រាជធានីភ្នំពេញ ៖ ការជួបជុំសមាជិក សមាជិកា កាកបាទក្រហមកម្ពុជានៃខួបលើកទី១៤៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រុមមន្ត្រីរដ្ឋាភិបាល ពាណិជ្ជករ អង្គការជាតិ-អន្តរជាតិ តំណាងស្ថានទូតនានា ដៃគូជំនួយ និងសប្បុរសជននានាបានឧបត្ថម្ភប្រាក់វិភាគទានដល់កាកបាទក្រហមកម្ពុជា៨លាន៥សែន៩ម៉ឺន៤ពាន់២៨៨ដុល្លារ សម្រាប់ធ្វើសកម្មភាពមនុស្សធម៌ដល់ជនងាយរងគ្រោះ ជនរងគ្រោះទាំងឡាយ ក្នុងនោះជនស៊ីវិលរងគ្រោះ ដោយសារភៀសសឹកថ្មីៗនេះក៏ត្រូវបានជួយសង្គ្រោះជាបន្តបន្ទាប់ផងដែរ ។
សូមបញ្ជាក់ថា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីមិទ្ទីងរំឭកខួបលើកទី១៤៨ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ «កម្លាំងអ្នកស្ម័គ្រចិត្ត ប្រសិទ្ធភាពមនុស្សធម៌» វេលាម៉ោង៨ព្រឹកថ្ងៃទី៣ ឧសភា ២០១១ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា តាមកំណាត់ផ្លូវលេខ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
មិទ្ទីងទី១៤៨ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហមដែលបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំក្នុងគោលដៅកៀងគរមូលនិធិសប្បុរសជនទាំងថ្នាក់ជាតិ-អន្តរជាតិ ទាំងនៅក្នុង និងក្រៅប្រទេស សម្រាប់បម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហម ។ ជាមួយនេះនឹងមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងស្ថានទូតនានា អង្គការជាតិ-អន្តរជាតិ ដៃគូផ្តល់ជំនួយ និងសមាជិក សមាជិកា កាកបាទក្រហមចូលរួមយ៉ាងច្រើនកុះករ ។
សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមនាពេលកន្លងមកថ្មីៗនេះ ទី១-ជួយសង្គ្រោះសម្រាលទុក្ខលំបាកដល់ពលរដ្ឋដែលរងគ្រោះនៅលើស្ពានពេជ្រ នៃមណ្ឌលពាណិជ្ជកម្មតាំងពិព័រណ៍ទីក្រុងកោះពេជ្រ ទី២-ជួយចែកអំណោយស្បៀងអាហារ សម្ភារដល់ពលរដ្ឋរងគ្រោះដោយសារសង្គ្រាម ថៃបាញ់ផ្លោងចូលទឹកដីកម្ពុជានៅព្រំដែនខេត្តព្រះវិហារ ទី៣-ជួយចែកអំណោយស្បៀងអាហារ សម្ភារដល់ពលរដ្ឋរងគ្រោះដោយសារសង្គ្រាមថៃបាញ់ផ្លោងចូលទឹកដីកម្ពុជារាប់ម៉ឺនគ្រាប់នៅព្រំដែនខេត្តឧត្តរមានជ័យ ទី៤-ចូលរួមចំណែកអប់រំដល់សិស្សានុសិស្ស ប្រជាពលរដ្ឋលើផ្នែកចរាចរ អប់រំតាមសាលាមធ្យមសិក្សា ឬនៅតាមសាកលវិទ្យាល័យពីបញ្ហាក្មេងទំនើង ពីបញ្ហាគ្រោះថ្នាក់គ្រឿងញៀន និងពីបញ្ហាកសាងអំពើល្អ ទី៥-សហការចុះជាប់នៅតាមបណ្តាខេត្តនានាជួយជនរងគ្រោះផ្សេងៗ ជាពិសេសលើបញ្ហាសុខភាព ៕
ចែករំលែកព័តមាននេះ