ខេត្តមណ្ឌលគិរី ៖ ក្រុមប្រជាពលរដ្ឋជាង១ពាន់នាក់ ដែលបាននាំគ្នាតវ៉ាពីបញ្ហាដីធ្លីប្រឆាំងនឹងក្រុមហ៊ុនរហូតឈានដល់ការបិទផ្លូវជាតិលេខ៧៦A នៅថ្ងៃទី២៩ ខែមេសា បានព្រមព្រៀងធ្វើការបើកផ្លូវឡើងវិញនៅថ្ងៃទី៣០ មេសា វេលាម៉ោង៧ព្រឹក។ ការតវ៉ានេះបានធ្វើឡើងអស់រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ មេសា។ ប៉ុន្តែនៅថ្ងៃទី២៨ មិនបានបិទផ្លូវទេ លុះដល់ថ្ងៃទី២៩ ក្រុមអ្នកតវ៉ាបាននាំគ្នាលើកផ្ទះ និងដើមឈើដាក់លើផ្លូវធ្វើសកម្មភាពបិទផ្លូវជាតិលេខ៧៦A (ក្រចេះ-មណ្ឌលគិរី) ដោយធ្វើឱ្យស្ទះចរាចរណ៍អស់រយៈពេលជាង១៨ម៉ោង គឺចាប់តាំងពីម៉ោង១ថ្ងៃត្រង់ ថ្ងៃទី២៩ មេសា ដល់ម៉ោង៧ព្រឹក ថ្ងៃទី៣០ មេសា ទើបពួកគេបើកផ្លូវវិញ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅម៉ោង៩យប់ ថ្ងៃទី២៩ មេសា មានការប៉ះទង្គិចគ្នារវាងសមត្ថកិច្ចជាមួយប្រជាពលរដ្ឋតវ៉ារហូតមានការផ្ទុះអាវុធបាញ់គំរាមប្រជាពលរដ្ឋអស់រាប់រយគ្រាប់ ព្រោះតែខឹងនឹងក្រុមអ្នកតវ៉ាបានជេរប្រមាថ និងវាយមកលើប៉ូលិសដោយប្រើដំបង និងគប់ដោយដុំថ្ម។ ប្រភពដដែលបន្តទៀតថា នៅម៉ោង១២យប់ ថ្ងៃដដែល ក្រុមអ្នកតវ៉ាបានដេញវាយក្រុមសមត្ថកិច្ចរត់ចោលរថយន្ត ហើយពួកគេបានវាយបំបែកកញ្ចក់រថយន្តរបស់ប៉ូលិសទៀតផង។
ក្រុមអ្នកតវ៉ាបាននិយាយព្រមានថា បើគ្មានដំណោះស្រាយទេ ពួកគាត់នឹងលើកផ្ទះដាក់លើផ្លូវជាតិជាថ្មីម្តងទៀតរហូតទាល់តែក្រុមហ៊ុនរិទ្ធីគិរីសីមា ប្រគល់ដីឱ្យពួកគាត់វិញ។
លោកស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា ឱ្យដឹងនៅថ្ងៃទី១ ឧសភា ថា កន្លងមកកម្លាំងរបស់លោកបានចុះទៅបង្ក្រាបជាច្រើនដងមកហើយ ប៉ុន្តែពួកគាត់មិនព្រម នៅតែនាំគ្នាលួចកាប់រានដីបន្ត ដែលមានក្បាល៣០ម៉ែត្រ, ៥០ម៉ែត្រ និង១០០ម៉ែត្រ និងមានជម្រៅ៣ពាន់ ទៅ៤ពាន់ម៉ែត្រ។ ហើយក្រុមអ្នកតវ៉ាចង់បានដីដែលពួកគេកាប់បានត្រឹមណាគេយកត្រឹមនោះ។
លោកបន្តថា ដោយសារក្រុមហ៊ុនមិនយល់ព្រម ទើបនៅថ្ងៃទី២៩ មេសា ប្រជាពលរដ្ឋបាននាំគ្នាលើកផ្ទះ និងកាប់ដើមឈើមកដាក់បិទផ្លូវជាតិលេខ៧៦A នេះ និងគំរាមដុតគ្រឿងចក្ររបស់ក្រុមហ៊ុនចោល ដើម្បីឱ្យអាជ្ញាធរដោះស្រាយជាមួយក្រុមហ៊ុនឱ្យប្រគល់ដីដល់ពួកគាត់។
លោកអភិបាលស្រុកកែវសីមា បានឱ្យដឹងបន្តទៀតថា រាជរដ្ឋាភិបាលបានវិនិយោគដីសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុនរិទ្ធីគិរីសីមា ចំនួន៥ពាន់ហិកតា ដែលនៅអមសងខាងផ្លូវជាតិលេខ៧៦A នៅចំណុចភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋចំណាកស្រុកបាននាំគ្នាមកកាប់រានទន្ទ្រានយកដីនេះតាំងពីឆ្នាំ១៩៩៨ រហូតមកដល់ឆ្នាំ២០០៩។ លោកបានបញ្ជាក់បន្ថែមដោយបដិសេធថា លោកមិនអាចជួយដោះស្រាយបានទេ ព្រោះពួកគាត់បានមកកាប់យកដីរដ្ឋដោយខុសច្បាប់។
អ្នកភូមិប្រមាណ៥០០នាក់មកពីភូមិអូរអាមភូមិអូរណា និងភូមិស្នែង ក្នុងឃុំស្រែខ្ទុម ស្រុកកែវសីមា បាននាំគ្នាធ្វើបាតុកម្មដើម្បីទាមទារឱ្យក្រុមហ៊ុនរិទ្ធីគិរីសីមាបញ្ឈប់ការឈូសឆាយជាបន្ទាន់ និងតម្រូវឱ្យក្រុមហ៊ុនដកគ្រឿងចក្រចេញពីដីទំនាស់ប្រមាណ៥.០០០ហិកតា រវាងអ្នកភូមិប្រមាណជាង២.០០០គ្រួសារ។ ទោះបីជាយ៉ាងណាក្រុមហ៊ុននេះបានអះអាងថា ចាប់ពី៥០០ម៉ែត្រពីផ្លូវជាតិ ក្រុមហ៊ុននឹងយកទាំងអស់ដែលបញ្ហានេះបណ្តាលឱ្យមានការទាមទារតវ៉ាពីអ្នកភូមិកើតមានឡើង។ នៅយប់ថ្ងៃទី២៩ មេសា ២០១១ ក្រោយពីការចរចាសុំបើកផ្លូវរបស់អាជ្ញាធរខេត្តអមដោយក្រុមមន្ត្រីមានសមត្ថកិច្ចរួចមក អ្នកភូមិមិនព្រមបើកផ្លូវទេ ព្រោះអាជ្ញាធរខេត្តមិនបញ្ជាឱ្យក្រុមហ៊ុនបញ្ឈប់ការឈូសឆាយ និងដកគ្រឿងចក្រចេញនៅឡើយ។ ទើបដល់វេលាម៉ោង១០យប់ កងកម្លាំងសមត្ថកិច្ចបានបាញ់រះឡើងលើដើម្បីគំរាមកំហែងទៅលើអ្នកភូមិ។ នៅក្នុងហេតុការណ៍នោះ ក៏មានអ្នកភូមិប្រមាណ៤នាក់រងរបួសផងដែរ។ ការបិទផ្លូវនេះមានអ្នកដំណើររាប់រយនាក់ខកខានធ្វើដំណើរបានបង្ខំចិត្តស្នាក់នៅតាមផ្ទះអ្នកភូមិ និងនៅក្នុងរថយន្តរបស់ខ្លួន និងអ្នកខ្លះបានបើកត្រឡប់ក្រោយវិញ។
មានការរំពឹងទុកថា អំពើហិង្សាអាចនឹងកើតមានជាថ្មីទៀតប្រសិនបើមិនមានដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ចំណែកអាជ្ញាធរបានពង្រាយកម្លាំងជួយការពារក្រុមហ៊ុនដែលបានបោះទីតាំងនៅលើដីទំនាស់ខាងក្រោយភូមិអ្នកស្រុក៕
ចែករំលែកព័តមាននេះ