ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិតនៅរាជបណ្ឌិត្យសភាកម្ពុជា រំលេចស្នាដៃគំនូរ ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​២០២៣

11 ខែ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេ​ម (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា បាន​និង​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ស៊ី​ហ្គេ​ម (SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា បាន​និង​កំពុង​ធ្វើ​ជា​ម្ចាស់ផ្ទះ បច្ចុប្បន្ន​នេះ ក្រុម​និស្សិត​ដែល​កំពុង​សិក្សា​ស្រាវជ្រាវ លើ​មុខ​ជំនាញ​វិចិត្រកម្ម នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ចេញស្នាដៃ​គូរគំនូរ ចំនួន​០៣ របស់​កីឡាការិនី ស្រួ​ង ភា​វី (​ម្ចាស់​មេដាយមាស​ប៊ី​យ៉ា​កា​រ៉ុ​ម​) កីឡាការិនី ប៊ួ សំណាង (​អត្តពលកម្ម​) និង​លោក Keisuke Honda (​អ្នកចាត់ការ​ទូទៅ​បាល់ទាត់​ជម្រើសជាតិ នៅ​កម្ពុជា​) ។

គំនូរ​ខ្វៀក គូរ​ដោយ​និស្សិត Chan Samphors បាន​បញ្ចេញស្នាដៃ​គូរគំនូរ​ខ្វៀក​របស់​កីឡាការិនី ០២​រូប រួម​មាន ៖

ទី​១- គឺ​អ្នក​នាង ស្រួ​ង ភា​វី ម្ចាស់​ជើងឯក​លើ​ផ្នែក​កីឡា​ស្នូកឃ័រ ឬ​ប៊ី​យ៉ា​កា​រ៉ុ​ប នៅ​ប្រទេស​កូរ៉េ​ខាងត្បូង នា​ពេល​ថ្មី​ៗ​នេះ ក៏​បាន​សាង​ស្នាដៃ​ថ្មី​មួយទៀត​ជូន​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បាន​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​កីឡា​ស្នូកឃ័រ​ឬ​ប៊ី​យ៉ា​កា​រ៉ុ​ម ៣​បាំង ។

និង​ទី​២- កីឡាការិនី​អត្តពលកម្ម ប៊ួ សំណាង ក្នុង​ការ​ប្រកួត​វិញ្ញាសា​រត់​ចម្ងាយ ៥,០០០​ម៉ែត្រ បាន​ខិតខំ​ប្រឹងប្រែង​រត់​ក្រោម​ដំណក់ទឹកភ្លៀង ក្នុង​ស្មារតី​មិន​បោះបង់ រហូត​មក​ដល់ទី​ព្រ័ត្រ បើ​ទោះបីជា​អត្ត​ព​លិ​ក​រូប​នេះ មិន​ទទួល​បាន​មេដាយ​ក៏​ដោយ ។

ចំណែកឯ​រូបគំនូរ​របស់​និស្សិត ព្រហ្ម ពុធ​វិសាល វិញ​គឺ​គូររូប​លោក Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​២០១៨ ដល់ ឆ្នាំ​២០២៣ ដោយ​បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​ជា​ច្រើន និង​ទទួល​បាន​ជោគជ័យ​លើ​គូប្រកួត​អន្តរជាតិ​ជា​ច្រើន គួរ​ឱ្យ​ស្ងប់​ស្ងែ​ង​និង​មោទកភាព​។

សូម​ជម្រាប​ថា កាលពី​យប់​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣ កន្លង​មកនេះ ជា​ការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា និង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ឥណ្ឌូ​នេ​ស៊ីក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​៣២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​លោក ហុងដា ធ្វើ​ជា​អ្នកចាត់ការ​ទូទៅ​បាល់ទាត់​ជម្រើសជាតិ នៅ​កម្ពុជា​ផង​ដែរ​។

ការ​លះបង់​កម្លាំងកាយ​កម្លាំងចិត្ត និង​ពេលវេលា​ដ៏​មាន​តម្លៃ​របស់​លោក ពិតជា​បាន​ធ្វើ​ឱ្យ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា មានការ​អភិវឌ្ឍ និង​រីក​ចម្រើន​ជា​ខ្លាំង​។ លោក ហុងដា ក៏​បាន​រួមចំណែក​ជា​ច្រើន​ក្នុង​រុញច្រាន​វិស័យ​បាល់ទាត់​នៅ​កម្ពុជា ឱ្យ​មានការ​ទទួលស្គាល់​លើ​ឆាក​អន្តរជាតិ និង​ស្មើមុខស្មើមាត់​ជាមួយនឹង​មិត្ត​បរទេស​។

ដោយ​មើលឃើញ​ភស្តុ​តាង​តាម​រយៈ​ការ​លះបង់ និង​សមិទ្ធផល​របស់ លោក​ហុងដា សម្រាប់​បាល់ទាត់​កម្ពុជា​នេះ​ហើយ ទើប​ប្រជាជន​កម្ពុជា​ពិតជា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រោះ​ចំពោះ​លោក និង​ជា​ពិសេស​ដើម្បី​ចូលរួម​ថ្លែងអំណរគុណ​ដល់​លោក ហុងដា លោក ព្រហ្ម ពុធ វិសាល ដែល​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​មុខ​ជំនាញ​វិចិត្រកម្ម​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​បញ្ចេញស្នាដៃ​តាម​រយៈ​គំនូរ​ខ្វៀក​មួយ​ផ្ទាំង​ជូន​ទៅ​កាន់​លោក ហុងដា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ