រាជធានីភ្នំពេញ ៖ បុរសជនជាតិអាមេរិកាំងម្នាក់ត្រូវបានបុគ្គលិកសណ្ឋាគារវ៉កអឺបាវ ដែលមានទីតាំងលេខ១០៩E.F ផ្លូវលេខ៥១ កែងផ្លូវលេខ១៧៤ ស្ថិតក្នុងភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ប្រទះឃើញដេកស្លាប់ទាំងអាក្រាតកាយនៅលើឥដ្ឋក្បែរគ្រែពូកក្នុងបន្ទប់លេខ៨ ជាន់ទី២ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ឧសភា។ ក្រោយពីប្រទះឃើញក៏បានរាយការណ៍ឱ្យនគរបាលមូលដ្ឋានចុះមកពិនិត្យ ដែលជំហានដំបូងសង្ស័យថារឿងឃាតកម្ម។
ជនជាតិអាមេរិកាំងដែលស្លាប់នោះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា ឈ្មោះ Richard David ភេទប្រុស អាយុ៥៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ៤០៣៦៨០៣២៣ ជាអ្នកទេសចរ មកប្រទេសកម្ពុជា ស្នាក់នៅបន្ទប់លេខ៤ ជាន់ទី២ ក្នុងសណ្ឋាគារវ៉កអឺបាវ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១១។
បុគ្គលិកសណ្ឋាគារវ៉កអឺបាវបានឱ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ ខ្លួនបានធ្វើការត្រួតពិនិត្យបន្ទប់ លុះដល់បន្ទប់លេខ៤ ជាន់ទី២ ដែលជាបន្ទប់របស់ជនជាតិអាមេរិកាំងនោះស្នាក់នៅក៏គោះទ្វារ ប៉ុន្តែគ្មានការឆ្លើយតបទេ។ ពេលនោះខ្លួនមានការសង្ស័យក៏បានបើកទ្វារចូល ព្រោះទ្វារមិនបានចាក់សោពីក្នុងទេ។ ពេលទ្វារបើកឡើង ខ្លួនបានឃើញបុរសជនជាតិអាមេរិកាំងនោះស្លាប់នៅលើឥដ្ឋទាំងកាយអាក្រាតក្បែរជើងគ្រែពូក ដោយដៃមានប្រឡាក់ឈាមទៀតផង។ ភ្លាមនោះខ្លួនបានចុះមកជាន់ក្រោមរាយការណ៍ឱ្យអ្នកទទួលខុសត្រូវសណ្ឋាគារបានដឹង ហើយក៏បានប្រាប់នគរបាលមូលដ្ឋានឱ្យមកពិនិត្យ។
ស្ត្រីជនជាតិហ្វ៊ីលីពីនម្នាក់ដែលស្គាល់ជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចឱ្យដឹងថា បុរសអាមេរិកាំងនោះមុនពេលប្រទះឃើញស្លាប់ បានត្អូញត្អែរថា គាត់មានជំងឺលើសឈាម និងខ្លាញ់ក្នុងឈាម ហើយមកប្រទេសកម្ពុជាដើម្បីទេសចរណ៍កំសាន្ត និងទិញថ្នាំព្រោះមានតម្លៃថោកជាងនៅអាមេរិក។
សមត្ថកិច្ចជំនាញមិនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីមូលហេតុនៃការស្លាប់របស់បុរសអាមេរិកឈ្មោះ Richard David នោះទេ។ បើតាមប្រភពមិនផ្លូវការបានបង្ហើបថា ជនរងគ្រោះទំនងជារអិលជើងដួលបោកក្បាលស្លាប់ ខណៈពេលចេញពីបន្ទប់ទឹក ហើយក៏មិនមានទាក់ទងនឹងការប្រើប្រាស់ថ្នាំញៀនហួសកម្រិតដែរ ព្រោះក្នុងបន្ទប់សមត្ថកិច្ចឆែកឆេររកពុំឃើញមានថ្នាំញៀនឡើយ។ ក្រោយពីពិនិត្យរួច តំណាងស្ថានទូតអាមេរិកនៅកម្ពុជាបានសម្រេចដឹកសពជនរងគ្រោះទៅតម្កល់ទុកក្នុងមន្ទីរពេទ្យកាល់ម៉ែត៕
ចែករំលែកព័តមាននេះ