ខេត្តកំពត ៖ ក្មេងប្រុសម្នាក់ត្រូវរន្ទះបាញ់ស្លាប់កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៤ ឧសភា ខណៈពេលកំពុងភ្ជួរដីស្រែចម្ងាយពីផ្ទះ១.៥០០ម៉ែត្រ ។ ក្មេងរងគ្រោះឈ្មោះឈូក ដារ៉ូ អាយុ១៤ឆ្នាំ នៅភូមិឈើទាល ឃុំស្តេចគង់ ខាងលិច ស្រុកបន្ទាយមាស ។
ឈ្មោះវ៉ាន់ ឌី ជាសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ពួកគាត់មានគ្នា៤នាក់ កំពុងភ្ជួរស្រែបានឃើញឈូក ដារ៉ូ ដឹកជីមកចាក់ស្រែជាមួួយនឹងជីតារបស់ខ្លួន ស្របពេលដែលមេឃកំពុងបង្អុរភ្លៀងយ៉ាងខ្លាំង ពេលនោះឈ្មោះឈូក ដារ៉ូ បានមកសុំភ្ជួរដី គ្រាន់តែភ្ជួរបាន៣ជុំ ស្រាប់តែមានផ្លេកបន្ទោរលាន់ឮកក្រើកអាកាសពេលនោះរន្ទះក៏បានបាញ់ដារ៉ូ ដួលផ្កាប់មុខស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ មិនអាចជួយសង្គ្រោះទាន់ទេ ហើយសពក្មេងរងគ្រោះត្រូវបានសែងយកមកផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ។
តាមព័ត៌មានពីលោកស្រ៊ុន ឡាំ អធិការនគរបាលស្រុកបន្ទាយមាសបានឱ្យដឹងថា នៅឆ្នាំ២០១១នេះ គិតត្រឹមខែមករា មកដល់ខែឧសភា មានពលរដ្ឋស្លាប់ដោយសាររន្ទះបាញ់តែម្នាក់ ទេ ។ លោកសេង វុទ្ធី អធិការរងស្រុកដងទង់ បានឱ្យដឹងដែរថា នៅឆ្នាំ២០១១នេះ ប្រជាពលរដ្ឋ២នាក់ត្រូវបានរន្ទះបាញ់ស្លាប់នៅឃុំផ្សេងគ្នា ។ ចំណែកមន្ត្រីនគរបាលស្រុកកំពង់ត្រាចវិញបានបញ្ជាក់ថា ក្នុងឆ្នាំ២០១១ នេះមានសត្វពាហនៈគោ-ក្របី៦ក្បាល ត្រូវរន្ទះបាញ់ងាប់ផងដែរ ៕
ចែករំលែកព័តមាននេះ