ប្រទេសអូទ្រីស៖ ឧក្រិដ្ឋជនជនជាតិអូទ្រីស ឈ្មោះចូសែហ្វ ហ្វ្រីតហ្សល (Joseph Fritzl) មានកេរ្តិ៍ឈ្មោះអសោចធ្វើបាបកូនស្រីខ្លួនឯងរហូតដល់មានកូនច្រើននាក់ជាមួយគ្នា។ ថ្មីៗនេះគាត់បានសរសេរសំបុត្រមួយច្បាប់ពីក្នុងគុកដើម្បីថ្វាយព្រះមហាក្សត្រឆាលនៃចក្រភពអង់គ្លេស។ ឧក្រិដ្ឋជនរូបនេះត្រូវសារព័ត៌មានខ្លះចាត់ទុកថា «មានរូបរាងជាមនុស្ស, ប៉ុន្តែមានចិត្តជាសត្វតិរច្ឆាន្ត»។ គាត់មានក្ដីសុបិនថាថ្ងៃណាមួយគាត់នឹងរស់នៅមានសេរីភាពឡើងវិញ។

នៅក្នុងចុតហ្មាយថ្វាយព្រះមហាក្សត្រឆាលនោះ, ចូសែហ្វ ហ្វ្រីតហ្សល កោតសរសើរមិនដាច់ពីមាត់ចំពោះព្រះអង្គ។ គាត់ធ្លាប់បានសរសេរសំបុត្រជាច្រើនថ្វាយព្រះអង្គ ឬរម្លឹកអំពីព្រះនាមរបស់ព្រះអង្គ។ គាត់ត្រូវតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារ១ជីវិតពីបទស្មន់, រំលោភសេពសន្ថវៈ, បង្ខាំងមនុស្សខុសច្បាប់, ធ្វើបាបមនុស្សដូចទាសករ និងទោសជាច្រើនទៀត។

បុគ្គលរូបនេះបានប្រព្រឹត្តទង្វើដែលអាក្រក់ជួរជាតិ។ គាត់ចាប់កូនស្រីបង្កើតរបស់ខ្លួនឯងបង្ខាំងទុកនៅក្នុងបន្ទប់ក្រោមដីរយៈពេល២៤ឆ្នាំ និងរំលោភសេពសន្ថវៈមានកូនជាមួយគ្នា៧នាក់។ បានសេចក្ដីថាកូនទាំងនោះត្រូវជាកូនខ្លួនឯងផង និងត្រូវជាចៅខ្លួនឯងផង។ បើនៅស្រុកខ្មែរគេហៅថា ត្រីឆ្ដោស៊ីកូនឯង។ ប៉ុន្តែចូសែហ្វ ហ្វ្រីតហ្សល អាក្រក់ជាងហ្នឹងទៅទៀត។

គាត់កំពុងអនុវត្តទោសនៅក្នុងពន្ធនាគារប្រទេសអូទ្រីស និងទើបតែបានសរសេរលិខិតចេញពីក្នុងគុកផ្ញើទៅមេធាវីដ៏ល្បីម្នាក់ប្រចាំទីក្រុងវីយែន (Vienna)។ កាសែត Heuter របស់អូទ្រីសផ្សាយថាឥឡូវនេះគាត់កាន់តែចាស់ជរាមែនទែនហើយ អាយុ៨៨ឆ្នាំ។ សូម្បីតែដើរក៏ដើរមិនកើតដែរ។ ទាល់តែប្រើប្រាស់រទេះសម្រាប់រុញ។ នៅក្នុងលិខិតនោះ, គាត់សរសេររៀបរាប់ថាអ្នកខ្លះចង់ឱ្យជាប់គុករហូតដល់ថ្ងៃស្លាប់។ ប៉ុន្តែគាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹងមានសេរីភាពឡើងវិញ។

គាត់ថាគាត់មិនតក់ស្លុតនឹងសេចក្ដីស្លាប់សូម្បីតែបន្តិច។ គាត់ប្រាប់មេធាវីថាគាត់សម្រេចចិត្តឈប់បរិភោគសាច់ជារៀងរហូត។ គាត់បរិភោគតែបន្លែប៉ុណ្ណោះ។ គាត់ថាគាត់ខ្ពើមសាច់បន្ទាប់ពីដឹងថាចុងភៅនៅក្នុងពន្ធនាគារដែលគាត់កំពុងជាប់ឃុំនោះ ធ្លាប់បានសម្លាប់នារីម្នាក់ដើម្បីភ្លះយកសាច់ធ្វើម្ហូប។ ឥឡូវនេះ ចុងភៅនោះក៏កំពុងអនុវត្តទោសមួយជីវិតដូចគាត់ដែរ។

គាត់ប្រាប់មេធាវីថាបន្ទាប់ពីមើលពិធីរាជាភិសេកព្រះមហាក្សត្រឆាលតាមកញ្ចក់ទូរទស្សន៍, គាត់ហាក់ដូចជាមាននិស្ស័យជាមួយព្រះអង្គ។ គាត់ចាត់ទុកថាព្រះអង្គជាបុគ្គលដែលមានព្រះទ័យជ្រះថ្លា។ គាត់និយាយធ្វើឱ្យគេអស់សំណើចត្រង់ប្រយោគដែលគាត់ចាត់ទុកខ្លួនគាត់ជាអ្នករាជានិយម។

កាលពីដើមឆ្នាំ២០២៣, មេធាវីរបស់គាត់ចេញផ្សាយសៀវភៅ១ក្បាលដែលជាស្នាដៃនិពន្ធរួមគ្នារវាងមេធាវី និងចូសែហ្វ ហ្វ្រីតហ្សល មានចំណងជើងថា «ចូសែហ្វធ្លាក់ទៅក្នុងអន្លង់បាបកម្មដ៏ជ្រៅ»។មេធាវីសរសេររៀបរាប់បែបលន្លង់លន្លោចថា «ហ្វ្រីតហ្សលមិនមែនជាមនុស្សសាហាវឃោរឃៅពេកទេ។ គាត់ជាមនុស្សមានមន្តស្នេហ៍។ គាត់ជាមនុស្សពិតៗ, មិនមែនជាសត្វតិរច្ឆាន្តដែលមានរូបរាងជាមនុស្សទេ។ គ្រាន់តែថាគាត់មិនទាន់លាងជម្រះចិត្តអកុសលនៅក្នុងខ្លួនឱ្យបានស្អាតល្អ។

នៅក្នុងសៀវភៅនោះ, ចូសែហ្វ ហ្វ្រីតហ្សលក៏បានអះអាងថាគាត់ជាមនុស្សធម្មតាដូចគេដូចឯង។ហ្វ្រីតហ្សលមិនហ៊ានដើរនៅក្នុងបរិវេណពន្ធនាគារទេ ព្រោះគាត់ខ្លាចអ្នកទោសដទៃទៀតដែលស្អប់ខ្ពើមទង្វើរបស់គាត់ស្ទាក់លបវាយគាត់តាមផ្លូវ។ រហូតមកដល់ពេលនេះ , រឿងរ៉ាវដ៏គម្រក់របស់គាត់បានបែកធ្លាយទៅខាងក្រៅអស់រយៈពេល១៥ឆ្នាំមកហើយ៕
ប្រភព៖ កាសែត Daily Star
https://www.dailystar.co.uk/news/world-news/monster-josef-fritzl-dreams-freedom-29945005?int_source=nba
ចែករំលែកព័តមាននេះ