រាជធានីភ្នំពេញ ៖ ប្រមុខការទូតកម្ពុជា កាលពីម្សិលមិញមានប្រសាសន៍ឱ្យដឹងថា ភាគីថៃបានយល់ព្រមទទួលយកលក្ខខណ្ឌប្រតិបត្តិសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីដែលមុននេះ ត្រូវបានអូសបន្លាយដោយសារតែភាគីថៃ មិនទទួលយកលក្ខខណ្ឌប្រតិបត្តិនេះដែលលើកឡើងដោយឥណ្ឌូណេស៊ី។
លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់អ្នកកាសែតកាលពីព្រឹកថ្ងៃទី៥ ខែឧសភា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពេលចេញដំណើរទៅចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានថា តាមព័ត៌មានដែលលោកទទួលបានក្រៅផ្លូវការ គឺគណៈរដ្ឋមន្ត្រីថៃបានសម្រេចទទួលយកលក្ខខណ្ឌប្រតិបត្តិចុងក្រោយដែលលើកឡើងដោយឥណ្ឌូណេស៊ីសម្រាប់ក្រុមអ្នកសង្កេតការណ៍នោះហើយៗលោករំពឹងថា ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនឹងមកដល់តំបន់មានជម្លោះក្នុងពេលឆាប់ៗនេះ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា វត្តមាននៃក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់មានជម្លោះតាមព្រំដែននោះ នឹងធ្វើឱ្យសភាពការណ៍ធូរស្រាល និងមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ស្របតាមអ្វីជាការសម្រេចរបស់អាស៊ាន ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកបញ្ជាក់ថា ក្រោយពីការដាក់ក្រុមអ្នកសង្កេតការណ៍រួចហើយ គណៈកម្មការព្រំដែននឹងអាចដំណើរការ ឬជួបគ្នាដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។ លោកបន្ថែមថា ប្រសិនបើក្នុងកិច្ចប្រជុំកំពូលអាស៊ាន ថៃយល់ព្រមចុះហត្ថលេខាទទួលយកក្រុមអ្នកសង្កេតការណ៍មកត្រួតពិនិត្យមើល និងតាមដានពីបទឈប់បាញ់គ្នា កម្ពុជាក៏នឹងស្នើសុំឱ្យអ្នកសង្កេតការណ៍ទាំងនោះមកកាន់តំបន់មានទំនាស់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ពាក់ព័ន្ធនឹងកំណត់ហេតុទាំង៣ ក្នុងសំណុំរឿងព្រំដែនដែលភាគីទាំង២បានចុះហត្ថលេខាតាំងពីឆ្នាំ២០០៨ លោកហោ ណាំហុង មានប្រសាសន៍ថា លោកទើបតែទទួលបាននូវកំណត់ទូតមួយពីភាគីថៃដែលនិយាយទាក់ទិននឹងការងារផ្ទៃក្នុងរបស់ខ្លួន នោះគឺភាគីថៃបានបញ្ជាក់ថា កំណត់ហេតុមិនចាំបាច់ឆ្លងកាត់ការអនុម័តពីរដ្ឋសភាថៃឡើយ។
លោកហោ ណាំហុង បានបញ្ជាក់ថា ចំពោះកម្ពុជាតំបន់ឈរជើងរបស់ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី មាន៣ទីតាំង គឺចាក់ច្រែង តាសឹម និង៥មករា។ ដោយឡែកភាគីថៃបានដកចំណុចមួយចេញដែលមុននេះចំណុចនោះស្ថិតក្នុងទឹកដីកម្ពុជា គឺតំបន់ស្វាយជ្រំ។
ចំពោះកិច្ចប្រជុំកំពូលអាស៊ាននាថ្ងៃទី៧ និងទី៨ ខែឧសភា លោកហោ ណាំហុង មានប្រសាសន៍ថា នឹងមានរបៀបវារៈមួយដែលនិយាយអំពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនោះលោកនឹងជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី រួចហើយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃ។ បន្ទាប់មករដ្ឋមន្ត្រីការបរទេសទាំង៣ នឹងជួបគ្នាហើយក្នុងជំនួបនោះលោកនឹងលើកឡើងអំពីព្រឹត្តិការណ៍នានាចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ ដែលជាព្រឹត្តិការណ៍នៃការផ្ទុះអាវុធនៅព្រំដែនដែលបង្កឡើងដោយ ភាគីថៃ។
ដោយឡែកអំពីការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅតុលាការអន្តរជាតិទីក្រុងឡាអេ ឱ្យមានការបកស្រាយឡើងវិញសាលក្រមឆ្នាំ១៩៦២ ស្តីពីប្រាសាទព្រះវិហារនោះ លោកហោ ណាំហុង បានប្រាប់អ្នកកាសែតថា នាថ្ងៃទី៣០ ទី៣១ ខែឧសភា នេះនឹងមានការប្រជុំរបស់តុលាការអន្តរជាតិទីក្រុងឡាអេ ដែលក្នុងនោះតុលាការអន្តរជាតិនឹងសម្រេចថា តើត្រូវយកវិធានការចាំបាច់បន្ទាន់យ៉ាងណាខ្លះ ដើម្បីធានាការឈប់បាញ់ និងធានាសន្តិសុខនៅតាមព្រំដែន ដើម្បីតុលាការមានលទ្ធភាពបកស្រាយសាលក្រមឆ្នាំ១៩៦២ តាមសំណើរបស់ភាគីកម្ពុជា។
ផ្ទុយពីការអះអាងរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង គេហទំព័រ MCOT របស់ថៃ ជាភាសាអង់គ្លេស នៅថ្ងៃទី៥ ឧសភា ផ្សាយឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា បានថ្លែងអះអាងបញ្ជាក់សាជាថ្មីម្តងទៀតថា រដ្ឋាភិបាលរបស់លោកនឹងមិនផ្តល់សច្ចាប័នលើឯកសារសម្រាប់វត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនៅតំបន់មានជម្លោះព្រំដែនរវាងប្រទេសថៃ និងប្រទេសកម្ពុជាឡើយ ប្រសិនបើកម្ពុជានៅមិនទាន់ដកកងទ័ពពីតំបន់នោះនៅឡើយ ។ លោកអាប់ភីស៊ីត បានបង្ហាញពីគោលជំហរបស់លោកជាថ្មីទាក់ទិនទៅនឹងបញ្ហាវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី នៅពេលដែលប្រទេសឥណ្ឌូណេស៊ីបច្ចុប្បន្នមានតួនាទីជាប្រធានអាស៊ានស្នើបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនទៅកាន់តំបន់ព្រំដែនមានជម្លោះរវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្រោយពីមានការប៉ះទង្គិចគ្នាដោយអាវុធម្តងហើយម្តងទៀត រវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ព្រំដែន។
គេហទំព័រ MCOT បានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា មានឯកសារជាលាយលក្ខណ៍អក្សរស្តីអំពីការកំណត់កន្លែងឈរជើងសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ហើយក្រសួងការបរទេសបានពិភាក្សាជាមួយប្រទេសឥណ្ឌូណេស៊ីថា អ្នកសង្កេតការណ៍នឹងត្រូវអនុញ្ញាតឱ្យទៅកាន់តំបន់មានជម្លោះក្នុងលក្ខខណ្ឌដែលកម្ពុជាយល់ព្រមដកកងទ័ព និងពលរដ្ឋរបស់ខ្លួនចេញពីតំបន់មានផ្ទៃដីទំហំ៤,៦គីឡូម៉ែត្រក្រឡានេះជាមុនសិន ។ លោកអាប់ភីស៊ីត ថ្លែងថា វត្តមានពលរដ្ឋកម្ពុជានៅតំបន់មានជម្លោះនោះគឺរំលោភបំពានលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលចុះហត្ថលេខាដោយប្រទេសទាំងពីរកម្ពុជា-ថៃកាលពីឆ្នាំ២០០០។ ផ្ទុយពីសម្តីទាំងបិទភ្នែករបស់លោកអាប់ភីស៊ីត មន្ត្រីកម្ពុជាបាននិយាយថា MOU នោះកើតក្រោយទេ ហើយកម្ពុជារស់នៅតំបន់នោះ ក៏ព្រោះតែជាទឹកដីកម្ពុជាដែរ ។
នាយករដ្ឋមន្ត្រីសៀមរូបនេះថ្លែងថា «ខ្ញុំនឹងមិនផ្តល់ការអនុម័តលើឯកសារដែលអនុញ្ញាតឱ្យមានវត្តមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីឡើយប្រសិនបើកម្ពុជានៅមិនទាន់ឆ្លើយតបចំពោះសំណើរបស់ថៃនោះ»។
ខណៈពេលដែលកម្ពុជាកំពុងស្វះស្វែងរកការបកស្រាយសាលដីកាពីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចំពោះការសម្រេចរបស់ខ្លួននៅឆ្នាំ១៩៦២ ស្តីអំពីបញ្ហាប្រាសាទព្រះវិហារនោះលោកអាប់ភីស៊ីត ថ្លែងថា ថៃនឹងផ្តល់ការពិតដល់ពិភពលោកទាក់ទិននឹងការប៉ះទង្គិចគ្នាដោយអាវុធជាបន្តបន្ទាប់រវាងកងទ័ពប្រទេសទាំងពីរនៅតំបន់ព្រំដែន។ មន្ត្រីកម្ពុជាថ្លែងថា គេមិនដឹងថា ថៃនឹងលេងឆាកល្ខោនអ្វីទៀតដល់ពិភពលោកនោះទេ ព្រោះពេលមានការប៉ះទង្គិចគ្នាម្តងៗ គឺទាហានរបស់ខ្លួននោះឯងជាអ្នកបង្កមុន។
ជាមួយគ្នានេះ ទាក់ទិនទៅនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលគ្រោងរៀបចំឡើងនៅក្នុងទីក្រុងហ្សាការតា រដ្ឋធានីសាធារណរដ្ឋឥណ្ឌូណេស៊ីចាប់ពីថ្ងៃទី៧ ដល់ទី៨ ឧសភា ខាងមុខនេះ លោកអាប់ភីស៊ីត ថ្លែងអះអាងបញ្ជាក់សាជាថ្មីទៀតថា រូបលោកពុំមានផែនការជួបពិភាក្សាទល់មុខគ្នាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោហ៊ុន សែន ទេ ។ លោកអាប់ភីស៊ីត ថ្លែងថា «ខ្ញុំបានជួបពិភាក្សាជាមួយសម្តេចហ៊ុន សែន ៣-៤លើករួចមកហើយ ប៉ុន្តែនៅតែមានការប៉ះទង្គិចគ្នាដដែល» ។
ដោយឡែកគេហទំព័រ MCOT កាលពីថ្ងៃទី៤ ឧសភា កន្លងមក បានដកស្រង់សម្តីលោកអាប់ភីស៊ីត ដែលថ្លែងថា រដ្ឋាភិបាលរបស់លោកមានការជឿជាក់ថា ថៃនឹងការពារប្រកបដោយជោគជ័យនូវផលប្រយោជន៍ជាតិរបស់ខ្លួននៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ (ICJ) ក្នុងប្រទេសហូឡង់ នៅពេលតុលាការពិភពលោកមួយនេះបើកសវនាការស្តីអំពីបញ្ហាព្រះវិហារ។
លោកអាប់ភីស៊ីត ថ្លែងថា រដ្ឋាភិបាលរបស់លោកបានត្រៀមរួចជាស្រេចនូវទឡ្ហីករណ៍ ហើយក្រសួងការបរទេសកំពុងចងក្រងឯកសារនិងប្រមូលព័ត៌មាន និងកំពុងសិក្សាពីញត្តិដែលកម្ពុជាដាក់ជូនទៅតុលាការក្រុងឡាអេ ។
នៅថ្ងៃនេះយោងតាមការអញ្ជើញរបស់លោកបណ្ឌិត ហ ស៊ូស៊ូឡូ បាំបាង យូដូយ៉ូណូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ ដែលនឹងប្រពឹត្តទៅពីថ្ងៃទី៧ ដល់ទី៨ ខែឧសភា ឆ្នាំ២០១១ នៅទីក្រុងហ្សាការតា ។
គណៈប្រតិភូអមដំណើរក្រៅពីលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដែលអញ្ជើញទៅមុន១ថ្ងៃនេះ មានលោកទេសរដ្ឋមន្ត្រីចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ។ កិច្ចប្រជុំខាងលើនេះ នឹងពិភាក្សាបញ្ហាមួយចំនួនរួមមានការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទីបង្ហាញផ្លូវសម្រាប់បង្កើតសហគមន៍អាស៊ាន ការអនុវត្តផែនការមេស្តីពីការភ្ជាប់អាស៊ាន ទំនាក់ទំនងជាមួយអន្តរជាតិ សហគមន៍អាស៊ាននៅក្នុងសហគមន៍នៃប្រជាជាតិពិភពលោក និងការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសសភាពការណ៍នៅតាមព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ ។
នៅចុងបញ្ចប់នៃកិច្ចប្រជុំនេះ លោកបណ្ឌិតហ ស៊ូស៊ីឡូ បាំបាង យូដូយ៉ូណូ ដែលជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ានលើកទី១៨ នឹងធ្វើសន្និសីទកាសែត ហើយរដ្ឋមន្ត្រីការបរទេសអាស៊ាននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ ពាក់ព័ន្ធនឹងការគ្រប់គ្រងគ្រោះមហន្តរាយ ។ ក្រៅពីកិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីនៃសាធារណរដ្ឋហ្វ៊ីលីពីន៕
ចែករំលែកព័តមាននេះ