រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នត់គំនិតអ្នកមាន បានរៀបចំបើកសិក្ខាសាលាស្តីពីការវិនិយោគលើអចលនទ្រព្យដោយប្រើលុយតិច ឬមិនប្រើសោះតែម្តង ដែលសិក្ខាសាលានេះបានប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៣០ មេសា នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ លោកចួន ធូ ប្រធាននាយកប្រតិបត្តិមជ្ឈមណ្ឌលហ្វឹកហ្វឺនផ្នត់គំនិតអ្នកមាន បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី៣០ មេសា ដល់ថ្ងៃទី១ ឧសភា ដោយមានសិក្ខាកាមចូលរួមចំនួន៣៥នាក់ដែលជាម្ចាស់គ្រឹះស្ថានជំនួញ អ្នកដែលកំពុងត្រៀមខ្លួនចូលក្នុងវិស័យជំនួញ ម្ចាស់ដីក្នុងទីក្រុងភ្នំពេញ ដែលមានទំហំធំអាចសង់ខុនដូរបាន ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម អ្នកវិនិយោគតូចធំ អ្នកដែលកំពុងបណ្តាក់ទុនលើអចលនទ្រព្យ អ្នកអភិវឌ្ឍផ្នែកចលនទ្រព្យ អ្នករកស៊ីចងការប្រាក់ អ្នកមានបំណងចង់ក្លាយជាម្ចាស់ជំនួញ និងអ្នកដែលចង់ក្លាយជាអ្នកមាន ។
លោកចួន ធូ បានបញ្ជាក់ថា សិក្ខាសាលានេះមានធ្វើបទបង្ហាញអំពីវិធីសាស្ត្ររកផលចំណេញពីការវិនិយោគលើអចលនទ្រព្យក្នុងស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងផ្តល់ចំណេះដឹងក្នុងការបណ្តាក់ទុនសម្រាប់ខ្លួនឯង ដើម្បីទទួលជោគជ័យនៅពេលអនាគត ។ ក្រៅពីនេះ សិក្ខាសាលាក៏មានលើកឡើងផងដែរអំពីបញ្ហាលំបាកនានា ដែលនឹងអាចកើតមាននៅក្នុងការធ្វើជំនួញ បង្ហាញពីរបៀបធ្វើផែនការនៅក្នុងជំនួញដើម្បីទទួលជោគជ័យ បង្រៀនសិក្ខាកាមឱ្យមានការយល់ដឹងអំពីការប្រើដើមទុនឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងសម្លឹងមើលទៅលើផលចំណេញ ។ ជាងនេះទៀត សិក្ខាសាលាក៏មានបង្រៀនឱ្យសិក្ខាកាមចេះមើលអំពីស្ថានភាពដែលត្រូវទិញអចលនទ្រព្យដែលថោកជាងទីផ្សារដល់ទៅ៥០ភាគរយ និងឱ្យស្គាល់អំពីកាលៈទេសៈដែលត្រូវសម្រេចចិត្តបោះទុនវិនិយោគ ៕
ចែករំលែកព័តមាននេះ