រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា នៅក្នុងខេត្តឧត្តរមានជ័យចាប់តាំងពីមានការផ្ទុះអាវុធទ្រង់ទ្រាយធំចាប់ពីថ្ងៃទី២២ មេសា រហូតមកដល់ពេលនេះ ថៃបានបាញ់គ្រាប់ប្រភេទ១០៥មីល្លីម៉ែត្រ-១៥៥មីល្លីម៉ែត្រ ជាង៥ម៉ឺនគ្រាប់ នេះអត់គិតចំនួនគ្រាប់ដែលថៃបាញ់ធ្លាក់នៅខ្សែត្រៀមជួរមុខ ប្រភេទគ្រាប់ក្រោម១០៥មីល្លីម៉ែត្រនៅឡើយទេ ។
ប្រសាសន៍ថ្លែងរបស់សម្តេចហ៊ុន សែន យ៉ាងដូច្នេះបានធ្វើឡើងក្នុងឱកាសសម្តេច និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីងរំឭកខួបលើកទី១៤៨ ទិវាពិភលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កម្លាំងអ្នកស្ម័គ្រចិត្តប្រសិទ្ធភាពមនុស្សធម៌» នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមកំណាត់ផ្លូវលេខ២៧១ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី៣ ឧសភា ២០១១ នេះ ។
នៅក្នុងឱកាសនោះដែរ សម្តេចហ៊ុន សែន ក៏បានអំពាវនាវឱ្យកាកបាទក្រហម និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រុមអ្នកដោះមីន ត្រូវជួយបំផ្លាញគ្រាប់ដែលមិនទាន់ផ្ទុះនៅក្នុងខេត្តឧត្តរមានជ័យ និងនៅតំបន់ប្រាសាទព្រះវិហារ ដែលបន្សល់ទុកគ្រាប់មិនទាន់ផ្ទុះ រួមមានគ្រាប់បែកចង្កោមផងនោះ អំឡុងពេលផ្ទុះសង្គ្រាមបង្កឡើងដោយទាហានសៀមឈ្លានពានកាលពីខែកុម្ភៈ ។ សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា នៅវេលាម៉ោង១០ព្រឹកថ្ងៃនេះ មេទ័ពកម្ពុជា-សៀម ជួបចរចាគ្នា ដើម្បីបញ្ឈប់ការផ្ទុះអាវុធ និងសម្រួលស្ថានការណ៍ឱ្យបានដូចមុនថ្ងៃទី២២ មេសា ។ សម្តេចបានប្រសាសន៍ថា រហូតមកដល់ថ្ងៃនេះ ប្រជាជនភៀសសឹកជាង១ម៉ឺនគ្រួសារ ស្មើនឹងជាង៤ម៉ឺននាក់ បានត្រឡប់ទៅផ្ទះវិញហើយ ដោយឡែកប្រជាពលរដ្ឋជាង២០០គ្រួសារផ្សេងទៀត មិនទាន់ត្រឡប់ទៅលំនៅឋានវិញនៅឡើយទេ ដោយសារស្ថានភាពមិនទាន់ល្អប្រសើរទាំងស្រុង។ ហេតុនេះហើយទើបភាគីទាំងពីរព្យាយាមចរចាគ្នា ដើម្បីសម្រួលស្ថានការណ៍ឱ្យវិលទៅរកមុនថ្ងៃទី២២មេសា ។
គួរបញ្ជាក់ថា មិទ្ទីងរំឭកខួបលើកទី១៤៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលដៅកៀងគរមូលនិធិសប្បុរសជនទាំងថ្នាក់ជាតិ-អន្តរជាតិទាំងនៅក្នុង និងក្រៅប្រទេស សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម ។ នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងស្ថានទូតនានា អង្គការជាតិអន្តរជាតិ ដៃគូផ្តល់ជំនួយ និងសមាជិក សមាជិកា កាកបាទក្រហមកម្ពុជាចូលរួមយ៉ាងច្រើនកុះករ ៕
ចែករំលែកព័តមាននេះ