រាជធានីភ្នំពេញ ៖ ដូចជាការរំពឹងទុកមែន សម្រាប់ក្រុមបៀលប្រាយយូណាយធីត នៅក្នុងការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ Metfone Cambodian League 2011 នៅទីលានពហុកីឡដ្ឋានជាតិកាលពីថ្ងៃពុធ ទី៤ ឧសភា កន្លងមកនេះ បានលត់ក្រុមព្រែកប្រាកីឡាយ៉ាងចាស់ដៃក្នុងលទ្ធផល ៨-០ ។
កាលពីប្រកួត៣លើកមុន គឺចាញ់២ ស្មើ១ ហើយលោកមាស សំអឿន គ្រូបង្វឹករបស់ក្រុមបៀលប្រាយបានសម្តែងនូវការមិនសប្បាយចិត្តទាល់តែសោះ ។ លោកបានថ្លែងថា ការបរាជ័យទាំង២លើកកន្លងមកនេះគឺវាកើតចេញពីរឿងស៊យច្រើនជាង តួយ៉ាងដូចជាការប្រកួតជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីសប្តាហ៍មុន ក្រុមរបស់លោកមានឱកាសរកបាន១គ្រាប់នាំមុខមុន ប៉ុន្តែមិនគួរណាបណ្តោយឱ្យគេតាមយកឈ្នះវិញបានដោយងាយបែបនេះសោះ ។ ចំណែកលើកនេះ មិនអាចជួបរឿងដែលមិនល្អដូចមុនទៀតឡើយ ការមកប៉ះក្រុមព្រែកប្រាកីឡាលើកនេះ គេបានបង្ហាញនូវរបៀបលេងយ៉ាងល្អឥតខ្ចោះតែម្តង គឺការលេងបោះបាល់ខ្លីឱ្យគ្នាទៅវិញទៅមកយ៉ាងស៊ីសង្វាក់បំផុត។
លោកមាស សំអឿន បានបន្តទៀតថា កីឡាករអ៊ុំ ចាន់តារា ពាក់អាវលេខ៩ ជាអ្នកដែលអាចរកបានគ្រាប់បាល់ច្រើនជាងគេ គឺរកបាន៣គ្រាប់ម្នាក់ឯង នៅនាទីទី១៥ នាទីទី៣៤ និងនាទីទី៥២ ។ ខ្សែប្រយុទ្ធនុត សីុនួន ពាក់អាវលេខ១០ រកបាន២គ្រាប់នៅនាទីទី២៦ និងនាទីទី៧៩។ ពេជ្រ សីុណា ពាក់អាវលេខ១៧ រកបាន២គ្រាប់នៅនាទីទី៧ និងនាទីទី៤០ ។ រីឯកីឡាករនី ជីណាន់ ពាក់អាវលេខ២៣ ក៏រកបាន១គ្រាប់ ដែរនៅនាទីទី៧៣ ។ លទ្ធផលដ៏ធំធេងនាថ្ងៃនោះធ្វើឱ្យក្រុមបៀលប្រាយយូណាយធីត ងើបផុតពីបាតតារាងយ៉ាងលឿន ដែលពីមុនស្ថិតនៅលេខរៀងទី៨ ក្នុងតារាង ពេលនេះបានឡើងមកនៅលេខរៀងទី៥ ជាបណ្តោះអាសន្ន ។
ក្រុមបៀលប្រាយយូណាយធីតលេងបាន៤ប្រកួត ឈ្នះ១ ស្មើ១ ចាញ់២ មាន៤ពិន្ទុ ។ ចំណែកក្រុមព្រែកប្រាកីឡា លេងបាន៤ប្រកួតដូចគ្នាស្មើ១ ចាញ់៣ ទើបតែមាន១ពិន្ទុតែប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ