ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វ៊ីលីពីន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​តំបន់​ស្វយ័ត​ភាគ​ខាង​ត្បូង​ក្រោម​ការ​ការ​ពារ​សន្តិ​សុខ​ដ៏​តឹង​រ៉ឹង​

1 ខែ មុន

ទី​ក្រុង​ម៉ានីឡា៖ ថ្ងៃ​នេះ ប្រទេស​ហ្វ៊ីលីពីន​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​តំបន់​ភាគ​ខាង​ត្បូង​ដែល​មាន​សាស​និក​ឥស្លាម​រស់​នៅ​ភាគ​ច្រើន។ ការ​បោះ​ឆ្នោត​នេះ​រៀប​ចំ​ឡើង​ក្រោម​ការ​រឹត​បន្តឹង​សន្តិ​សុខ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កើត​ឡើង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​បី​នាក់​ និង​របួស​១៥​នាក់​មុន​ថ្ងៃ​បោះ​ឆ្នោត​។ ​ការ​បោះ​ឆ្នោត​លើក​នេះ​គឺ​ជា​វិញ្ញា​សាក​ល្បង​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ដើម្បី​នាំ​យក​នូវ​សន្តិ​ភាព និង​ការ​អភិ​វឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​សម្រាប់​តំបន់​ដែល​ធ្លាប់​ហែក​ហួរ​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ដើម្បី​ផ្ដាច់​ទឹក​ដី និង​ចលនា​ជ្រុល​និយម​។

ជម្លោះ​នេះ​ឡើង​កម្ដៅ​ខ្ពស់​បំផុត​កាល​ពី​ឆ្នាំ​២០១៧​នៅ​ពេល​ពួក​ផ្ដាច់​ខ្លួន​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​ក្រុម​អាយ​ស៊ីស​​ចូល​កាន់កាប់​ទី​ក្រុង​ម៉ារ៉ាវី​ (Marawi)។ គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ដាក់​ទី​ក្រុង​កូតា​បា​តូ (Cotabato) ក្រោម​ការ​គ្រប់​គ្រង​របស់​ខ្លួន​បន្ទាប់​ពី​មាន​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ពេល​មាន​ជម្លោះ​ទាស់​ទែង​គ្នា​នៅ​មណ្ឌល​បោះ​ឆ្នោត​ឈាន​ដល់​ការ​ផ្ទុះ​អាវុធ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ក្នុង​ស្រុក​។ គណៈ​កម្ម​ការ​ខាង​លើ​នេះ​ថ្លែង​ថា​​ការ​បោះ​ឆ្នោត​ដំណើរ​ការ​ដោយ​រលូន​នៅ​ទូទាំង​តំបន់​ស្វយ័ត​បាំង​សា​ម៉ូរ៉ូ (Bangsamoro) នៃ​កោះ​មីន​ដា​ណាវ (Mindanao) (BRAMM)​។ គណៈ​កម្ម​ការ​សង្ឃឹម​​ថា​នឹង​មិន​មាន​ភាព​រំជើប​រំជួល​កើត​ឡើង​នោះ​ទេ​ដោយ​សារ​មាន​ការ​ដាក់​ប៉ុស្តិ៍​ឆែក​ឆេរ​ជា​ច្រើន​កន្លែង​ និង​ការ​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​។

ការ​បោះ​ឆ្នោត​លើក​នេះ​ក៏​មាន​បញ្ហា​ចម្រូង​ចម្រាស​​ផង​ដែរ​ពាក់​ព័ន្ធ​នឹង​​ការ​ដឹក​ជញ្ជូន​សន្លឹក​ឆ្នោត។ ​​គេ​រក​ឃើញ​សន្លឹក​ឆ្នោត​​គូស​រួច​ជា​ស្រេច​នៅ​មណ្ឌល​បាស៊ី​ឡាន​។ ដូច្នេះ​ធ្វើ​ឱ្យ​ពន្យារ​ពេល​ការ​បោះ​ឆ្នោត​ព្រោះ​ត្រូវ​បោះ​ពុម្ព​សន្លឹក​ឆ្នោត​​ឡើង​វិញ​​។ នេះបើ​យោ​ងតាម​អ្នក​នាំ​ពាក្យ​គណៈ​កម្ម​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ លោក​ចន​ រ៉ិច​ ឡូឌី​យ៉ាំង​កូ (John Rex Laudiangco)។ នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​មាន​អ្នក​ចុះ​ឈ្មោះ​ជិត​២,៤​លាន​នាក់​។ ក្រុម​ប្រទេស​ជា​ដៃ​គូ​ និង​ក្រុម​អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ថា​ការ​បោះ​ឆ្នោត​លើក​នេះ​ជា​ការ​ធ្វើ​តេស្ត​ចង់​ដឹង​ថា​តើ​តំបន់​ស្វយ័ត​មួយ​នេះ​ដែល​បង្កើត​ឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ឆ្នាំ​២០១៤​រវាង​រដ្ឋាភិបាល​ទី​ក្រុង​ម៉ានីឡា និង​ក្រុម​ផ្ដាច់​ខ្លួន​មូស្លីម​អាច​នឹង​រក្សា​ឱ្យ​គង់​វង្ស​តាម​រយៈ​ការ​បោះ​ឆ្នោត​នេះ​ឬ​យ៉ាង​ណា​។

ការ​ប្រគល់​ស្វ័យ​ភាព​​នេះ​ក្នុង​គោល​បំណង​បញ្ចប់​ជម្លោះ​ដែល​សម្លាប់​មនុស្ស​ជាង​១,២​សែន​នាក់​, ​​​បង្ខំ​ឱ្យ​មនុស្ស​២​លាន​នាក់​ផ្លាស់​ប្ដូរ​ទី​លំនៅ​របស់​ខ្លួន​ និង​ធ្វើ​ឱ្យ​ក្រុម​ជ្រុល​និយម​មាន​ទី​តាំង​ឈរ​ជើង​យ៉ាង​រឹង​មាំ​។ ប្រធានា​ធិបតី​ហ្វ៊ីលីពីន លោក​ហ្វ៊ែឌីណង់​ ម៉ាកូស​ថ្លែង​ថា​ការ​បោះ​ឆ្នោត​នេះជា​គោល​ចារឹក​ដ៏​សំខាន់​មួយ​ដើម្បី​បន្ត​ដំណើរ​របស់​ BRAMM ឆ្ពោះ​ទៅ​រក​សន្តិ​ភាព​ជា​អចិន្ត្រៃយ៍​ អភិបាល​កិច្ច​បែប​ប្រជា​ធិបតេយ្យ និង​ការ​សម្រេច​ជោគ​វាសនា​ដោយ​ខ្លួន​ឯង​​។ លោក​សូម​ជំរុញ​ឱ្យ​ក្រុម​អ្នក​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ចូល​រួម​​ឱ្យ​បាន​គ្រប់​ៗ​គ្នា​នៅ​ក្នុង​អ្វី​ដែល​លោក​ហៅ​ថា​ជា​ព្រឹត្តិ​ការណ៍​សំខាន់​សម្រាប់​តំបន់​ដែល​ពួក​គេ​រស់​នៅ​ និង​សម្រាប់​ប្រទេស​ជាតិ​៕​​ ប្រភព៖ Reuters