ទីក្រុងហ្សាកាតា៖ ប្រទេសឥណ្ឌូណេស៊ីប្រើប្រាស់កម្លាំងជាង៦០០នាក់ដើម្បីស្វែងរកអ្នកបាត់ខ្លួន១២៩នាក់ក្រោយហេតុការណ៍លិចកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងនៅសមុទ្រជ្វា។ មនុស្ស៦នាក់ស្លាប់នៅក្នុងហេតុការណ៍នេះ។ នាវាឈ្មោះវើហ្គោ ត្រេនស្ប៉ត ៨ (Virgo Transport 8) ដឹកមនុស្សសរុប២៤៣នាក់ កំពុងបើកបរនៅលើផ្ទៃសមុទ្រសុខៗស្រាប់តែបាត់ដាននៅក្នុងអាកាសធាតុដ៏អាក្រក់មួយកាលពីព្រឹកថ្ងៃអាទិត្យ។ ក្រោយមក គេជួយសង្គ្រោះបានមនុស្ស១០៨នាក់។ នៅពេលនោះ កប៉ាល់នេះធ្វើដំណើរពីទីក្រុងកំពង់ផែស៊ូរ៉ាបាយ៉ា (Surabaya) នៃខេត្តជ្វាខាងកើតឆ្ពោះទៅបានចាម៉ាស៊ីន (Banjarmasin) នៃកោះគីលីម៉ាន់តាន់ខាងត្បូង។

ប្រធានក្រុមអ្នកជួយសង្គ្រោះនៅបានចាម៉ាស៊ីន លោកអ៊ីពូទូ ស៊ូដាយ៉ាណា (I Putu Sudayana) ថ្លែងថាយើងបន្តស្វែងរកអ្នកបាត់ខ្លួនតាំងពីព្រឹកព្រលឹមថ្ងៃចន្ទនេះ។ យើងដាក់ពង្រាយកម្លាំង៦២២នាក់ និងកប៉ាល់១២គ្រឿងដើម្បីបំពេញការងារនេះ។ គិតត្រឹមព្រឹកនេះ ចំនួនអ្នកស្លាប់មិនប្រែប្រួលទេ។ តាមរយៈវីឌីអូដែលចែករំលែកដោយក្រុមអ្នកជួយសង្គ្រោះ គេឃើញកប៉ាល់ពណ៌ក្រហមលាយខ្មៅដ៏ធំជង្គ្រឹងក្រឡាប់ផ្ងារបាតឡើងលើនៅក្នុងទឹកសមុទ្រពណ៌ខៀវស្រងាត់។ គេឃើញកូនទូក២គ្រឿងមានមនុស្សជិះនៅលើនោះបណ្ដែតខ្លួននៅក្បែរកប៉ាល់ដែលលិចនៅលើផ្ទៃទឹកដែលមានរលកធំៗ។

កាលពីថ្ងៃអាទិត្យ លោកអេឌី ប្រាកូសូ (Edy Prakoso) ជាមន្ត្រីរដ្ឋាភិបាលម្នាក់នៃទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយប្រាប់ថាកប៉ាល់នោះផ្អៀងខ្លាំងទៅម្ខាងនៅពេលមានរលកសមុទ្រកញ្ជ្រោកបោកបាចយ៉ាងខ្លាំង។ អ្នកជិះឧទ្ធម្ភាគចក្រនៅពីលើកប៉ាល់នោះប្រាប់ថាកប៉ាល់ក្រឡាប់ផ្ងារបាតឡើងលើ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោកឌូឌី ភូវ៉ាហ្គាឌី (Dudy Purwagandhi)។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងអំពីមូលហេតុពិតប្រាកដនៃការលិចកប៉ាល់នេះទេព្រោះសំណុំរឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។

ប្រទេសឥណ្ឌូណេស៊ីពឹងផ្អែកខ្លាំងទៅលើការធ្វើដំណើរតាមនាវាចម្លង (ស្រឡាង) ដើម្បីឆ្លងពីកោះមួយទៅកោះមួយទៀតព្រោះប្រទេសនេះមានកោះច្រើនរហូតដល់១៧០០០កោះ។ ការធ្វើដំណើរកាត់សមុទ្រចំណាយលុយតិច ហើយសម្បូរមធ្យោបាយសម្រាប់ឆ្លងកាត់ជាងយន្តហោះ។ ប៉ុន្តែប្រទេសនេះក៏ឧស្សាហ៍ជួបប្រទះនឹងឧបទ្ទវហេតុលិចកប៉ាល់ផងដែរ។ កាលពីខែសីហា នាវាចម្លង២គ្រឿងដឹកអ្នកដំណើររាប់រាប់នាក់នៅពេលកំពុងបើកសុខៗស្រាប់តែត្រូវភ្លើងឆេះ។ ហេតុការណ៍ឆេះនាវានៅក្បែរកោះម៉ាឌូរ៉ា (Madura)បណ្ដាលឱ្យស្លាប់មនុស្ស៥នាក់ ចំណែកហេតុការណ៍ឆេះនាវាដែលចាកចេញដំណើរពីកោះបាលីបណ្ដាលឱ្យស្លាប់មនុស្សម្នាក់៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ