ភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិចយ៉ាងសន្ធោសន្ធៅធ្វើឱ្យដាច់ធ្លាក់ពេញផ្លូវផ្អើលពលរដ្ឋ
- ភ្នំពេញ
អណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិច ព្រមទាំងប្រអប់កុងទ័រភ្លើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យ
អណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិច ព្រមទាំងប្រអប់កុងទ័រភ្លើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យ
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា អណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិច ព្រមទាំងប្រអប់កុងទ័រភ្លើងយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យដាច់ធ្លាក់រាយប៉ាយពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅក្នុងទល់មុខភោជនីយដ្ឋាន«៧៩ហ្គារ៉ាស» តាមបណ្ដោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ គេក៏ឃើញមានផ្សែងហុយចេញពីបង្គោលភ្លើង ក្រោយមកស្រាប់តែមានការផ្ទុះបែកផ្កាភ្លើងចេញពីខាងលើបង្គោលនោះតែម្តង ដែលមានខ្សែភ្លើង និងខ្សែកាបអ៊ុកតិចជាច្រើនសរសៃរ ហើយមានសភាពយ៉ាងរញ៉េរញ៉ៃខ្លាំងមែនទែន រហូតលេចចេញជាអណ្ដាតភ្លើងឆាបឆេះខ្សែភ្លើង និងខ្សែកាបអ៊ុកតិច រួមជាមួយនឹងប្រអប់កុងទ័រភ្លើងដែលនៅខាងលើបង្គោលនោះយ៉ាងសន្ធោសន្ធៅតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យភ្លាមៗផងដែរ។
ប្រភពដដែលបន្តថា បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យនៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងចុះមកដល់ទីតាំងកើតហេតុ និងបានបាញ់ទឹកអស់បន្តិច អណ្ដាតភ្លើងក៏បានរលត់ទៅវិញទាំងស្រុងទៅ។
ហើយហេតុការណ៍ខាងលើនេះផងដែរ គឺមិនបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ គ្រាន់តែខូចខាតប្រអប់កុងទីន័រអគ្គិសនី ខ្សែភ្លើងអគ្គិសនី និងខ្សែកាបអ៊ុកតិចជាច្រើនខ្សែតែប៉ុណ្ណោះ ដែលត្រូវភ្លើងឆេះដាច់ធ្លាក់រាយប៉ាយពេញផ្លូវ។ ចំពោះមូលហេតុវិញ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ទើបធ្វើឱ្យមានឆាបឆេះសន្ធោសន្ធៅបែបនេះ៕
ចែករំលែកព័តមាននេះ