រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋទាំងក្មេង និងចាស់សរុប២៤នាក់មានអាការចុកពោះ ក្អួតចង្អោរ ដោយសារពុលត្រប៉ែ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យកុមារជាតិ ដើម្បីសង្គ្រោះបន្ទាន់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៣ ឧសភា ២០១១ នៅក្នុងភូមិទួល សង្កាត់ពន្សាំង ខណ្ឌដង្កោ ។ ប្រជាពលរដ្ឋទាំង២៤នាក់នោះមានទាំងក្មេង និងចាស់ បានពុលគ្រប់ៗគ្នា បន្ទាប់ពីពួកគេនាំគ្នាហូបត្រប៉ែ ដែលស្ត្រីចំណាស់ម្នាក់ទូលដើរលក់ ។ ស្ត្រីដែលជាអ្នកលក់ត្រប៉ែឈ្មោះប៉ិ សាន អាយុ៧១ឆ្នាំ មានទីលំនៅភូមិខាងលើ ពេលនោះត្រូវបានប៉ូលិសហៅទៅធ្វើការសួរនាំនៅប៉ុស្តិ៍ផងដែរ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋខាងលើបាននាំ គ្នាទិញត្រប៉ែរបស់ស្ត្រីខាងលើហូប លុះរយៈពេល១ម៉ោងក្រោយមកក៏ស្រាប់តែមានអាការចុកពោះ វិលមុខ និងក្អួត យ៉ាងធ្ងន់ធ្ងរគ្រប់ៗគ្នាតែម្តង។ ពេលនោះអ្នករងគ្រោះខ្លះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឯកជន និងខ្លះទៀតទៅមន្ទីរពេទ្យរដ្ឋ ឯក្មេងៗត្រូវបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ ដើម្បីសង្គ្រោះបន្ទាន់ ហើយពុំទាន់ដឹងថា មានអ្នកស្លាប់ឬអត់នោះឡើយ ៕
ចែករំលែកព័តមាននេះ