រាជធានីភ្នំពេញ ៖ អតីតតារាសម្តែងតាំងពីសង្គម គឺលោកស្រី សេង បទុម បានស្កាត់ជួបនឹងតារារៀមច្បងលោក សោម ដូរិន និងភរិយា គឺអ្នកស្រី សាក់ សាកេតមយ៉ូរ៉ា ក្រោយពេលបែកគ្នាប្រមាណជាង៤០ឆ្នាំ ជាមួយនឹងការរំលឹកនឹកគុណដល់លោក សោម ដូរិន ដែលបានជួយអាយុជីវិតលោកស្រីឲ្យរួចផុតពីការកា.ប់សម្លា.ប់របស់ខ្មែរក្រហម។
ជំនួបខាងលើនេះ ត្រូវបានរៀបចំដោយលោក វីរៈ វ៉ារ៉ានី ប្រធានក្រុមដំណើរខ្មែរកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅផ្សារអ៊ីអន១ មុនពេលធ្វើដំណើរវិលត្រឡប់ទៅកាន់ទឹកដីសហរដ្ឋអាមេរិកវិញរបស់លោកស្រី សេង បទុម ។
បើតាមលោក វីរៈ វ៉ារ៉ានី បានឱ្យដឹងថា នៅក្នុងជំនួបដ៏កម្រខាងលើនេះ ក្រៅពីការសួរសុខទុក្ខ និងថ្លែងការនឹករលឹកគ្នាទៅវិញទៅមកនេះ លោកស្រី សេង បទុម ក៏បានរំលឹកឡើងវិញពីគុណបំណាច់មិនអាចបំភ្លេបបានរបស់លោក សោម ដូរិន ដែលបានជួយជីវិតលោកស្រីឲ្យរួចចាកផុតពីការកា.ប់សម្លា.ប់របស់ពួកខ្មែរក្រហម។
ប្រធានក្រុមដំណើរខ្មែររូបនេះ បានលើកឡើងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្រុកខ្មែរបានបែក ពេលនោះលោកស្រី សេង បទុម កំពុងស្នាក់នៅឯខេត្តប៉ៃលិន។ ដោយអំឡុងពេលនោះ លោកស្រីមានបំណងចង់រត់ចេញទៅថៃ ប៉ុន្តែស្វាមីលោកស្រីហាមមិនឲ្យទៅ។ លុះក្រោយមកលោកស្រី និងស្វាមី ក៏បានភៀសខ្លួនមកនៅក្នុងតំបន់មួយដែលគេអោយឈ្មោះថា «អំពិលប្រហោង» ស្ថិតនៅក្នុងខេត្តបាត់ដំបង ហើយលោកស្រីក៏បានស្នាក់ទីនោះបណ្តោះអាសន្ន ។
ប្រធានក្រុមដំណើរខ្មែររូបនេះ បានលើកឡើងបន្តថា ក្រោយការរស់នៅទីនោះប្រមាណជា៣ទៅ៤ថ្ងៃ លោកស្រីក៏បានជិះកង់ដើម្បីស្វែងរកកន្លែងដេរសារ៉ុង ពេលនោះក៏បានជួបជាមួយនឹងលោក សោម ដូរិន តែម្តង។ ហើយលោក សោម ដូរិន ក៏បានហៅលោកស្រីឲ្យមកស្នាក់នៅជាមួយលោក ព្រោះមានសុវត្ថិភាពជាង ខណៈពេលលោកស្គាល់គេនៅទីនោះ ដើម្បីចៀសវាងខ្មែរក្រហមធ្វើបាបលោកស្រី។
លោកបញ្ជាក់ថា លុះក្រោយមក លោកស្រី សេង បទុម ទំនងជាភ្លេចអីវ៉ាន់ខ្លះនៅកន្លែងរស់នៅចាស់ ទើបលោកស្រីមានបំណងត្រឡប់ទៅយក ប៉ុន្តែមានគេប្រាប់លោកស្រីថា នៅតំបន់នោះ មានខ្មែរក្រហមមួយក្រុមបានស្វែងរករូបលោកស្រី ដើម្បីយកទៅសម្លា.ប់ចោល ហើយតំបន់លោកស្រីធ្លាប់រស់នៅនោះ គឺខ្មែរក្រហមបានសម្លា.ប់លោក ឱ ឌឹម ផងដែរ។
ជាការកត់សម្គាល់ លោកស្រី សេង បទុម ធ្លាប់សម្តែងក្នុងខ្សែភាពយន្តសម័យជាមួយលោកសោម ដូរិន នៅឆ្នាំ១៩៧៣ គឺរឿង «ស្រណោះអូនផង» នៃផលិតកម្មផ្កាយព្រឹកភាពយន្ត។ លោក សោម ដូរិន គឺជាតារាភាពយន្តរៀមច្បងនៃការកកើតវិស័យភាពយន្តខ្មែរដំបូងផងដែរ។ លោកធ្លាប់បានសម្តែងក្នុងខ្សែភាពយន្តល្បីៗជាច្រើនដូចជា រឿង «មរណមាតា», រឿង «ព្រះគោព្រះកែវ», រឿង «ឱ! ផ្សែងមរណៈ» និងរឿង «ជ័យសូរវង្សលក្ខណ៍សូរវង្ស» ជាដើម។
បើយោងតាមការចុះផ្សាយរបស់ផេកដំណើរខ្មែរបានឲ្យដឹងថា លោកស្រី សេង បទុម គឺជាតារាសិចស៊ីឆ្នាំ៧០ ដែលមានកេរ្តិ៍នាមល្បីល្បាញណាស់ ធ្លាប់រះបំភ្លឺវិថីសិល្បៈខ្មែរលើវិស័យភាពយន្ត និងចម្រៀង។ មហាជននៅចាំទេ ក្នុងវិស័យចម្រៀង តារា សេង បទុម ជាតារាចម្រៀងមួយដួងនៃវង់តន្ត្រីវិទ្យុជាតិ និងវង់តន្ត្រីកងពលថ្មើរជើងលេខ១ ដែលជាមិត្តដ៏ជិតស្និទ្ធិតារាចម្រៀង រស់ សេរីសុទ្ធា។
ចំណែកក្នុងវិស័យភាពយន្តវិញ មហាជននៅចាំទេ ភាពយន្តមិនតិចជាង២០រឿងនោះទេ ដែលតារារូបនេះបានសម្តែង មានដូចជា ៖ រឿង «ចំប៉ាថោង» របស់ផលិតកម្មសុវណ្ណគិរីភាពយន្ត លោកស្រីសម្តែងជានាងឆ្មាម៉ឡា។ ក្នុងរឿង «ទាវឯក» នៃផលិតកម្មឥន្ទ្រទេវី លោកស្រីសម្តែងជាតួនាង នោ។ រឿង «ព្រះកំចាយទិព្វ» របស់ផលិតកម្មបក្សីឋានសួគ៌ លោកស្រីសម្តែងជាតួម្ចាស់ក្សត្រី មល្លិកា។ ក្នុងរឿង «រៀមច្បងយើង» របស់ផលិតកម្ម បាយ័នភាពយន្ត លោកស្រីសម្តែងជាតួនារីយ៉េយ៉េ សង្សារលួចលាក់ និងតារាគង់សំអាត។ ក្នុងរឿង «នាងល្វាចេក» នៃផលិតកម្មកងពេជ្រភាពយន្ត លោកស្រីសម្តែងជាតួបុត្រីសេដ្ឋីនីដ៏កាចឆ្នាស់ឆ្នើមដៃគូដ៏រស់រវើកជាមួយតារាសាក់ស៊ីស្បោង។
តារារូបនេះ មានភ័ព្វវាសនាមហាសំណាងដែលបានរួចផុតការកា.ប់សម្លា.ប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ នៅឆ្នាំនេះ លោកស្រី សេក បទុម បានមកលេងមាតុភូមិកំណើតកាលពីដើមខែឧសភា ឆ្នាំ២០២៣នេះ ហើយលោកស្រីនឹងត្រឡប់ទៅកាន់ទឹកដីអាមេរិកទីដែលលោកស្រីកំពុងបង្កើតជីវភាពថ្មីវិញនាពេលឆាប់ៗនេះ៕
ចែករំលែកព័តមាននេះ