រាជធានីភ្នំពេញ ៖ តាមរយៈគម្រោងធ្វើស្ពានឆ្លងកាត់ទន្លេមួយចំនួន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសបញ្ចប់មុខរបរអ្នករត់ទូកហើយ នៅពេលស្ពានត្រូវបានសាងសង់រួច ព្រោះការសាងសង់ស្ពាននេះ ដើម្បីប្រជាជនទាំងមូល ដូច្នេះអ្នករត់ទូកដគួររកមុខរបរផ្សេង ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«ខ្ញុំសូមទោសអ្នករត់ទូកដជាមុនខ្ញុំបញ្ចប់មុខរបរអ្នករត់ទូកដហើយ សូមត្រៀមលក្ខណៈសម្បត្តិធ្វើការងារអ្វីផ្សេងទៅ ដោយទៅធ្វើកសិកម្ម ឬក៏ការងារផ្សេងៗទៀត» ។
សម្តេចតេជោ ក៏បានលើកឡើងថា ខាតបង់មុខរបររត់ទូកដតែមួយគ្រួសារ ឬពីរគ្រួសារ តែផលចំណេញបានដល់ប្រជាពលរដ្ឋរាប់ម៉ឺនរាប់សែនគ្រួសាររាប់លានគ្រួសារបានទទួលផលប្រយោជន៍ពីការឆ្លងកាត់ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ ។ សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖«រដ្ឋាភិបាលបានចេញថវិកាចំនួនជាង២៣២លានដុល្លារសម្រាប់ធ្វើស្ពាននេះ ។

សូមឯកអគ្គរាជរដ្ឋទូតចិនកុំគិតថា ឃើញកម្ពុជាធ្វើស្ពានធ្វើផ្លូវច្រើនហើយ កុំផ្តាច់ជំនួយណា អត់ទេ សូមថែមថវិកាថែមមកវិញជាការល្អ» ។ ជាមួយគ្នានោះដែរសម្ដេចតេជោ បានថ្លែងថា គម្រោងសាងសង់នៅទីនេះ គឺចែងចែកជា២ផ្នែក៖ ទី១-ការសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅកាន់ព្រំដែនកម្ពុជា-វៀតណាម បាវិត-ម៉ុកបៃ ប្រវែងសរុប១៣៥គីឡូម៉ែត្រ និងទី២-ការសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោមរវាងស្រុកកៀនស្វាយ និងស្រុកល្វាឯម ប្រវែងសរុប៣,៧០០ម៉ែត្រ (គិតទាំងជើងទេរសងខាង) ។
បើតាមគម្រោងដើមដំបូងបន្ទាប់ពីសាងសង់ផ្លូវល្បឿនលឿន និងស្ពាននេះហើយ គឺតម្រូវឱ្យអ្នកធ្វើដំណើរត្រូវបង់ថ្លៃទាំងស្ពានទាំងផ្លូវ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបន្តថា ដោយសារការគិតគូរពីជីវភាព និងតម្រូវការរបស់ប្រជាពលរដ្ឋដែលចាំបាច់ត្រូវឆ្លងស្ពាននេះរៀងរាល់ថ្ងៃនោះ រាជរដ្ឋាភិបាលក៏បានបញ្ចេញថវិកាជាតិប្រមាណ២៣០,៥៨៨,០០០ដុល្លារអាមេរិកចេញថ្លៃសាងសង់ស្ពាននេះ ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ថ្លៃឆ្លងស្ពាននោះឡើយ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចំណាយថវិកាជាតិសម្រាប់ការក សាងស្ពាននេះ គឺដើម្បីកុំឱ្យប្រជាជនពិបាកក្នុងការចំណាយថ្លៃឆ្លងស្ពាននេះ សម្រួលដល់ជីវភាព និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅស្រុកល្វាឯម និងស្រុកកៀនស្វាយ ។ ទោះបីការកសាងស្ពាននេះជាការបញ្ចប់អាជីវកម្មរត់ទូកដរ តែជាការផ្ដល់ប្រយោជន៍ធំធេងសម្រាប់ប្រជាជនរាប់ពាន់រាប់ម៉ឺនគ្រួសារ ។
សម្ដេចតេជោ បានថ្លែងទៅកាន់លោកឯកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន ថា ប្រសិនបើលោកប្រធានាធិបតី ស៊ី ជិនពីង យល់ថា ការសាងសង់ស្ពាននេះមានសារសំខាន់ចំពោះប្រជាជន និងប្រទេសកម្ពុជាក៏សូមឱ្យភាគីចិនបន្តផ្ដល់ជំនួយមកឱ្យកម្ពុជាបន្ថែមទៀតក៏បានពីព្រោះរាជរដ្ឋាភិបាលកម្ពុជាយកថវិកាជំនួយនោះមកកសាងសមិទ្ធផលជូនប្រជាជន ។

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា បើសិនប្រធានាធិបតីចិនបាននឹកឃើញថា កម្ពុជាមានភាពចាប់ចាំបាច់ក្នុងការសាងសង់ស្ពាននេះ សូមជួយ៥០លានដុល្លារ ឬ១០០លានមកជាការប្រសើរ ៕
ចែករំលែកព័តមាននេះ