ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​វ៉ា​ដាច់​ជប៉ុន! ​ក្លាយ​​ជា​ប្រទេស​នាំ​ចេញ​រថយន្ត​កំពូល​របស់​ពិភពលោក

10 ខែ មុន

ចិន ៖ ប្រទេស​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ក្លាយជា​ប្រទេស​នាំ​ចេញ​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភព​

ចិន ៖ ប្រទេស​ចិន​បាន​អះអាង​ថា ខ្លួន​បាន​ក្លាយជា​ប្រទេស​នាំ​ចេញ​រថយន្ត​ដ៏​ធំ​បំផុត​របស់​ពិភព​លោក បន្ទាប់​ពី​វ៉ា​ដាច់​ប្រទេស​ជប៉ុន នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ ២០២៣​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា កន្លង​ទៅ​។

តួលេខ​ផ្លូវការ ដែល​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន ១.០៧​លាន​គ្រឿងក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ កើនឡើង ៥៨% បើ​ធៀប​នឹង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២​។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ផង​ដែរ ការ​នាំ​ចេញ​រថយន្ត​របស់​ប្រទេស​ជប៉ុន​មាន​ត្រឹមតែ ៩៥៤,១៨៥​គ្រឿង បន្ទាប់​ពី​កើនឡើង ៦% បើ​ធៀប​នឹង​ឆ្នាំ​មុន​។

ការ​នាំ​ចេញ​របស់​ប្រទេស​ចិន ត្រូវ​បាន​ជំរុញ​ដោយ​តម្រូវការ​រថយន្ត​អគ្គិសនី និង​ការ​លក់​ទៅ​ឱ្យ​ប្រទេស​រុ​ស្ស៊ី​។ កាលពី​ឆ្នាំ​មុន ចិន​បាន​វ៉ា​ដាច់​ប្រទេស​អា​ល្លឺ​ម៉​ង់ ដើម្បី​ក្លាយជា​ប្រទេស​នាំ​ចេញ​រថយន្ត​ធំ​ជាងគេ​ទី​២ របស់​ពិភពលោក​។

យោង​តាម​រដ្ឋបាល​គយ​ទូទៅ​របស់​ប្រទេស​ចិន​បានឱ្យ​ដឹង​ថា ប្រទេស​ចិន​បាន​នាំ​ចេញ​រថយន្ត​ចំនួន ៣.២​លាន​គ្រឿង នៅ​ក្នុង​ឆ្នាំ ២០២២ ធៀប​នឹង​ការ​នាំ​ចេញ​រថយន្ត​ចំនួន ២.៦​លាន​គ្រឿង​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ហើយ​ការ​ផ្លាស់​ប្តូរ​ឆ្ងាយ​ពី​ឥន្ធនៈ​ហ្វូ​ស៊ី​ល​បាន​ជួយ​ជំរុញ​ឱ្យ​មានការ​កើនឡើង​នៃ​ឧស្សាហកម្ម​ម៉ូតូ​របស់​ប្រទេស​ចិន​ផង​ដែរ​។

ក្រុមហ៊ុន Tesla’s China arm ក្រុមហ៊ុន SAIC ដែល​ជា​ម្ចាស់​ម៉ាក​យីហោ​រថយន្ត MG រួម​និង​ក្រុមហ៊ុន BYD ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​វិនិយោគិន​ជនជាតិ​អា​មេ​រិ​កជើង​ចាស់ លោក​មហាសេដ្ឋី Warren Buffett ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុននាំចេញ​រថយន្ត​កំពូល​របស់​ចិន​។

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​មហាសេដ្ឋី​អា​មេ​រិ​ក លោក Elon Musk មាន​រោងចក្រ​ផលិត​ដ៏​ធំ​នៅ​ទីក្រុង​សៀង​ហៃ ដែល​នាំ​ចេញ​ទៅ​កាន់​តំបន់​នានា រួម​ទាំង​ប្រទេស​ជប៉ុន និង​អឺរ៉ុប​ផង​ដែរ​។ រោងចក្រ Gigafactory របស់​ក្រុមហ៊ុន Tesla បច្ចុប្បន្ន​មាន​សមត្ថភាព​ផលិត​រថយន្ត​បាន ១.២៥​លាន​គ្រឿងក្នុង​មួយ​ឆ្នាំ ហើយ​ក្រុមហ៊ុន​កំពុង​រៀបចំ​ផែនការ​បង្កើន​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត ខណៈ​កាលពី​ខែ​មុន វា​បាន​ចាប់ផ្តើម​ផលិត​រថយន្ត​ស្ព័​រ Model Y សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​កា​ណា​ដា​។

ទន្ទឹម​ជាមួយ​គ្នា​នោះ​ផង​ដែរ ប្រទេស​ចិន​ក៏​បាន​មើលឃើញ​ផង​ដែរ​នូវ​ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​រុ​ស្ស៊ី បាន​កើនឡើង​ចាប់តាំងពី​ការ​ចាប់ផ្តើម​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ខណៈ​ដែល​ប្រទេស​លោក​ខាង​លិច​​បាន​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​ទីក្រុង​ម៉ូ​ស្គូ​។ កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន រួម​ទាំង Geely, Chery និង Great Wall បានឃើញ​ចំណែក​ទីផ្សារ​ពួក​គេ​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​កើនឡើង បន្ទាប់​ពី​គូប្រជែង​រួម​មាន Volkswagen និង Toyota បាន​ចាក​ចេញពី​ប្រទេស​មួយ​នេះ បន្ទាប់​ពី​ការ​លុកលុយ​របស់​ពួក​គេ​លើ​អ៊ុយ​ក្រែ​ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ