ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ីហ្គេម ៖ កីឡាការិនីវ៉ូវីណាម ពៅ សុខា ទម្លាយយុទ្ធសាស្រ្តដែលខ្លួនបានឈ្នះមេដាយ៥គ្រឿង

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ មាន​កីឡាការិនី​វ៉ូ​វី​ណា​កម្ពុជា ២​រូប​ទទួល​បាន​មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មាន​កីឡាការិនី​ម្នាក់​ឈ្នះ​មេដាយ​ចំនួន៦ គ្រឿង និង​កីឡាការិនី​ម្នាក់​ទៀត​ឈ្នះ​បាន​មេដាយ​ចំនួន៥ គ្រឿង​។ សម្រាប់​ការ​ឈ្នះ​បាន​មេដាយ​ជា​ច្រើន​នៃ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម…

រាជធានី​ភ្នំពេញ​ ៖ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ មាន​កីឡាការិនី​វ៉ូ​វី​ណា​កម្ពុជា ២​រូប​ទទួល​បាន​មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មាន​កីឡាការិនី​ម្នាក់​ឈ្នះ​មេដាយ​ចំនួន៦ គ្រឿង និង​កីឡាការិនី​ម្នាក់​ទៀត​ឈ្នះ​បាន​មេដាយ​ចំនួន៥ គ្រឿង​។

សម្រាប់​ការ​ឈ្នះ​បាន​មេដាយ​ជា​ច្រើន​នៃ​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម ដែល​វិញ្ញាសារ​មួយ​នេះ​ទើបតែ​បិទ​បញ្ចប់ ​កាលពី​ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០២៣ កន្លង​ទៅ គឺ​មាន​កីឡាការិនី​កីឡា​វ៉ូ​វី​ណា​ម​ជម្រើសជាតិ​កម្ពុជា ពៅ សុខា បាន​ឈ្នះ​មេដាយ​ចំនួន៥ គ្រឿង ដោយ​ក្នុង​នោះ​រួម​មាន មេដាយមាស ៣​គ្រឿង ប្រាក់​១​គ្រឿង និង​សំរឹទ្ធិ​១​គ្រឿង​ ។

ប្រាកដ​ណាស់ ក្រោយ​កីឡា​ការរិនី​ឆ្នើម​រូប​នេះ​ធ្វើ​បាន​យ៉ាង​ល្អ​ដូច្នេះ ធ្វើ​អោយ​មហាជន​ជា​ច្រើន​បាន​កោតសរសើរ​ពី​សមត្ថភាព ក៏​ដូច​ជា​ភាព​អង់អាច​ក្លាយ​របស់​កម្ពុជា ក្រោយ​កញ្ញា​បាន​យកឈ្នះ​ដៃគូ​ប្រកួត​ចំនួន ៥​ប្រទេស​ ។

​ជាការ​ពិត​ណាស់ ក្រោយ​កីឡា​ការិ​នី ពៅ សុខា ទទួល​បាន​មេដាយ​ច្រើន​ដូច្នេះ មហាជន​ពិតជា​ចង់​ដឹង​ហើយថា ​តើ​បច្ចេកទេស​របស់​កញ្ញា​យ៉ាង​ដូច្នេះ ជា​ពិសេស​ គឺ​យុទ្ធសាស្ត្រ​នៅ​កន្លែង​ប្រកួត​តែ​ម្តងថា ​តើ​កីឡាការិនី​រូប​នេះ​បាន​ប្រើ​ក្បាច់​អ្វី​ពិសេស ដើម្បី​ទទួល​បាន​ជោគជ័យ​ដ៏​អស្ចារ្យ​ជូន​ជាតិ​មាតុភូមិ ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី ៣២​នេះ​។

តាម​រយៈ​បទ​សម្ភាសន៍​ជាមួយ​កម្មវិធី 60Buzz នៃ​សារព័ត៌មាន​កោះសន្តិភាព កីឡា​ការ​នី​ឆ្នើម កញ្ញា ពៅ សុខា បាន​ពោល​ថា កញ្ញា​ពិតជា​រំភើប​ខ្លាំង​ណាស់ ក្រោយ​ពេល​ដែល​កញ្ញា​ទទួល​បាន​មេដាយ​រហូត​ដល់​ទៅ ៥​គ្រឿង​នៃ​ការ​ប្រកួត​វិញ្ញាសារ​កីឡា​វ៉ូ​វី​ណា​ម ​។ មាន​វ័យ​ត្រឹមតែ ២៥ ឆ្នាំ កីឡា​ការ​នី​ឆ្នើម ពៅ សុខា មិន​ត្រឹមតែ​មាន​រូប​សម្រស់​ស្រស់​សោភា​នោះ​ទេ តែ​នាង គឺជា​កីឡាការិនី​ដែល​ពេញ​ដោយ​សមត្ថភាព​ខ្ពស់ រហូត​ទទួល​បានការ​កោតសរសើរ​ពី​សំណាក់​មហាជន​សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​នាម​ជា​អត្ត​ព​លិ​កមួយ​រូប​ដែល​អាច​ឈ្នះ​បាន​មេដាយ​ច្រើន​ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា​ ។

កីឡា​ការ​នី​ឆ្នើម ពៅ សុខា បាន​បន្ត​ថា មេដាយ​ដែល​ឈ្នះ​ទាំង៥ ក្នុង​នោះ​រួម​មាន ​មេដាយមាស​ចំនួន​៣ មេដាយ​ប្រាក់​ចំនួន​១ និង​មេដាយ​សំ​រិ​ទ្ធ​ចំនួន​១ ។ ក្នុង​ចំណោម​មេដាយមាស ដែល​កីឡាការិនី​រូប​នេះ​ទទួល​បាន គឺ​រួម​មាន ​៖
– មេដាយមាស ១​គ្រឿង បាន​ទៅ​លើ​វិញ្ញាសា សម្តែង​មេ​គុន​ដាវ​នារី ៥​នាក់ ។
– មេដាយមាស ១​គ្រឿង បាន​ទៅ​លើ​វិញ្ញាសា សម្តែង​ស្នៀត​ការពារ​ក្រុម បុរស​៤​នាក់ នារី​៣​នាក់​។
– មេដាយមាស ១​គ្រឿង បាន​ទៅ​លើ​វិញ្ញាសា សម្តែង​ស្នៀត​ការពារ​ខ្លួន ប្រើ​ដាវ​ជា​គូ រួម​ជាមួយ​កីឡាការិនី សឿ ច័ន្ទ​លក្ខណា​។

– មេដាយ​ប្រាក់ ១​គ្រឿង បាន​ទៅ​លើ​វិញ្ញាសា​សម្ដែង​មេ​គុន​ដាវ ផ្នែក​នារី​ឯកត្តជន
– មេដាយ​សំរឹទ្ធ ១​គ្រឿង បាន​ទៅ​លើ​វិញ្ញាសា​សម្ដែង​មេគុណ​ចម្រុះ រួម​ជាមួយនឹង​កីឡាការិនី សុខ នី​ដា​នុ​ត ។

កីឡា​ការ​នី​ឆ្នើម​មក​ពី​រាជធានី​ភ្នំពេញ​រូប​នេះ​បាន​បន្ត​ថា កញ្ញា​មានបទពិសោធន៍​ឆ្លងកាត់​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​នេះ រយៈពេល​១២​ឆ្នាំ​ហើយ ហើយ​កាលពី​កន្លែង​ទៅ​កញ្ញា​ក៏​ធ្លាប់​ជា​ការ​នី​ហែល​ទឹក​ដ៏​ឆ្នើម​ផង​ដែរ​។ កីឡា​ការ​នី​ឆ្នើម​ដែល​យក​បាន​មេដាយ​រហូត​ដល់​ទៅ ៥​គ្រឿង​បាន​បន្ត​ថា យុទ្ធសាស្ត្រ​សម្រាប់​ការ​ឈ្នះ សំខាន់​បំផុត​គឺ ទី​១ គឺ​ស្មារតី គិត​ថា​ ស្មារតី​ខ្លួន​យើង​នឹង​ក្រុម​ផ្ទាល់​ពេល​ដែល​ឡើង​ទៅ​លើ​ទីលាន​ប្រកួត​គឺ​សំខាន់​ណាស់ ព្រោះ​ទាមទារ​អោយ​យើង​ធ្វើ​បច្ចេកទេស​សម្តែង​អោយ​បាន​ខ្លាំង​លឿន​ច្បាស់​ហើយ​មាន​ភាព​ស្រុះគ្នា ទី​២ បច្ចេកទេស​ត្រូវ​តែ​ខ្លាំង ការ​បច្ចេក​ស្នៀត​ត្រូវ​តែ​ច្បាស់ ការ​ចង​ចាំ​ស្នៀត​គួប​ផ្សំគ្នា តែ​អ្វី​ដែល​លើស​ពី​សំខាន់​នោះ​គឺ​ទាមទារ​អោយ​យើង​ហ្វឹកហាត់​អនុវត្តន៍​វិញ្ញាសា​ទាំងនោះ​អោយ​បាន​ច្រើន ស្តាប់​ការ​កែប្រែ​ចំណុច​ខ្វះខាត​ពី​គ្នា​។

កីឡា​ការ​នី​ឆ្នើម​របស់​កម្ពុជា​បាន​បន្ថែម​ថា កាលដែល​យកឈ្នះ​បាន​មេដាយ​ជា​ច្រើន​នេះ កញ្ញា​បាន​យកឈ្នះ​លើ​ប្រទេស វៀតណាម ថៃ ឥណ្ឌូ​នេ​ស៊ី ភូមា និង​ឡាវ​ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​យកឈ្នះ កញ្ញា​ក៏​បាន​និយាយ​ថា ត្រូវប្រុង​ប្រយ័ត្ន​ចំពោះ វៀតណាម មី​យ៉ា​ន់​ម៉ា និង​ឥណ្ឌូ​នេ​ស៊ី ព្រោះ​កីឡាករ កីឡា​ការ​នី​បី​ប្រទេសនេះ ​សុទ្ធតែ​ខ្លាំង​ៗ ដូច្នេះ​ត្រូវ​មាន​ភាព​ម៉ត់​ហ្មត់​ក្នុង​ការ​ប្រកួត​។ ការី​នី​ឆ្នើម ពៅ សុខា បាន​បន្ត​ថា ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់ផ្ទះ កញ្ញា​ពិតជា​រំភើប​លើស​ពី​រំភើប ដោយ​ដែល​ខ្លួន​កញ្ញា​បាន​ឈ្នះ​មេដាយ​ច្រើន​ដូច្នេះ ពោល​ក្នុង​ចិត្ត​កញ្ញា​ពិតជា​រីករាយ​ជា​ខ្លាំង​។

ជា​ចុង​ក្រោយ កញ្ញា ពៅ សុខា សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​រូប​កញ្ញា ដោយ​ការ​គាំទ្រ​នេះ​ហើយ ដែល​ជា​កម្លាំងចិត្តទើប​កញ្ញា​ទទួល​បាន​មេដាយ​ច្រើន​ដូច្នេះ​ ៕ ដោយ​៖​លី​ហួ គី​ម​ឆាយ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ