រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០១១ លោកកែប ជុតិមា អភិបាលរាជធានី បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានព្រែកហា លើកំណាត់ផ្លូវពីចំការដូងទៅព្រៃ.ស ឆ្លងកាត់ព្រែកហា ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ពីស្ពាននេះបានស្ថាបនារួច ។
លោកគិត សុផា អភិបាលខណ្ឌដង្កោ បានឱ្យដឹងថា នៅទសវត្សឆ្នាំ៦០ ទីនេះ (ព្រែកហា) ពុំមានស្ពាននៅឡើយទេ គឺមានតែស្ពាននៅជិតវត្តឫស្សីសាញ់ប៉ុណ្ណោះដោយដាក់លូ៣កង់ មានមុខកាត់១,២០ម៉ែត្រ សម្រាប់រំដោះទឹកចេញពីតំបន់នោះ នៅពេលមានភ្លៀងធ្លាក់ម្តងៗ បណ្តាលឱ្យជន់លិចភាគខាងត្បូងផ្លូវ ដោយសារទឹកហូរពុំទាន់ ។ លុះដល់ឆ្នាំ១៩៧០-១៩៧៥ ត្រូវបានសាងសង់ស្ពានព្រែកហានេះធ្វើអំពីដែក ហើយក្រោយឆ្នាំ១៩៧៩ ស្ពានដែកត្រូវបានបាក់ស្រុតទ្រុឌទ្រោម អាជ្ញាធរសង្កាត់ដង្កោ និងសង្កាត់ព្រៃ.ស រួមជាមួយគណៈកម្មការអាចារ្យវត្តឫស្សីសាញ់បានសហការគ្នាធ្វើបុណ្យផ្កាយកថវិកាសង់ស្ពានជាប្រភេទស្ពានបេតុង ដោយពុំមានបច្ចេកទេសត្រឹមត្រូវស្ពាននោះក៏បានបាក់ស្រុតនៅក្នុងឆ្នាំ២០០០ ។ ក្រោយមកត្រូវបានមូលនិធិសង្គមជួយសាងសង់ស្ពាននេះឡើងវិញ ជាស្ពានបេតុងមានប្រវែងខ្លី អាចទ្រទម្ងន់ប្រមាណ៥តោន និងតូចចង្អៀត ។
លោកគិត សុផា បានបន្តថា អនុវត្តតាមអនុសាសន៍ដ៏ខ្ពស់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន តាមរយៈលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ ស្ពានព្រែកហា បានស្ថាបនាជាថ្មីធ្វើអំពីបេតុងមានបណ្តោយ៣៩ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ មានលក្ខណៈធំទូលាយដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ ស្ពានព្រែកហាថ្មីនេះស្ថាបនាដោយនាយកដ្ឋានកងវិស្វកម្មក្រសួងការពារជាតិ ប្រើរយៈពេល១២ខែ ចាប់ផ្តើមពីខែមេសា ឆ្នាំ២០១០ បញ្ចប់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះដែលត្រូវចំណាយថវិកាអស់ជិត១លានដុល្លារសហរដ្ឋអាមេរិក ។
នៅក្នុងឱកាសនោះ លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុន សែន ដែលបានអនុញ្ញាតឱ្យមានការស្ថាបនាស្ពានព្រែកហានេះដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសទៅទៀតនោះជាការលើកមុខទឹក ដើម្បីរំដោះទឹកបញ្ចៀសការលិចលង់ដល់លំនៅឋានប្រជាពលរដ្ឋក្នុងតំបន់ខណ្ឌដង្កោផងដែរ។ លោកបានថ្លែងនូវការកោតសរសើរផងដែរដល់កងវិស្វកម្មដែលមានស្នាដៃក្នុងការស្ថាបនាស្ពាន និងជាដៃគូដ៏ល្អជាមួយសាលារាជធានីភ្នំពេញ ។
លោកកែប ជុតិមា បានបញ្ជាក់នៅចំពោះមុខប្រជាពលរដ្ឋដែលចូលរួមនាឱកាសនោះថា រាជរដ្ឋាភិបាលត្រៀមស្ថាបនាស្ពានពីរកន្លែងទៀត គឺស្ពានព្រែកថ្លឹង និងស្ពានភូមិរលួស ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ