ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ​​នៅប្រើលូសម័យ​​បារាំង​ប្រមាណ​​​​២០%​ ពេលនេះ​​បាក់ស្រុត​​ជា​បន្ត​បន្ទាប់

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ សាលារាជធានីភ្នំពេញ​បាន​និង​កំពុង​​​​យកចិត្តទុកដាក់​​ជា​ខ្លាំង ​​ក្នុងការ​រៀបចំ​ប្រព័ន្ធ​​បង្ហូរ​ទឹក​​​ស្អុយ​ក្រោម​ដី​ ដែល​​ជា​ក្តី​កង្វល់​​​ក្នុង​ការ​​​រំដោះទឹក​​ចេញ​​​ក្រៅ​ក្រុង​ បញ្ចៀស​​​ការ​​​ជន់​លិច​​​​ដោយជំនន់ទឹកភ្លៀង​​​​ ខណៈ​ពេលដែល​​ដំណើរការ​​​​​​​អភិវឌ្ឍន៍​​រាជធានី​​ ពីមួយ​ឆ្នាំ​ទៅមួយ​​ឆ្នាំ​​​​​​មានការ​​​ចាក់ដី​បំពេញ​​​

រាជធានីភ្នំពេញ ៖ ​ក្នុងរយៈ​ពេល​ប៉ុន្មាន​​ឆ្នាំ​ចុងក្រោយ​នេះ សាលារាជធានីភ្នំពេញ​បាន​និង​កំពុង​​​​យកចិត្តទុកដាក់​​ជា​ខ្លាំង ​​ក្នុងការ​រៀបចំ​ប្រព័ន្ធ​​បង្ហូរ​ទឹក​​​ស្អុយ​ក្រោម​ដី​ ដែល​​ជា​ក្តី​កង្វល់​​​ក្នុង​ការ​​​រំដោះទឹក​​ចេញ​​​ក្រៅ​ក្រុង​ បញ្ចៀស​​​ការ​​​ជន់​លិច​​​​ដោយជំនន់ទឹកភ្លៀង​​​​ ខណៈ​ពេលដែល​​ដំណើរការ​​​​​​​អភិវឌ្ឍន៍​​រាជធានី​​ ពីមួយ​ឆ្នាំ​ទៅមួយ​​ឆ្នាំ​​​​​​មានការ​​​ចាក់ដី​បំពេញ​​​ទីវាល​ទំនាប ឬ​​បឹង​​ប្រឡាយ​​​​មេជា​ដើម ។ ​ដោយ​សារ​ចំណុច​​​នេះ​ហើយ​​​ទើបធ្វើ​ឱ្យ​​រាជធានី​​ភ្នំពេញ ជួប​បញ្ហា​​លំបាក​​ជា​ខ្លាំង​ក្នុង​​ការ​​​រំដោះទឹក​​​ចេញក្រៅ​​ក្រុង។​

ចំពោះ​​​ការ​រៀបចំ​​ប្រព័ន្ធលូ​ក្នុង​សម័យ​​​អាណា​និគម​​បារាំង​​ ​ពួកបារាំង​​​ធ្វើឡើង​ដោយ​នឹក​ស្មាន​​​មិន​ដល់​ថា ​រាជធានី​​​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​​​ជឿន​លឿន​​​​ដូចសព្វថ្ងៃ​ ​ដែលកាល​ណោះ​​គេ​​​គិត​ថា​ភ្នំពេញ​​​​​​មាន​មនុស្ស​​តែប្រមាណ​​​​៥ម៉ឺន​នាក់យ៉ា​ងច្រើន​​​ប៉ុណ្ណោះ​​ ។ ​តែ​ផ្ទុយទៅវិញ ​​រាជធានី​ភ្នំពេញ​នៅ​​ជំនាន់សម្តេច​​​តេជោហ៊ុន សែន ​​​មាន​ប្រជា​ពលរដ្ឋ​​​​រស់នៅ​ប្រមាណ​​​​២លាននាក់​​​ ដោយ​មិនគិត​ពីការ​ធ្វើ​ដំណើរ​​​របស់​​ប្រជា​ពលរដ្ឋ​​ចេញ​-ចូល​​រកស៊ី ឬ​ប្រកប​​​​ការងារ​នៅភ្នំពេញ​​រាល់ថ្ងៃ​​​​នោះទេ​ ទើប​ធ្វើ​​ឱ្យ​​​មាន​បញ្ហា​ប្រឈម​​ជា​ច្រើន​​​ដែល​រាជរដ្ឋាភិបាល​សម័យនេះ​ ​​​ត្រូវកែ​​​សម្រួល ​​រៀបចំ​ និង​ស្ថាបនា​​ថ្មីទាំង​ស្រុង​​​​ ដូចជា​​ប្រព័ន្ធ​​​​លូចាស់នាសម័យបារាំង ​​​មក​ដល់​ពេលនេះ​​​​​​​ចាប់​​ផ្តើម​​​ពុកផុយ​ជា​​​បណ្តើរៗ និងខ្លះ​កំពុង​​​បាក់ស្រុត​​ជា​បន្តបន្ទាប់ ​ដែល​​សព្វ​ថ្ងៃ​​​​​​លូសម័យ​បារាំង​​​នៅ​សល់​តែ​​​​​២០%​ប៉ុណ្ណោះ។

ដោយសារ​​ការខិតខំ​ប្រឹងប្រែង​​របស់អាជ្ញា​ធរ​​​រាជធានីភ្នំពេញ ​​ហើយ​ទិស​ដៅ​ឆ្នាំ​​​២០១១ ​និង​​២០១២ ​ខាងមុខនេះ ​សាលា​រាជ​ធានី​​ភ្នំពេញ​​​​​ជម្រុញឱ្យ​ធ្វើការ​​​​ផ្លាស់ប្តូរ​ លូ​ចាស់​​​ចេញ​ឱ្យអស់​ ​ជំនួស​​ដោយ​លូថ្មី ដើម្បី​​​​​សម្រួល​ប្រព័ន្ធ​ផ្លូវ​ទឹក​ស្អុយ ​​ក្រោម​ដី​​ឱ្យហូរ​​​បានលឿន និង​​​បញ្ចៀស​​​ការ​បាក់​ស្រុត​តទៅ​​​ទៀត ។ ​ជាក់ស្តែង​​ប្រព័ន្ធ​​​លូ​មេ​​​ មាន​មុខកាត់​​មួយ​​​​ម៉ែត្រ​​​​​កន្លះ ​តភ្ជាប់​ពី​អាង​ទឹកអូឡាំ​ពិក ​ទៅភ្ជាប់​​​នឹង​ប្រឡាយ​​​​ទួល​សែន​នៅចំណុច​ក្នុង​វត្ត​​មហា​មន្ត្រី​​​ ខណ្ឌ​ចំការមន ​បាន​បាក់ស្រុត​​​ជា​បន្តបន្ទាប់​​​ដែល​ចាំបាច់​​សាលា​​​រាជ​ធានី​​​​ភ្នំពេញ​ត្រូវ​​​ដាក់ថ្មី​ជំនួស​​​។​ ​ក្រោម​​ការ​​ណែនាំ​​ពី​​លោក​កែប ជុតិ​មា ​​អភិបាលរាជ​ធានីភ្នំពេញ ​​អង្គ​ភាព​លូ​ទឹក​នៃ​មន្ទីរ​សាធារណ​ការរាជធានី ដឹកនាំ ដោយ​​​​លោក​​នៅ សារឿន ​ជា​ប្រធាន​​​​ បាន​​​​​ដំណើរ​ការ​​ដាក់​ប្រព័ន្ធ​​​​លូថ្មី ទៅជំនួស​​​លូ​ដែល​​បាក់ស្រុត​​​ភ្លាមៗ​តែម្តង ​​ដើម្បីតភ្ជាប់​​​ប្រព័ន្ធ​​​ផ្លូវ​ទឹក​ស្អុយ​​​ឱ្យហូរ​​​ដូចធម្មតា​វិញ ៕​