ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២៣

10 ខែ មុន
  • ភ្នំពេញ

បន្ទាប់​ពី​ធ្វើការ​តាមដាន អង្កេត ស្រាវជ្រាវ​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​អំពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​តាមដាន អង្កេត ស្រាវជ្រាវ​លើ​ស្ថានភាព​អាកាសធាតុ និង​ស្ថានភាព​ទឹកជំនន់​ទន្លេមេគង្គ​ជា​ច្រើន​ឆ្នាំ​បន្តបន្ទាប់​រួច​មក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​អំពី​ការ​ព្យាករ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ​២០២៣ ដូច​ខាងក្រោម ៖

១- ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ​ក្នុង​តំបន់ ៖
យោង​តាម​ការ​សង្កេត ពិនិត្យ​ទៅ​លើ​បាតុភូត​ធម្មជាតិ និង​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ ក្នុង​តំបន់​សម្រាប់​ឆ្នាំ​២០២៣ រួច​មក​ឃើញ​ថា ៖

– ចាប់ពី​ខែមករា ដល់​ខែមេសា ឆ្នាំ​២០២៣ ស្ថានភាព​ភ្លៀង​នៅ​អាង​ទន្លេមេគង្គ រួម​ទាំង​កម្ពុជា មាន​កម្រិត​ប្រហាក់ប្រហែល​មធ្យម​ច្រើន​ឆ្នាំ ដោយសារ​តែ​ឥទ្ធិពល​អែ​ល​នី​ណូ (El Nino) មាន​ត្រឹម ៦០% និង​បាតុភូត​អែន​សូ (Neutral) មាន ៤០% ដែល​ជា​បាតុភូត​អន្តរកាល​ចន្លោះ​រវាង​បាតុភូត​អែ​ល​នី​ណូ (El Nino) និង​បាតុភូត​ឡា​នី​ណា (La Nina) ។

– ចាប់ពី​ខែឧសភា រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៣ បាតុភូត​អែ​ល​នី​ណូ (El Nino) មាន ៨០% និង​បាតុភូត​អែន​សូ (Neutral) មាន​ត្រឹមតែ ២០% ។

ផ្អែក​តាម​ការ​វិវដ្ត​យ៉ាង​រហ័ស​នៃ​បាតុភូត​អែ​ល​នី​ណូ (El Nino) ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឲ្យ​ស្ថានភាព​អាកាសធាតុ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២៣ ជួបនឹង​របប​ទឹកភ្លៀង​ធ្លាក់​មិន​បាន​រាយ​ប៉ាយ​ល្អ ភ្លៀង​អាច​មាន​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម និង​ផ្នែក​ខ្លះ​ជា​បង្គួរ ជាមួយ​ភ្លៀង​ធ្លាក់​ភាគច្រើន​ជា​លក្ខណៈ​ផ្ទាល់ (Localize rain) មិនជា​ប្រព័ន្ធ​ទាំង​នៅ​ក្នុង​អាង​ទន្លេមេគង្គ និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

២- ស្ថានភាព​ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប ៖
ចាប់ពី​ខែមករា ដល់​ខែឧសភា ឆ្នាំ​២០២៣ ទឹកទន្លេ​មេគង្គ ទន្លេបាសាក់ និង​ទន្លេសាប មាន​ស្ថាន​ភាព​ដូច​ខាងក្រោម ៖

– ទន្លេមេគង្គ​-​ស្ទឹង​ត្រែង ទឹក​មាន​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,២៧ ម៉ែត្រ​។
– ទន្លេមេគង្គ​-​ក្រចេះ ទឹក​មាន​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ ០,៤០ ម៉ែត្រ​។
– ទន្លេមេគង្គ​-​កំពង់ចាម ទឹក​មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ​។
– រាជធានី​ភ្នំពេញ ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​-​ចតុមុខ ទឹក​មាន​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ​។
– ទឹក​ក្នុង​បឹង​ទន្លេសាប នៅ​ស្ថានីយ​ក្រគរ​-​កំពង់​លួង ទឹក​មាន​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ ប្រមាណ​តែ ០,០៧ ម៉ែត្រ​។

ផ្អែក​តាម​លក្ខណៈ​ខាងលើ ស្ថានភាព​ទឹកទន្លេ​មេគង្គ​សម្រាប់​ដើមឆ្នាំ​២០២៣​នេះ នៅ​ទន្លេមេគង្គ​ផ្នែក​ខាងលើ​ខេត្តកំពង់ចាម ទឹក​មាន​កម្រិត​កម្ពស់​ខ្ពស់​ជាង​មធ្យម​ច្រើន​ឆ្នាំ​, នៅ​ទន្លេមេគង្គ​ផ្នែក​ខាងក្រោម ទឹក​មាន​កម្រិត​កម្ពស់​ប្រហាក់ប្រហែល​នឹង​មធ្យម​ច្រើន​ឆ្នាំ​។ រីឯ​នៅ​ទន្លេបាសាក់ និង​បឹង​ទន្លេសាប ទឹក​មាន​កម្រិត​កម្ពស់​ទាប​ជាង​មធ្យម​ច្រើន​ឆ្នាំ​បន្តិចបន្តួច​។

៣- ការ​ព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ ប្រចាំឆ្នាំ ២០២៣ ៖
យោង​លើ​ស្ថានភាព​អាកាសធាតុ​ក្នុង​តំបន់ ដែល​កំពុង​ទទួល​ឥទ្ធិពល​ពី​បាតុភូត​អែ​ល​នី​ណូ (El Nino) បើ​ទោះបីជា​ស្ថានភាព​ទឹកទន្លេ​នៅ​ដើមឆ្នាំ​២០២៣​នេះ មាន​ស្ថានភាព​ប្រសើរ​ប្រហាក់ប្រហែល​នឹង​មធ្យមភាគ​ច្រើន​ឆ្នាំ​ក្តី តែ​បន្ត​ទៅ​មុខទឹក​ភ្លៀង​ដែល​នឹង​កើត​មាននៅ​អាង​ទន្លេមេគង្គ រួម​ទាំង​កម្ពុជា​ផង​នោះ មានការ​ថយ​ចុះ​ទាប​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ ដែល​ជា​កត្តា​នាំ​ឲ្យ​ទឹកជំនន់​ទន្លេមេគង្គ​នៅ​ឆ្នាំ​នេះ មាន​លក្ខណៈ​តូច​។ តាម​ការ​ព្យាករ​ទឹកជំនន់​ទន្លេមេគង្គ​លើក​ទី​១ បាន​បង្ហាញ​ថា នៅ​ស្ថានីយ​ជល​សាស្ត្រ​បា​សាក់​-​ចតុមុខ សម្រាប់​ឆ្នាំ​២០២៣​នេះ ទឹក​អាច​នឹង​មាន​កម្ពស់​ត្រឹមតែ ៨,៣៥ ម៉ែត្រ ដែល​ចាត់ទុកជា​ប្រភេទ​ជំនន់​តូច​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ