បុរសជនជាតិវៀតណាមម្នាក់មានស្នាដៃឆ្នើមខាងលួច បន្ទាប់ពីគាត់លួចទា៥រយក្បាលត្រឹមតែ១ប៉ប្រិចភ្នែកប៉ុណ្ណោះ។ ហេតុការណ៍នេះកើតឡើងនៅខេត្តអានយ៉ាង ប្រទេសវៀតណាម។ បុរសជនជាតិវៀតណាមខាងលើនេះឈ្មោះង្វៀនវ៉ាន់កាញ់ (Nguyen Van Canh) អាយុ៣៦ឆ្នាំ បានលួចទាចំនួន២ដង ត្រូវបានគរបាលនៃស្នងការដ្ឋានក្រុងចាប់ខ្លួនកាលពីថ្ងៃចន្ទពីបទលួច។
បុរសង្វៀនវ៉ាន់កាញ់ចាប់ផ្ដើមបែកគំនិតខ្វារកនឹងសត្វទារាប់ពាន់ក្បាលដែលគេចិញ្ចឹមនៅទីវាលនៃឃុំវិញហាវ (Vinh Hoa) កាលពីខែមីនា។ កាលនោះ គាត់ដើរបបក់ត្រីនៅជិតកសិដ្ឋាន។ ហេតុនេះ គាត់ក៏រៀបចំផែនការទុច្ចរិតដើម្បីលួចទា១ចំនួនយកទៅចិញ្ចឹមនៅក្នុងផ្ទះរបស់គាត់ និងបំប៉នពួកវាឱ្យធំយកពងទុកលក់។ នេះជាគំនិតអាជីវកម្មមួយបែបរបស់គាត់ ដោយមិនចាំបាច់ហត់នឿយចំណាយដើមទុនច្រើន។
លើកទី១, គាត់ជួលឡានទ្រុងមួយគ្រឿងនៅក្នុងទីក្រុងខាងលើនេះ ហើយគាត់បើកដោយផ្ទាល់ដៃរបស់គាត់តែម្ដងទៅឈប់ចាំឱកាសល្អនៅក្បែរកសិដ្ឋានចិញ្ចឹមទា។ គាត់រង់ចាំមើលឱកាសណាដែលម្ចាស់ ឬអ្នកយាមកសិដ្ឋានចិញ្ចឹមទាទាំងនោះរាងភ្លេចត្រចៀក ដោយនឹកស្មានថាមិនអីទេ, គាត់ក៏ដើរលបៗចូលទៅក្នុងកសិដ្ឋាន និងកៀងទា២រយក្បាលឱ្យពួកវាដើរឡើងផ្លូវលំ។ បន្ទាប់មក, គាត់កៀងទាឱ្យដើរឡើងទៅលើឡាន (ប្រហែលជាគាត់ដាក់បន្ទះក្ដារសម្រាប់ឱ្យទាងាយស្រួលដើរឡើង)។
នៅពេលទាដើរឡើងឡានគ្រប់ចំនួនដែលកៀងរួចហើយ, គាត់ក៏បើកឡានចាកចេញពីទីនោះសំដៅទៅផ្ទះរបស់គាត់ដែលស្ថិតនៅឆ្ងាយពីគ្នាប្រមាណដប់គីឡូម៉ែត្រ។ គាត់មិនចាត់ការលក់ទាទាំងនេះ ឬក៏កាប់សម្លាប់ពួកវាដើម្បីយកសាច់ទេ។ គាត់រក្សាទុកពួកវាឱ្យមានសុខភាពល្អ ដើម្បីរង់ចាំដល់ពេលដែលពួកវាជម្រុះពងរាប់រយគ្រាប់។ គាត់នឹងអាលយកពងទៅលក់។
ក្រោយមកលើកទី២, គាត់លេងដៃធំជាងមុនទៅទៀត។ លើកនេះគាត់អនុវត្តដូចវិធីមុនទៀត ដោយជួលឡានគេ និងកៀងទាពីកសិដ្ឋានរបស់អ្នកដទៃប្រមាណ៣រយក្បាល។ ហេតុការណ៍លើកក្រោយនេះកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា។ កន្លងផុតទៅបានប៉ុន្មានថ្ងៃ។ ស្រាប់តែនៅថ្ងៃទី៤ ខែមេសា, ម្ចាស់ទាចាប់ផ្ដើមឆ្ងល់នៅពេលរលស់សត្វទារបស់ខ្លួនអស់ច្រើនពេកដល់រាប់រយក្បាល។
ពួកគេគិតថាប្រាកដជាមានចោរចូលលួចហើយ។ ពួកគេក៏រាយការណ៍រឿងនេះប្រាប់សមត្ថកិច្ចមូលដ្ឋាន។ មុនដំបូង, សមត្ថកិច្ចគ្រាន់តែអញ្ជើញបុរសឈ្មោះង្វៀនវ៉ាន់កាញ់ទៅប៉ុស្តិ៍ដើម្បីឆ្លើយបំភ្លឺ។ គាត់ក៏មិនលាក់លាមអ្វីតទៅទៀតទេ។ គាត់សារភាពថាខ្លួនពិតជាបានលួចទាទាំងនោះមែន។ គាត់យល់ព្រមប្រគល់ទាដែលគាត់លួចទាំង២ដងចំនួន៥រយក្បាលនោះត្រឡប់ទៅឱ្យម្ចាស់ដើមរបស់គេវិញ៕
ប្រភព៖ Vietnam Express
https://e.vnexpress.net/news/news/man-rents-truck-to-steal-500-ducks-4608309.html
ព័ត៌មានដទៃទៀតដែលទាក់ទងនឹងទា
ពស់ថ្លាន់ថ្លើមធំចូលស៊ីមាន់ទាជិត១០០ក្បាលត្រូវម្ចាស់គេក្របួចជាប់
ចែករំលែកព័តមាននេះ