ខេត្តព្រះសីហនុ ៖ ថ្លែងចំពោះកម្មករជាច្រើនរយនាក់ សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងឱ្យដឹងថា អ្វីដែលមិត្តចិននាំយកវត្ថុធាតុដើមចូលមកប្រទេសកម្ពុជានោះបង្កើតការងារដល់ពលរដ្ឋខ្មែររាប់លាននាក់ ហើយក៏នាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ ។
សម្តេចតេជោ បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនា ពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុង ព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ សម្តេចបានរំលឹកថា នាពេលកន្លងទៅសម្ដេចស្នើទូតចិនប្រចាំកម្ពុជាបញ្ជូនវត្ថុធាតុដើមសម្រាប់បណ្ដាលរោងចក្រនៅកម្ពុជា ។
សម្ដេចបន្ដថា វត្ថុធាតុដើមនេះ គឺធ្វើឱ្យរោងចក្រនៅកម្ពុជាអាចជួបការលំបាក ។ សម្ដេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ដូច្នេះគេអាចយល់នូវនេះថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន មិនមានតុល្យភាពទេ គឺកម្ពុជានាំចេញទៅចិនតិចជាង រីឯចិននាំចូលកម្ពុជាច្រើនជាង ។
តែមិនត្រូវភ្លេចថា អ្វីដែរចិននាំចូលកម្ពុជានោះ គឺផ្គតផ្គង់វត្ថុធាតុដើម ដើម្បីបង្កើតការងារធ្វើរាប់លាននាក់ ហើយបញ្ចេញទៅទីផ្សារខាងក្រៅ ទៅប្រទេសជាច្រើននៅខាងក្រៅ ដើម្បីផ្គត់ផ្គង់ទីផ្សារនៃប្រទេសខាងក្រៅ ប្រាក់ចំណូលបានទទួលដល់កម្ពុជា» ។
ជាមួយគ្នានោះដែរសម្ដេច បន្ដថា ប្រសិនបើចិនមិនលក់វត្ថុធាតុដើមមកកម្ពុជានោះទេ ការខិតខំ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា គឺអត់មានន័យដែរ ។
សូមរំលឹកថា ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសចិន មានការកើនឡើងជាលំដាប់ ជាក់ស្តែងបើតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ មានទឹកប្រាក់ជិត ៣២៩ លានដុល្លារកើនជាង២ភាគរយបើធៀបត្រីមាសទី១ ឆ្នាំ ២០២២ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង២,៨៦ ពាន់លានដុល្លារ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ