ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ស្នើឲ្យគ្រូពេទ្យគោរពក្រមសីលធម៌វិជ្ជាជីវៈ ខណៈមានមន្ទីរពេទ្យល្អហើយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ស្នើ​ឲ្យ​គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ខណៈ​មាន​មន្ទីរពេទ្យ​ល្អ​សម្រាប់​ព្យាបាល​អ្នកជំងឺ ។ ការ​ស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ពេល​កន្លង​មក​បាន​រិះគន់…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​ស្នើ​ឲ្យ​គ្រូពេទ្យ​ត្រូវ​តែ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ ខណៈ​មាន​មន្ទីរពេទ្យ​ល្អ​សម្រាប់​ព្យាបាល​អ្នកជំងឺ ។

ការ​ស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ពេល​កន្លង​មក​បាន​រិះគន់ ចំពោះ​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​បាន​ធ្វើ​អាប្ប​កិរិយា​មិន​សមរម្យ និង​ប្រើ​ពាក្យ​សំដី​មិនល្អ​ចំពោះ​អ្នកជំងឺ​នៅ​ពេល​ពួក​គេ​ទៅ​រក​សេវា​ឲ្យ​ជួយ​ព្យាបាល ពិសេស​នោះ​នៅ​តាម​មន្ទីរពេទ្យ​របស់​រដ្ឋ ។

ថ្លែង​ក្នុង​ឱកាស​ដែល​សម្ភោ​ធ​ជា​ផ្លូវការ អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ចំណាយ​តម្លៃ​ជាង​៧០​លាន​ដុល្លារ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៣ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ពេល​នេះ​យើង​មាន​មន្ទីរពេទ្យ​ល្អ​ហើយ តែ​ទាមទារ​ឲ្យ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ​ល្អ ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្តល់​សេវា​កាន់តែ​ល្អ​ប្រសើរ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ឥឡូវនេះ យើង​មាន​មន្ទីរពេទ្យ​ល្អ​ហើយ តែ​អ្វី​ដែល​ត្រូវ​ល្អ​សំខាន់​ទៅ​ទៀត​នោះ គឺ​ត្រូវ​មាន​គ្រូពេទ្យ​ល្អ​ទើប​អាច​ដោះស្រាយ​បាន​បញ្ហា​»​។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា មាន​មន្ទីរពេទ្យ​ល្អ​វា​ពិបាក​ណាស់​ទៅ​ហើយ ដើម្បី​ឲ្យ​អាច​មាន​មន្ទីរពេទ្យ​មាន​សម្ភារ បច្ចេកទេស​ល្អ ដូច្នេះ​ចាំបាច់​ណាស់​ត្រូវការ​ចំណុច​២​សំខាន់​ដែល​ទាមទារ​គ្រូពេទ្យ​ត្រូវធ្វើ​ឲ្យ​បាន គឺ​ការ​គោរព​ក្រមសីលធម៌​វិជ្ជាជីវៈ និង​ការ​លើកកម្ពស់​សមត្ថភាព ។

បន្ថែម​ពី​នោះ​ទៀត សម្ដេច​តេ​ជោ នាយក​រដ្ឋមន្ដ្រី​បាន​ឲ្យ​ដឹង​ថា ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ដែល​ទាមទារ​ខ្លាំង​ណាស់​ត្រូវ​គិតដល់​ជីវិត​មនុស្ស​ជា​សំខាន់ ។ សម្ដេច​បន្ដ​ថា ៖« យើង​ធ្វើ​ពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​នេះ​ជា​ក្រមសីលធម៌​ចម្បង​របស់​ក្រម​គ្រូពេទ្យ ។ សង្ឃឹមថា គ្រូពេទ្យ​របស់​យើង ដោយ​គេ​បាន​ប្រសិទ្ធ​នាម​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩ ថា ជា​«​កងទ័ព​អាវ​សរ​» មិន​ត្រូវធ្វើ​ឲ្យ​កិត្ដិយស​នេះ​បាត់បង់​ទៅ​វិញ​នោះ​ទេ​»​។

ទន្ទឹម​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​អំពាវនាវ​ដល់​ក្រុម​គ្រូពេទ្យ ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​យក​ការ​បម្រើប្រជាជន​ធ្វើ​ជា​ស្នូល ធ្វើ​ជា​គោលដៅ​នៃ​ការ​ធ្វើ​សកម្មភាព​សម្រាប់​គ្រូពេទ្យ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ទៀត​ថា ធ្វើ​ជា​គ្រូពេទ្យ គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ហើយ​សម្តេច​តេ​ជោ សង្ឃឹមថា គ្រូពេទ្យ និង​និស្សិត​ធ្វើ​កម្មសិក្សា​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ ។

គូសបញ្ជាក់​ថា «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» សាងសង់​ឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍ និង​ធ្វើ​ទំនើប​កម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជា​មន្ទីរពេទ្យ​បង្អែក​លំដាប់​ខ្ពស់​ចុង​ក្រោយ ដើម្បី​ផ្តល់​នូវ​សេវា​ពហុ​ឯកទេស ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ដ៏​ទំនើប ស្រប​តា​មកា​រវិ​វត្ត​របស់​សកលលោក នា​ពេល​បច្ចុប្បន្ន ដែល​ជា​ក្ដី​រំពឹង​របស់​ប្រជាពលរដ្ឋ​កម្ពុជា ។

បើ​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា «​អគារ​តេ​ជោ​អភិវឌ្ឍន៍​» សាងសង់​អំពី​បេតុង​អា​ម៉េ​លាតសន្ធឹង​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនី​វង្ស​មាន​បណ្តោយ​ប្រវែង​១៥៣​ម៉ែត្រ ទទឹង​ប្រវែង​២២.៥​ម៉ែត្រ មាន​កម្ពស់​១២​ជាន់ និង​ក្រោម​ដី ២​ជាន់ ផ្ទៃក្រឡា​សរុប ៤៨,១៩៥​ម៉ែត្រក្រឡា សាងសង់​ស្រប​តាម​ប្រព័ន្ធ​ស្ដង់ដារ​មន្ទីរពេទ្យ​អន្តរជាតិ (​បទដ្ឋាន​បច្ចេកទេស​បារាំង​) មាន​គ្រែ​សម្រាក​ព្យាបាល​សរុប​ចំនួន ៤២៦​គ្រែ​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ