រាជធានីភ្នំពេញ ៖ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានថ្លែងជាសាធារណៈថា ការបំបាត់ ឬបិទព័ត៌មាន និងផ្តាច់ទំនាក់ទំនងខាងក្រៅគឺជាប្រការមិនល្អនោះឡើយ ក្នុងសង្គមប្រជាធិបតេយ្យ។ លោករដ្ឋមន្រ្តីមានប្រសាសន៍ដូច្នេះក្នុងពេលចូលរួមក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក កាលពីថ្ងៃទី៣ ឧសភា ឆ្នាំ២០១១ ដែលរៀបចំឡើងដោយអង្គការយូណេស្កូ និងសមាគមសារព័ត៌មាននៅកម្ពុជា នៅមជ្ឈមណ្ឌលវប្បធម៌កូរ៉េ ។
លោកខៀវ កាញារីទ្ធ មានប្រសាសន៍ថា ក្នុងសង្គមប្រជាធិបតេយ្យ ការបំបាត់ឬបិទព័ត៌មានមិនឱ្យផ្សព្វផ្សាយ ព្រមទាំងការផ្តាច់ទំនាក់ទំនងខាងក្រៅ គឺជាប្រការមិនល្អនោះទេ ពិសេសចំពោះប្រទេសមួយដែលត្រូវរត់ឱ្យទាន់សភាពការណ៍ពិភពលោក។ លោកបានបញ្ជាក់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋយើងបច្ចុប្បន្ននេះ មានកម្រិតខ្ពស់បើប្រៀបធៀបប៉ុន្មានឆ្នាំមុននេះ។ ដូច្នេះគេអាចនឹងចង់ដឹង ឬបានដឹងអំពីព័ត៌មាន។ ប្រសិនបើយើងបិទព័ត៌មានមិនបញ្ចេញព័ត៌មានឱ្យប្រជាជនបានដឹងការពិតនោះ គឺមិនត្រឹមត្រូវ ឬមិនល្អនោះឡើយ។ ប៉ុន្តែយើងត្រូវបញ្ចេញព័ត៌មានការពិត ដើម្បីឱ្យប្រជាពលរដ្ឋបានដឹងពីការបំភ្លៃព័ត៌មាន ។
ពាក់ព័ន្ធព័ត៌មានដែលថា រាជរដ្ឋាភិបាលមានគម្រោងបិទវេបសាយ KI MEDIA នោះ លោកខៀវ កាញារីទ្ធ បានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលគ្មានគម្រោងការណាមួយបិទវេបសាយនោះទេ ព្រោះមន្រ្តីរដ្ឋាភិបាលក៏ត្រូវការមើលវេបសាយ KI MEDIA នេះដែរ ដើម្បីឱ្យបានដឹងថា ថ្ងៃនេះគេធ្វើអ្វីខ្លះ។ លោកបញ្ជាក់ថា រដ្ឋាភិបាលមិនត្រូវការចំណាយលុយ ដើម្បីបិទវេបសាយព័ត៌មាននោះទេ តែយើងគប្បីត្រូវចំណាយលុយបណ្តុះបណ្តាលធនធានមនុស្សវិញប្រសើរជាង។
លោកខៀវ កាញារីទ្ធ បានលើកឡើងផងដែរអំពីសិទ្ធិនៃការទទួលបានព័ត៌មាន ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ អ៊ីចឹងហើយបានជារដ្ឋាភិបាលបើកចំហមិនឱ្យមានការបំបិទសិទ្ធិនៃការបញ្ចេញមតិ ឬសិទ្ធិទទួលបានព័ត៌មានមានការរឹតត្បិតនោះទេ។
គួររំលឹកថា ជារៀងរាល់ឆ្នាំអ្នកសារព័ត៌មានទូទាំងពិភពលោក បានសហការរៀបចំទិវាសេរីភាពសារព័ត៌មាន៣ ឧសភា តាមបណ្តាប្រទេស និងតាមតំបន់រៀងៗខ្លួន ហើយប្រធានបទនៃទិវាសេរីភាពសារព័ត៌មានត្រូវបានលើកឡើងតាមស្ថានភាពនៃអ្នកសារព័ត៌មានតាមប្រទេស និងតំបន់ផងដែរ។ ជាក់ស្តែង ទិវាសេរីភាពសារព័ត៌មាន៣ ឧសភា នៅកម្ពុជាឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «សារព័ត៌មានសតវត្សទី២១ ៖ ឱកាសថ្មី ការប្រឈមថ្មី» ។ ក្នុងសារអបអរសេរីភាពសារព័ត៌មាន៣ ឧសភា ដែលរៀបចំឡើងដោយអង្គភាពយូណេស្កូ និងសមាគមអ្នកសារព័ត៌មាននៅកម្ពុជា បានធ្វើការកត់សម្គាល់ថា ការប្រើប្រាស់អ៊ីនធើរណេត ជាពិសេសការមកដល់នៃបណ្តាញទំនាក់ទំនងសង្គម និងគេហទំព័រផ្ទាល់ខ្លួន បានផ្តល់ឱកាស និងជួយសម្រួលដល់អ្នកប្រើប្រាស់អ៊ីនធើរណេតនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងអាចរំលេចឡើងនូវប្រធានបទផ្សេងៗ អាចបង្កើនលទ្ធភាពក្នុងការបង្កើត និងផ្សព្វផ្សាយព័ត៌មានដល់អ្នកប្រើប្រាស់ព័ត៌មានទាំងក្នុង និងក្រៅប្រទេសទូទាំងពិភពលោក៕
ចែករំលែកព័តមាននេះ