ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នឹងបំភ្លឺ​សាលដីកាឆ្នាំ១៩៦២ ប្រវត្តិៈ ថ្ងៃទី១៥ មិថុនា ១៩៦២ ថៃបាន​ដក​​ទង់​ជាតិ​និងទ័ពចាកចេញ

14 ឆ្នាំ មុន

អស់​រយៈពេល​ជាង​៤៩​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ​ដែលបាន​សម្រេច​ថា ​ប្រាសាទព្រះវិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ​រាប់​ទាំង​ផ្ទៃដី​៤,៦​គីឡូម៉ែត្រ​ក្រឡាដែល​ថៃ ទើបតែ​អះអាង​ថ្មី​ៗ​ស្ថិត​នៅ​ក្នុង​ការ​កាន់កា.ប់​ជាក់ស្ដែង​ និង​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា ​។ ដោយ​យល់ព្រម​ទទួល យក​​សាលដីកា​នោះ

អស់​រយៈពេល​ជាង​៤៩​ឆ្នាំ​កន្លង​មក​ហើយ បន្ទាប់​ពី​សាលដីកា​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​ឡា​អេ​ដែលបាន​សម្រេច​ថា ​ប្រាសាទព្រះវិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ​រាប់​ទាំង​ផ្ទៃដី​៤,៦​គីឡូម៉ែត្រ​ក្រឡាដែល​ថៃ ទើបតែ​អះអាង​ថ្មី​ៗ​ស្ថិត​នៅ​ក្នុង​ការ​កាន់កាប់​ជាក់ស្ដែង​ និង​តាម​ផ្លូវ​ច្បាប់​របស់​កម្ពុជា ​។ ដោយ​យល់ព្រម​ទទួល យក​​សាលដីកា​នោះ នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២ ​ថៃ​បាន​ដក​ទង់ជាតិ​របស់​ខ្លួន និង​កងទ័ព​របស់​ខ្លួនចេញពី​ប្រាសាទព្រះវិហារ​ និង​បរិវេណ​ជុំវិញ​ប្រាសាទ​ ។ ​ថៃ​បាន​ខកខាន​ស្នើ​សុំ​សើរើ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចាប់ពី​ថ្ងៃ​ចេញ​សាលដីកា​ ។ ដើម្បី​សម្រេចការ​ប៉ុនប៉ងយូរ​អង្វែង​របស់​ខ្លួន​ដើម្បី​ដណ្ដើម​កាន់​កាប់តំបន់​ជុំវិញ​ប្រាសាទ​នោះ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០០៨ ​ថៃបាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​មក​ឈ្លានពាន​ និង​កាន់កាប់​តំបន់​​ជុំវិញ​នោះ ដោយ​រំលោភ​ទាំងស្រុង​ទៅ​នឹងសាលដីកា​តុលាការ​យុត្ដិធម៌​អន្តរជាតិ​ឆ្នាំ​១៩៦២ ពិសេស​ថ្មី​ៗ​នេះ​អំពើ​ឈ្លាន​ពាន​របស់​ថៃ​ម្ដង​ហើយ​ម្ដងទៀត​បានរាល​ដាល​ដល់​តំបន់​ខាងលិច​នៃ​ប្រាសាទព្រះវិហារ​ដោយ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​នឹង​ធម្មនុញ្ញ​សហ​ប្រជាជាតិ និង​បទដ្ឋាន​ច្បាប់​អន្ដរជាតិ​ដទៃ​ទៀត​។
សារព័ត៌មាន​ថៃ ឌឹ​ណេ​ស្សិន ​បាន​ចុះ​ផ្សាយ​ថ្ងៃ​ទី​១ ឧសភា ឆ្នាំ​២០១១​ នូវ​បទ​វិចារណកថា​មួយក្នុង​ចំណងជើង​ថា «​កិច្ច​ប្រឹងប្រែង ​ដើម្បី​សុំ​ជំនួយ​ពី​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​មា​នក​ក្ដាគ្មាន​ប្រភព​ជា​ច្រើន» ហើយ​បទ​វិចារណកថា​ដដែល​នោះ​បន្ដ​ថា «​ប្រសិនបើ​តុលាការ​លើ​កយក​សំណើនោះ តើ​តុលាការ​នឹង​ប្រើប្រាស់ភស្ដុតាង​ចាស់​ដែល​បាន​​នាំ​ទៅ​ដល់​ការ​សម្រេច​សាល​ដីកា​​ឆ្នាំ​១៩៦២ ឬអនុ​ញ្ញាត​ឱ្យ​ប្រទេស​ទាំង​ពីរ​បង្ហាញ រឿង​ក្ដី​របស់​ខ្លួន​ម្ដងទៀតឬ?»​។

ច្បាស់​ណាស់​ថា​ តុលាកា​រនឹង​ប្រើប្រាស់​ផែន​ទី​ឧ​ប​សម្ព័ន្ធ​១ គឺជា​ភស្ដុតាង​ចាស់​ដែល​ត្រូវ​បាន​ផលិតដោយ​គណៈកម្មការ​កំណត់ព្រំដែន​រវាង​បារាំង​ឥណ្ឌូចិន​ និង​សៀម ​ស្រប​តាម​បទប្បញ្ញត្ដិ​នៃ​អនុសញ្ញា​ឆ្នាំ​១៩០៤​ ។ ក្នុង​ឆ្នាំ​១៩៦២ តុលា​ការ​បាន​ប្រើប្រាស់​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ​ដើម្បី​ប្រកាស​គាំទ្រ​យក​ខ្សែបន្ទាត់​ដូច​បាន​គូស​នៅលើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ ។ ប្រសិនបើ​ថៃ​ខ្វាក់​ភ្នែក​មើល​មិនឃើញ​ខ្សែបន្ទាត់​គូស​នៅ​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១នោះ​ ពិភពលោក​ទាំងមូល ពិសេស​ក្រុម​ប្រឹក្សា​សន្ដិសុខអាស៊ាន និង​តុលាការ​នឹង​មិន​ខ្វាក់​មើល​មិនឃើញផែនទី​ឧ​ប​សម្ព័ន្ធ​១ ហើយ​ផ្អែក​លើ​ខ្សែ​បន្ទាត់​ព្រំដែន​គូស​នៅ​លើ​ផែនទី​នោះ​បាន​ដាក់​ប្រាសាទព្រះវិហារ និងបរិ​វណ​ជុំវិញ​ប្រាសាទ​ស្ថិត​ក្នុង​ទឹកដី​កម្ពុជា​ ។ ជាក់ស្ដែង​ រឿង​ក្ដី​នេះ​ត្រូវ​បាន​វិនិច្ឆ័យ​ក្នុង​ឆ្នាំ​១៩៦២​ ជា​ស្ថាពរ និង​បិទផ្លូវ​ឧទ្ធរណ៍ដែល​មិន​បើក​ឡើង​វិញ​ឱ្យ​ថៃ​តវ៉ា​បាន​ឡើយ​ ។ ប៉ុន្ដែសម្រាប់​ប្រជាជាតិ​ថៃ​ដែល​គេ​គិត​ថា មាន​ភាព​ស៊ី​វិ​ល័យ​ក្នុង​សម័យកាល​សាកល​ភាវូបនីយកម្ម ដោយ​មុខមាត់ និង​កិត្ដិយស​របស់​ខ្លួន​ត្រូវ​ទទួល​ស្គាល់​កន្លង​មក​នៅ​លើ​ឆាក​អន្ដរ​ជាតិ ​ត្រូវ​តែ​រៀនសូត្រ​អនុវត្ដ​តាម​កាតព្វកិច្ច​អន្ដរជាតិ ដែល​តុលាការ​យុត្ដិធម៌អន្ដរជាតិ​ដែល​ជា​ស្ថាប័ន​ដ៏​មាន​អំណាច​មួយ​របស់​សហ​ប្រជា​ជាតិ​បាន​ផ្ដល់​ឱ្យ​ខ្លួន​។

ក្នុង​ខ្សែ​ភ្នែក​របស់​សហគមន៍​អន្ដរជាតិ ប្រទេស​ថៃ​ឥឡូវនេះ​កំពុង​តាំងខ្លួន​ជា​ហ៊ីទ្លែរហ្វា​ស៊ី​ស្តជាន់ឈ្លី​លើ​កិច្ចព្រមព្រៀង​អន្ដរជាតិ​ហើយ​ព្យាយាម​គូស​ផែនទី​ពិភពលោក​សារ​ជា​
ថ្មី បន្ទាប់​​ពី​ហ៊ី​ទ្លែរចាញ់​សង្គ្រាមលោក​លើក​ទី​១​។ ឥឡូវ​វា​មិន​ខុស​គ្នា​ទេ ថៃ​បាន ​និង​កំពុង​ព្យាយាម​បដិសេធ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ ហើយ​អនុវត្ដដោយ​កម្លាំងយោធា​នូវ​ផែនទី​សម្ងាត់​ឯកតោភាគី​របស់​ខ្លួន​ដែល​ពិភពលោក​មិន​បាន​ទទួលស្គាល់​ និង​ជា​ផែនទីគ្មាន​តម្លៃ​អន្ដរជាតិ​ ហើយ​គ្មាន​ប្រភព​ពី​កំ​ណើត ​ទើបតែ​ត្រូវ​បាន​គេ​ដឹង​នៅ​ទីក្រុង​ក្រៃ​ឆឺច​ក្នុង​ឆ្នាំ​២០០៧​ប៉ុណ្ណោះ​។

ក្នុង​បណ្ដឹង​លាយលក្ខណ៍អក្សរ​ក្នុង​ឆ្នាំ​១៩៥៩ កម្ពុជា​បាន​ទាមទារ​អធិបតេយ្យ​លើ​តំបន់​ប្រា​សាទព្រះ​វិហារ​ ដោយ​ផ្អែក​លើ​កម្ម​សិទ្ធិ​ស្រប​ច្បាប់​ច្បាស់លាស់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុសញ្ញា​ថ្ងៃ​ទី​១៣ កុម្ភៈ ឆ្នាំ​១៩០៤ និង​ការ​កំណត់ព្រំដែន​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​តាម​អនុ​សញ្ញា​នោះ​ដោយ​គណៈកម្មការចម្រុះ​កំណត់​ព្រំ​ដែន​តំណាង​ឱ្យ​ប្រទេស​បារាំង​ និង​សៀម​នា​សម័យ​នោះ​។

ក្នុង​ឆ្នាំ​១៩០៨ ​មានការ​បោះ​ពុ​ម្ពក្រោម​ច្បាប់​អនុញ្ញាត​ផ្លូវការ​របស់​គណៈកម្មការ​ចម្រុះ​ ដោយ​បាន​បញ្ជាក់​អះអាង​នូវ​អ្វី​ដែល​ជា​ការងារ​ពេញ​លេញ​​ក្នុង​ទម្រង់​ស៊េរី​ផែនទី​ទាំង​១១​ផ្ទាំង   ដែល​​កំណត់​លើ​ចំណែក​នៃព្រំដែន​រវាង​សៀម​ និង​បារាំង​ឥណ្ឌូចិន ​ស្រប​តាម​អនុសញ្ញា​ឆ្នាំ​១៩០៤​។ ផែនទី​៦​ផ្ទាំង​ក្នុង​ចំណោម​ផែនទីទាំង​១១​ផ្ទាំង​បង្ហាញ​ព្រំដែន​រវាង​សៀម​និង​កម្ពុជា​ ។ ផែនទី​មួយ​ក្នុង​ចំណោម​ផែនទី​ទាំង​៦​មាន​ចំណងជើង​ថា«​ដងរែក» ត្រូវ​បាន​កត់ត្រា​នូវ​ការ​កំណត់ព្រំដែន​លើ​ចំណែក​ព្រំដែន​ដែល​បង្ហាញប្រាសាទ​ព្រះ​វិហារ​ ស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា ​។ ផែនទី​សន្លឹក​ដងរែក​នេះ​ ត្រូវ​បាន​ភ្ជាប់​ជា​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ជាមួយនឹង​ពាក្យបណ្ដឹងរបស់​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥៩​ទៅ​តុលាការ​យុ​ត្ដិធម៌​អន្ដរជាតិ​ដែល​សារព័ត៌មាន​ថៃ ឌឹ​ណេ​ស្សិននិយាយ​សំដៅថា​ ជា​ភស្ដុតាង​ចាស់​ពិតប្រាកដ​។

ផែនទី​ទាំង​១១​ផ្ទាំង ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ផ្លូវការ​ដល់​សមាជិក​គណៈកម្មការ​ និង​រដ្ឋាភិ​បាល​​ទាំង​ពីរ​ ។ ផែនទី​ទាំងនោះ​រាប់​ទាំង​ផែនទី​សន្លឹក​ដងរែក​ផង ត្រូវ​បាន​រដ្ឋាភិបាល​សៀម​ទទួល​យក​ដោយ​គ្មាន​បាន​ធ្វើការ​ចោទសួរ ឬអធិ​ប្បាយ​ឡើយ ហើយ​សៀម​បាន​ប្រើប្រាស់​ផែនទី​នេះ​អស់​រយៈពេល​ជាង​៥០​ឆ្នាំ​ដោយ​គ្មាន​បាន​សួរនាំ​អំពី​ផែនទី​នោះ​ឡើយ​ ។

ក្នុង​ឆ្នាំ​១៩២៥ ​សៀម​និង​បារាំង​បាន​ចុះ​ហត្ថ​លេខា​លើ​សន្ធិសញ្ញា​មិត្ដភាព ពាណិជ្ជកម្ម និង​នាវា​ចរណ៍ ដែល​ក្នុង​នោះ ភាគី​ក្នុង​កិច្ចសន្យា​បា​នបញ្ជាក់​អះអាង​គោរព​ទៅ​វិញ​ទៅ​មក​នូវ​ព្រំដែន​ដែល​បាន​ត្រូវ​កសាងរួច​ហើយ​រវាង​ដែនដី​នៃ​ប្រទេស​ទាំង​ពីរ​ ។ ក្នុង​រយៈពេល​១២​ឆ្នាំ​ក្រោយ សន្ធិសញ្ញា​នេះ​ត្រូវ​បាន​ជំនួស​ដោយសន្ធិសញ្ញា​ឆ្នាំ​១៩៣៧​ដោយ​ធានា​នូវ​ការ​គោរព​ស្ថានភាព​នៅ​ដដែល​នៃ​ព្រំដែន​ដែល​ត្រូវ​បាន​កសាង​ហើយ​។

ក្នុង​ឆ្នាំ​១៩៣៥ ថៃ​បាន​ធ្វើការ​វាស់វែង​ដោយ​ខ្លួនឯង ​ហើយ​បាន​រៀបចំ​ផែនទី​មួយ​ក្នុង​តំបន់​ជម្លោះនោះ​ដែល​បង្ហាញ​ថា​ ប្រាសាទព្រះវិហារ​ស្ថិត​ក្នុង​ប្រទេស​ថៃ​ ។ ទោះបី​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ថៃ​បាន​បន្ដ ពី​ពេល​មួយ​ទៅ​ពេល​មួយ​ដោយ​បាន​ប្រើប្រាស់​ផែនទី​ឆ្នាំ​១៩០៨​រហូត​ដល់​កើត​មាន​ជម្លោះ​ក្នុង​ឆ្នាំ​១៩៥៨-៥៩​។

នៅ​ថ្ងៃ​ទី​១៥ មិថុនា ឆ្នាំ​១៩៦២​ តុលាការ​បាន​ពិចារណា​ថា​ ថៃ​ក្នុង​ឆ្នាំ​១៩០៨-០៩​បាន​ទទួល​យកផែនទី​ឧ​ប​សម្ព័ន្ធ​១​ថា​ជា​លទ្ធផល​ការងារ​របស់​គណៈកម្មការ​កំណត់ព្រំដែន ហើយ​បាន​ទទួល​ស្គាល់​ខ្សែបន្ទាត់លើ​ផែនទី​ថា​ ជា​ខ្សែ​បន្ទាត់​ព្រំដែនដែល​អានុភាព​នៃ​ការ​ទទួលយក​នោះ​ដាក់​ប្រាសាទព្រះវិហារ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា​។

ភាគី​ទាំង​ពីរ ដោយ​អាកប្បកិរិយា​របស់​ភាគី​ទាំង​ពីរ​បាន​ទទួលស្គាល់​ខ្សែបន្ទាត់ ហើយ​អានុ​ភាព​នៃការ​ទទួលស្គាល់​នោះ​បាន​យល់ព្រម​ចាត់​ទុក​ខ្សែបន្ទាត់​នោះ​ថា​ ជា​ខ្សែបន្ទាត់​ព្រំដែន​តុលា​​ការ​ក៏​បាន​ពិចារណា​ថា​ ការ​ព្រម​ទទួលយក​ផែនទី​ឧ​ប​សម្ព័ន្ធ​១​ដោយ​ភាគី​ទាំង​ពីរ​នាំ​ឱ្យ​ផែនទី​ចូល​ក្នុង​ដំណោះស្រាយ​សន្ធិសញ្ញា និង​ក្លាយជា​ផ្នែក​ទាំងស្រុង​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញពី​សន្ធិ​សញ្ញា​។

ម្យ៉ាងទៀត ភាគី​ទាំង​ពីរ​នៅ​ពេល​នោះ​បានសម្រេច​ទទួលយក​ការ​បកស្រាយ​មួយ​នេះ​នៃ​ដំណោះស្រាយ​សន្ធិសញ្ញា​ដែល​ថា ក្នុង​ករណី​មាន​ការ​ខុស​គ្នា​ជាមួយនឹង​ខ្សែ​បែងចែក​ទឹក ខ្សែ​ដែល​បា​នគូស​នៅ​លើផែនទី​នេះ​មាន​អានុភាព​លើស​លប់​លើ​បទប្បញត្ដិ​ផ្សេង​ទៀត​របស់​សន្ធិ​សញ្ញា​។

​ការ​ចង្អុលបង្ហាញ​ខ្សែ​បែងចែក​ទឹក​នៅ​ក្នុង​មាត្រា​១​នៃ​អនុសញ្ញា​ឆ្នាំ​១៩០៤ គឺ​គ្រាន់តែ​ជា​មធ្យោបាយជាក់ស្ដែង​និង​ងាយស្រួល​ប៉ុណ្ណោះ​ក្នុង​ការ​រៀបរាប់​នូវ​ព្រំដែន​មួយ​ប្រាក​ដ​ដោយ​សត្យា​នុ​ម័ត ទោះជា​តាមលក្ខខណ្ឌ​ទូទៅ​ក្ដី​ ។ ប៉ុន្ដែ ពុំ​មាន​ហេតុផល​ណាមួយ​ដែល​ត្រូវ​យក​មក​ពិចារ​ណា​ថា​ ភាគី​ទាំង​ពីរ​បានឱ្យ​សារសំខាន់​ពិសេស​ណាមួយ​ទៅ​នឹង​ខ្សែ​បែងចែក​ទឹក​បែប​នេះ​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​សារសំខាន់ដែល​មាន​អាទិភាព ពោល​គឺ​ផលប្រយោជន៍​នៃ​ដំណោះស្រាយ​ជា​ស្ថាពរ​ក្នុង​ការ​គោរព​តាម​ខ្សែ​នៅ​លើ​ផែន​ទី​ដូច​ដែល​ត្រូវ​បាន​កំណត់​និង​ត្រូវ​បាន​ព្រម​ទទួលយក​ដោយ​ភាគី​ទាំង​ពីរ​រួច​ហើយ​។

ហេតុ​ដូចនេះ តុលាការ​យល់​ថា តាម​ទស្សនៈ​នៃ​ការ​បកស្រាយ​សន្ធិសញ្ញា​ត្រូវ​សម្រេច​យក​ខ្សែ បន្ទាត់​ព្រំដែន​ដូចដែល​បាន​គូស​នៅ​លើ​ផែនទី​ក្នុង​តំបន់​ជម្លោះ​។
​ឥឡូវនេះ ខ្សែបន្ទាត់​ព្រំដែន​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១ត្រូវ​បាន​ទទួលយក​ដោយ​តុលាការ​តាំង​ពី​ឆ្នាំ១៩៦២ ហើយ​៤៦​ឆ្នាំ​ក្រោយ​មកនេះ​ត្រូវ​បាន​ថៃ​ជំទាស់​ដោយ​ដាក់​ជំនួស​ផែនទី​សម្ងាត់​ឯក​តោភាគី​របស់​ខ្លួនដែល​ជា​ផែនទី​គ្មាន​តម្លៃ​អន្ដរ​ជាតិ​ ទទួលស្គាល់​ដោយ​ថៃ​ខ្លួនឯង ​ហើយ​ក្រោយ​មក​ថៃ​អះអាង​ថា​ តុលាការសម្រេច​ដាក់​តែ​តួ​ប្រាសាទ​ប៉ុណ្ណោះ មិន​បាន​សម្រេច​ដី​នៅ​ជុំវិញ​ប្រាសាទ​ឡើយ​ ។ ថៃ​បាន​អះអាង​ថា​ ខ្សែ បន្ទាត់​ព្រំដែន​គួរ​ដើរ​តាម​ខ្សែ​បែងចែក​ទឹក​នៃ​ជួរ​ភ្នំ​ដងរែក​ស្រប​តាម​សន្ធិសញា​ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧​ ។ ប៉ុន្ដែការ​លើក​ឡើង​របស់​ថៃត្រូវ​បាន​តុលាការ​ទាត់​ចោល​ក្នុង​ឆ្នាំ​១៩៦២​ដូច​ហេតុផល​បង្ហាញ​ខាងលើ​ ។ តុលាការ​គ្មាន​មុខងារ​ដើម្បី​កែប្រែ​ខ្សែបន្ទាត់​ព្រំដែនដែល​ត្រូវ​បាន​កំណត់​ដោយ​គណៈកម្មការ​ចម្រុះ​កំណត់ព្រំដែន​ឆ្នាំ​១៩០៤​​ឡើយ​។

តាម​ផ្លូវច្បាប់​ សាលដីកា​របស់​តុលាការ​មិន​ត្រូវ​បាន​បើក​ឡើង​វិញ​ដើម្បី​ឱ្យ​ថៃ​ធ្វើការ​តវ៉ា​បាន​ឡើយព្រោះថា ការ​ព្រម​ទទួលយក​ការ​លើក​ឡើង​របស់​ថៃ​នឹង​នាំ​ឱ្យ​មានការ​គ្រោះថ្នាក់​ដល់​សន្ដិភាព​និង​ស្ថិរភាពក្នុង​តំបន់​ចំពោះ​ព្រំដែន​ត្រូវ​បាន​កសាង​អស់​រយៈពេល​ជាង​១០០​ឆ្នាំ ហើយ​បែរជា​ត្រូវ​កែប្រែ​ឡើង​វិញ​បាន​នោះទេ ​។

ដើម្បី​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ថា ​ខ្សែបន្ទាត់​ព្រំដែន​លើ​ផែនទី​ឧ​ប​សម្ព័ន្ធ​១មាន​សុពលភាព និង​នី​ត្យា​នុកូ​ល​ភាព​អន្ដរជាតិ នៅ​ថ្ងៃ​ទី​២៨ មេសា ឆ្នាំ​២០១១​ថ្មី​ៗ​នេះ កម្ពុជា​បាន​ស្នើ​សុំ​តុលាការ​យុត្ដិធម៌​អន្ដរជាតិធ្វើការ​បកស្រាយ​សាលដីកាឆ្នាំ​១៩៦២ ហើយ​ត្រូវ​ស​ង្ឃឹម​ថា​ ការ​ឆ្លើយ​តប​របស់​តុលាការ​នឹង​ជម្រះ​ឱ្យ​អស់នូវ​ការ​មិន​ច្បាស់​លាស់​ទាំងឡាយ​ក្នុង​សាលដីកានោះ​ ។ ដូច្នេះ​ហើយ ​ថៃ​មិន​អាច​បន្ដ​បដិសេធ​មិន​គោរពខ្សែ​ព្រំដែន​ដែល​ត្រូវ​បាន​កំណត់​អស់​រយៈពេល​ជាង​១០០​ឆ្នាំ​មក​ហើយ​ ហើយ​ក្នុង​ខ្សែ​ភ្នែក​របស់​សហគមន៍អន្ដរជាតិ ថៃ​ប្រហែល​មិន​មែន​ជា​ប្រជាជាតិ​មួយ​នៅ​ក្រៅច្បាប់​អន្ដរជាតិ​នោះ​ទេ​។ កិត្ដិយស​ និង​មុខមាត់របស់​ថៃ​លើ​ឆាក​អន្ដរជាតិ​ត្រូវ​បាន​កសាង​ទុក​យូរលង់​ណាស់​មក​ហើយដែល​​មិន​គួរ​ត្រូវ​បាន​បំផ្លាញ​ចោល​ដោយ​សារ​យក​បញ្ហា​ផ្ទៃក្នុង​របស់​ខ្លួន​មក​លាយឡំ​ជា​មួយ​នឹង​ប្រទេស​ជិតខាង​ខ្លួន​សោះឡើយ​ ៕