រាជធានីភ្នំពេញ ៖ លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ប្រទេសកម្ពុជាមិនទាន់មានការស្រាវជ្រាវលើបញ្ហាជំងឺមហារីកមាត់ស្បូននៅឡើយទេ ប៉ុន្តែមានការចាក់វ៉ាក់សាំងការពារជំងឺនេះទៅលើស្ត្រីចំនួនពីរពាន់នាក់រួចមកហើយនិងលើកទី២ចំនួនប្រាំបីពាន់នាក់ដោយមិនទាន់បានបញ្ចប់នៅឡើយទេ និងមានដំណាក់កាលលើកទី៣ទៀត។ ជាទម្លាប់របស់ប្រជាជនកម្ពុជា ស្ត្រីមានការអៀនខ្មាសច្រើនមិនងាយចូលខ្លួនទៅពិនិត្យស្បូនដោយងាយៗទេ។
លោកជំទាវប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍បែបនេះជម្រាបជូនលោកសាស្ត្រាចារ្យអៀន ហ្វ្រេហ្ស័រ នាយកមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក និងភាពស៊ាំនៃសាកលវិទ្យាល័យឃ្វីនឡេន ប្រទេសអូស្ត្រាលី ដែលបានចូលជួបពិភាក្សា និងសម្តែងការគួរសមជាមួយលោកជំទាវកាលពីថ្ងៃទី៥ ឧសភា នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ លោកអៀន ហ្វ្រេហ្ស័របានជម្រាបជូនលោកជំទាវថា ជំងឺមហារីកមាត់ស្បូនគ្មានអ្នកណាអាចដឹងមុនទេ លុះត្រាតែអ្នកជំងឺមានអាការធ្ងន់ធ្ងរ ទើបគេដឹង។ នៅប្រទេសអូស្ត្រាលីក៏មានយន្តការទប់ស្កាត់ជំងឺនេះខ្លាំងក្លាដែរ ហើយនៅប្រទេសកម្ពុជាគួរតែមានការពិភាក្សា និងអប់រំឱ្យបានខ្លាំងក្លាចំពោះស្ត្រីដែលមិនទាន់រៀបការ និងស្ត្រីដែលទើបសម្រាលកូនហើយ។ បញ្ហាអៀនខ្មាសមិនមែនតែកម្ពុជាទេ គឺមានប្រទេសជាច្រើនទៀត តែបញ្ហានេះគេអាចបញ្ចៀសបានតាមរយៈការអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹង។
លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានស្នើសុំទៅលោកសាស្ត្រាចារ្យ និងលោកជំទាវផេនីរីឆាដស៍ ឯកអគ្គរាជទូតអូស្ត្រាលី សូមឱ្យមានការស្រាវជ្រាវជំងឺមហារីកមាត់ស្បូននៅក្នុងប្រទេសកម្ពុជា និងសូមឱ្យមានវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន រួមទាំងការបណ្តុះបណ្តាលដល់អ្នកឯកទេសនៅកម្ពុជាផងដែរ។ លោកសាស្ត្រាចារ្យបានថ្លែងថាគេអាចធ្វើតេស្តរកជំងឺមហារីកមាត់ស្បូនបានដែលមានតម្លៃថោកជាងមួយដុល្លារអាមេរិក ហើយមិនត្រូវការឧបករណ៍ពិសេសអ្វីឡើយ និងអាចដឹងលទ្ធផលក្នុងរយៈពេល២៤ម៉ោងថា តើស្ត្រីនោះកើតជំងឺមហារីកមាត់ស្បូនឬអត់។
បន្ទាប់ពីបានជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យអៀន ហ្វ្រេហ្ស័រ លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានបន្តជួបលោកស្រីលីណា កាម៉ារេណេន តំណាងសហព័ន្ធកាកបាទក្រហមអន្តរជាតិប្រចាំនៅកម្ពុជា និងប្រទេសឡាវនៅក្នុងកិច្ចពិភាក្សានោះ លោកស្រីលីណា កាម៉ារេណេនបានកោតសរសើរចំពោះភាពរីកចម្រើនយ៉ាងខ្លាំងរបស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន ហើយលោកស្រីនឹងយកភាពរីកចម្រើនរបស់កាកបាទក្រហមកម្ពុជាធ្វើជាគំរូដើម្បីផ្សព្វផ្សាយដល់កាកបាទក្រហមនៅតាមបណ្តាប្រទេសដទៃទៀត។
លោកជំទាវប៊ុន រ៉ានី ហ៊ុន សែន បានជម្រាបជូនភ្ញៀវថា កាកបាទក្រហមកម្ពុជាបច្ចុប្បន្នមានបណ្តាញទាំងថ្នាក់កណ្តាលរហូតដល់សហគមន៍ និងបានទទួលជោគជ័យក្នុងការស្វែងរកមូលនិធិដែលកាលពីឆ្នាំ២០១០ទទួលបានថវិកា៧,៥លានដុល្លារ និងឆ្នាំ២០១១ ទទួលបានថវិកា ៩លាន៥ម៉ឺនដុល្លារ។ បច្ចុប្បន្ន កាកបាទក្រហមកម្ពុជាបាននិងកំពុងជួយដល់ជនភៀសសឹកនៅក្នុងប្រទេសដែលរងគ្រោះដោយសារទ័ពសៀមបាញ់ចូលទឹកដីកម្ពុជា ដោយបានចំណាយថវិកាអស់៣៣ម៉ឺនដុល្លាររួចហើយដើម្បីផ្តល់ស្បៀងអាហារដល់ពួកគេ និងជួយសាងសង់ជួសជុលផ្ទះប្រជាជនដែលខូចខាតដោយសារគ្រាប់ផ្លោងទៀត ដែលសរុបទាំងការជួយលើបញ្ហាស្បៀងផងនោះមានតម្លៃប្រហែល៥សែនដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ