូវអគ្គីភ័យឆាបឆេះកាលពីជាង១ខែមុននោះ។ ដោយសារពុំមានដំណោះស្រាយពីថៅកែរោងចក្រទើបពួកគេធ្វើការតវ៉ាចាប់តាំងពីថ្ងៃទី៦ ខែមេសា រហូតមក ដល់ពេលនេះ៕
ចែករំលែកព័តមាននេះ