ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​វៀតណាម​គេង​ស្លា.ប់​នៅ​ក្នុង​ឡាន​, សមត្ថកិច្ច​សង្ស័យ​ខ្វះ​អុកស៊ីហ្សែន

2 ឆ្នាំ មុន

នារី​ជនជាតិ​វៀតណាម​ម្នាក់​រស់​នៅ​ក្នុង​ទី​ក្រុង​ហាយហ្វុង (Hai Phong) ប្រទេស​វៀតណាម​ខាង​ជើង​ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ក្នុង​ឡាន​កាំម្រី​ស៊េរី​ចាស់​១​គ្រឿង​​។ ក្រៅ​ពី​នេះ​, ​ប្អូន​ប្រុស​​ជន​រង​គ្រោះ​ រួម​ជា​មួយ​​លោក​ប៉ា​​ ក៏​​​មាន​បញ្ហា​​សុខ​ភាព​​​ផង​ដែរ​។ អ្នក​ទាំង​៣​​ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។…

នារី​ជនជាតិ​វៀតណាម​ម្នាក់​រស់​នៅ​ក្នុង​ទី​ក្រុង​ហាយហ្វុង (Hai Phong) ប្រទេស​វៀតណាម​ខាង​ជើង​ បាន​ដាច់​ខ្យល់​ស្លាប់​នៅ​ក្នុង​ឡាន​កាំម្រី​ស៊េរី​ចាស់​១​គ្រឿង​​។ ក្រៅ​ពី​នេះ​, ​ប្អូន​ប្រុស​​ជន​រង​គ្រោះ​ រួម​ជា​មួយ​​លោក​ប៉ា​​ ក៏​​​មាន​បញ្ហា​​សុខ​ភាព​​​ផង​ដែរ​។

អ្នក​ទាំង​៣​​ត្រូវ​​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ពេទ្យ​។ សាក្សី​និយាយ​ថា​អ្នក​ទាំង​បី​បាន​ទៅ​គេង​នៅ​ក្នុង​ឡាន​កាំម្រី​ខាង​លើ​នេះ​បន្ទាប់ពី​ផ្ទះ​​របស់​ពួក​គេ​​ដាច់​ភ្លើង​​​កាល​​ពី​យប់​ថ្ងៃ​ព្រសហ្បតិ៍​​។ ដូច្នេះ អាកាស​ធាតុ​នៅ​ក្នុង​ផ្ទះ​​ពោរ​ពេញ​ដោយ​សភាព​ក្ដៅ​​ហួត​ហែង​​​ខ្លាំង​ពេក​​។ ​គេង​នៅ​ក្នុង​ឡាន​ក៏​មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ។​​ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ពួកគេ​រំពឹង​ថា​វា​មាន​​​​​ម៉ាស៊ីន​ត្រជាក់​។​

ប្រភព​ខ្លះ​អះអាង​ថា​​នៅ​ពេល​ផ្ទះ​​ដាច់​ភ្លើង​​បែប​នេះ​, ស្ត្រី​រង​គ្រោះ​ឈ្មោះ​ផាំមីងហាង​ (Pham Minh Hang) វ័យ​ម្ភៃ​ឆ្នាំ​ រួម​ជា​មួយ​លោក​ប៉ាអាយុ​៤៩​ឆ្នាំ និង​ប្អូន​ប្រុស​អាយុ​១៥​ឆ្នាំ​ ក៏​សម្រេច​ចិត្ត​ថា​ទៅ​គេង​នៅ​ក្នុង​ឡាន​ដែល​ចត​ទុក​ចោល​នៅ​ក្នុង​ការ៉ាស់​។ នៅ​ម៉ោង​ប្រហែល​៣:១៥​ជិត​ភ្លឺ, ​​​ម្ដាយ​របស់​នារី​រង​គ្រោះ (ដែល​​​​គេង​នៅ​ក្នុង​ផ្ទះ)​ ​​​ដើរ​ទៅ​ពិនិត្យ​មើល​កូន​ៗ និ​ងស្វាមី​​របស់​ខ្លួន​​​។

​​ពេល​ទៅ​ដល់​ឃើញ​​ពួក​គេ​​សន្លប់​​បាត់​មាត់​ បាត់​ក ​ទាំង​៣​នាក់​។ ដោយ​សារ​មើល​ឃើញ​ស្ថាន​ភាព​បែប​នេះ​, គាត់​ក៏​​ប្រកូក​ប្រកាស​ប្រាប់​គេ​ឯង​ដើម្បី​​ជួយ​ដឹក​​អ្នក​ទាំង​បី​ទៅ​​​​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ គ្រូ​ពេទ្យ​ប្រាប់​​ថានាង​ផាំមីងហាង​ វ័យ​ម្ភៃ​ឆ្នាំ​នោះ​ បាន​ដាច់​ខ្យល់​​ស្លាប់​ហើយ​។ ​សំណាង​ល្អ, បុរស​ជា​ឪ​ពុក និង​ប្អូន​ប្រុស​​​អាច​ដឹង​ខ្លួន​ពី​សន្លប់​​ ​បន្ទាប់​ពី​គ្រូ​ពេទ្យ​​ជួយ​សង្គ្រោះ​បឋម​។

សូម​ជម្រាប​ថា​ឡាន​ដែល​​អ្នក​​ទាំង​៣​បាន​ចូល​ទៅ​ដេក​​នោះ​ជា​ប្រភេទ​ឡាន​កាំម្រី​ស៊េរី​ចាស់​ដែល​ចេញ​តាំង​ពី​ជំនាន់​ជាង​៣០​ឆ្នាំ​មុន​។ ​​សមត្ថកិច្ច​វៀតណាម​កំពុង​បើក​ការ​​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​ និង​​សន្និ​ដ្ឋាន​ជំហាន​ដំបូង​ថា​​ការ​ស្លាប់​របស់​នាង​ផាំមីងហាង​​ទំនង​ជា​បណ្ដាល​មក​ពី​ការ​ខ្វះ​​ខ្យល់​​អុក​ស៊ីហ្សែន​សម្រាប់​ដក​ដង្ហើម​​។ ទី​ក្រុងហាយហ្វុង និង​តំបន់​១​ចំនួន​ទៀត​នៅ​វៀតណាម​ខាង​ជើង​កំពុង​ទទួល​រង​រលក​កម្ដៅ​​​នៃ​បាតុភូត​អែល​នីញ៉ូ​(El Niño)​ ដែល​ធ្វើ​ឱ្យ​សីតុណ្ហភាព​​​​ហក់​ឡើង​ខ្ពស់​ដល់​៤០​អង្សា​ ឬ​លើស​នេះ​។​

យោ​ងតាម​ការ​ចុះ​ផ្សាយ​របស់​​កាសែត​យុវជន​វៀតណាម​ ទួយទ្រី​ (Tuoi Tre), នៅ​ពេល​ភ្លើង​អគ្គិសនី​មាន​ឡើង​វិញ​, ​ស្ត្រី​ជា​ម្ដាយ​របស់​ជន​រង​គ្រោះ​​ក៏​ងើប​ទៅ​ដាស់​អ្នក​ដេក​ក្នុង​ឡាន​ទាំង​៣​នាក់​នោះ​ដើម្បី​វិល​ទៅ​ដេក​នៅ​ក្នុង​ផ្ទះ​វិញ​។ ​​​ពេល​ទៅ​ដល់​ឃើញ​ពួក​គេសន្លប់​បាត់​មាត់​ បាត់​ក​ ទាំង​អស់​គ្នា​។ គេ​ក៏​ប្រញាប់​ដឹក​ជញ្ជូន​អ្នក​ទាំង​បី​ទៅ​​មន្ទីរ​ពេទ្យ​កៀន​អាន (Kien An)។ ​​

​​គ្រូ​ពេទ្យ​សូម​ផ្ដែ​ផ្ដាំ​​​​ឱ្យ​មាន​ការ​​ប្រុង​ប្រយ័ត្ន​ខ្ពស់​​​​ចំពោះ​អ្នក​ដែល​បើក​ម៉ាស៊ីន​ត្រជាក់​គេង​នៅ​ក្នុង​ឡាន​​ និង​បិទ​កញ្ចក់ជិត​។ ​ពេល​ខ្លះ​, ​ខ្យល់​អុក​ស៊ីហ្សែន​ដែល​បញ្ចេញ​ពី​ម៉ាស៊ីន​ត្រជាក់​នោះ​មិន​គ្រប់​គ្រាន់​ទេ​ ហើយ​ធ្វើ​ឱ្យ​ឧស្ម័ន​កាបោន​អុក​ស៊ីត​នៃ​ខ្យល់​ដង្ហើម​ដែល​បញ្ចេញ​មក​វិញ​​ចាប់​ផ្ដើម​កើន​ឡើង​​ជា​លំដាប់​​។ ដូច​នេះ អ្នក​​គេ​ង​នៅ​ក្នុង​ឡាន​នឹង​​ថប់​ដង្ហើម​ស្លាប់បន្ទាប់​ពី​ស្រូប​យក​ខ្យល់​ពុល​​​៕

ប្រភព៖ កាសែត Vietnam Express និង Tuoi Tre
https://e.vnexpress.net/news/news/woman-dies-sleeping-in-car-4612862.html
https://tuoitrenews.vn/news/society/20230602/1-dead-2-hospitalized-in-northern-vietnam-after-sleeping-in-car-with-ac-on/73548.html

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ