រាជធានីភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ដើម្បីបង្កើនជំនឿទុកចិត្តគ្នា កាលពីថ្ងៃទី៣ ឧសភា កងទ័ពកម្ពុជាការពារព្រំដែន (តំបន់ប្រាសាទតាមាន់ តាក្របី) បានរករូបមន្តមួយជាមួយមេទ័ពខាងថៃ និងបានឯកភាពស្រុះស្រួលដេកជាមួយគ្នាក្នុងចំណុចមួយ៣នាក់ម្ខាង មួយចំនួនទៀត២នាក់ម្ខាង ។ រហូតមកដល់ពេលនេះសភាពការណ៍ស្ងប់ស្ងាត់ល្អ មិនមានការផ្ទុះអាវុធទៀតទេ… ។ ប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនេះបានធ្វើឡើងស្របពេលគ្នាដែលមេទ័ពថ្នាក់ភូមិភាគកម្ពុជា-ថៃ បានជួបចរចាគ្នាមួយឈុតទៀតនៅអូរស្មាច់រយៈពេលកន្លះម៉ោង និងបានសម្រេចឯកភាពគ្នាចំនួន៦ចំណុច ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ពីសភាពការណ៍យោធានេះនាព្រឹកថ្ងៃទី៤ ឧសភា ក្នុងឱកាសដែលសម្តេច និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រា៉នី ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តទួលសុវណ្ណារាម ពុទ្ធាភិសេក សម្ពោធឆ្លងសមិទ្ធផលនានា និងបុណ្យចម្រើនព្រះជន្មវស្សាប្រគេនព្រះមុនីកោសល ហ៊ុល សុវណ្ណ ជាសមាជិកថេរសភាសង្ឃ ព្រះអនុគណខណ្ឌឫស្សីកែវ និងជាព្រះចៅអធិការវត្តទួលសុវណ្ណារាម ហៅ វត្តទួលសង្កែ គម្រប់ព្រះជន្ម៨៧ឈានចូល៨៨ព្រះវស្សា ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ សម្តេចតេជោមានប្រសាសន៍ថា ដោយមិនទុកចិត្តនឹងសភាពការណ៍ កាលពីយប់ថ្ងៃទី៣ ឧសភា សម្តេចបានទូរស័ព្ទទៅមេបញ្ជាការកងពលលេខ៤២ និងលោកឧត្តមសេនីយ៍ ឈិន ចាន់ពណ៌ ទាំងយប់ និងត្រូវបានប្រាប់ថា សភាពការណ៍អត់មានអ្វីប្លែកគួរឱ្យកត់សម្គាល់ទេ គឺមានសភាពស្ងប់ស្ងាត់។ សម្តេចបន្តថា នៅព្រឹកថ្ងៃទី៤ ឧសភា សម្តេចបានទូរស័ព្ទទៅមេបញ្ជាការតាមព្រំដែនកម្ពុជា-ថៃទៀត សភាពការណ៍ក៏អត់មានប្រែប្រួលឡើយ គឺនៅស្ងប់ស្ងាត់ដដែល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា បើកសាងជំនឿទុកចិត្តគ្នាបានហើយ គឺគ្មានការបាញ់គ្នាទៀតទេ ឥឡូវចាប់ផ្តើមកសាងនូវជំនឿទុកចិត្តនៃកងកងទាហាននៅជួរមុខតែម្តង យើងគ្មានចង់បានសង្គ្រាមទេ ព្រោះសង្គ្រាមនាំមកនូវវិនាសកម្ម មិនថាជីវិតទាហានទេ គឺជីវិតប្រជាពលរដ្ឋជាស៊ីវិលទៀតផង ។ ក្រោយពីបានដឹងថា កងទ័ពភាគីទាំងពីរប្រចាំការពារព្រំដែនបានឯកភាពត្រូវរ៉ូវគ្នាហើយ ប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ ដែលបានជម្លៀសរកទីសុវត្ថិភាពកាលពីពេលទាហានថៃបាញ់ផ្លោងឈ្លានពានចូលទឹកដីកម្ពុជាក៏បានត្រឡប់វិលទៅស្រុកភូមិវិញហើយ។
ពាក់ព័ន្ធនឹងបញ្ហាជនភៀសសឹក និងអ្នករងគ្រោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសូមឱ្យលោកជំទាវប្រធានកាកបាទក្រហមខេត្តអនុវត្តតាមការសន្យាគឺទៅជួយកសាងផ្ទះឡើងវិញ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះឆេះផ្ទះ ដោយទាហានថៃបានបាញ់ផ្លោងចំ និងជួសជុលផ្ទះដែលខូចខាត ។ ក្នុងឱកាសនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរចំពោះរូបមន្តដែលកងទ័ពភាគីកម្ពុជា និងភាគីថៃនៅជួរមុខបង្កើតបរិយាកាសជឿទុកចិត្ត ដើម្បីឱ្យមានការឈប់បាញ់ជាស្ថាពរ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ បានអបអរសាទរចំពោះប្រជាពលរដ្ឋដែលបានវិលត្រឡប់ទៅស្រុកវិញ ព្រោះបច្ចុប្បន្នរដូវបង្កបង្កើនផលបានមកដល់ហើយ ភ្លៀងចាប់ធ្លាក់ជាបណ្តើរៗហើយ ប្រជាពលរដ្ឋត្រូវចាប់ផ្តើមធ្វើស្រែចម្ការ ។
យោងតាមសេចក្តីប្រកាសព័ត៌មានបន្ថែមរបស់អ្នកនាំពាក្យក្រសួងការពារជាតិវេលាម៉ោង១០ព្រឹក ថ្ងៃទី៤ ឧសភា បានឱ្យដឹងថា នៅវេលាម៉ោង៩និង៣០នាទី រហូតដល់ម៉ោង១០ព្រឹក ថ្ងៃទី៤ ឧសភា ឆ្នាំ២០១១ នៅអូរស្មាច់ មានការជួបពិភាក្សាគ្នារវាងលោកឧត្តមសេនីយ៍ទោ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី ៤ កម្ពុជា ជាមួយលោកឧត្តមសេនីយ៍ទោ សុវត្ថិឆ័យ សាមុតសាខន មេបញ្ជាការភូមិភាគទី២ ថៃ ។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគីទាំងពីរបានឯកភាពគ្នាលើ៦ចំណុច ដូចខាងក្រោម ៖
១-ធ្វើឱ្យមានប្រក្រតីភាពដូចមុនថ្ងៃទី២២ មេសា ឆ្នាំ២០១១ នៅប្រាសាទតាមាន់ និងប្រាសាទតាក្របី ។
២-ធ្វើឱ្យសភាពការណ៍នៅថ្មដូន និងជប់គគីរមានទំនាក់ទំនងល្អប្រសើរដូចមុន ។
៣-ឱ្យប្រជាពលរដ្ឋវិលត្រឡប់មកភូមិឋាន ដើម្បីប្រកបរបររកស៊ីដូចធម្មតាឡើងវិញ ។
៤-បើកច្រកអូរស្មាច់ និងច្រកអន្លង់វែងឡើងវិញចាប់ពីម៉ោង១០ព្រឹកនេះតទៅ ។
៥-ត្រូវមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ។
៦-មិនត្រូវផ្សព្វផ្សាយព័ត៌មានបំផ្លើសធ្វើឱ្យពុលបរិយាកាស ៕
ចែករំលែកព័តមាននេះ