ខេត្តកំពត ៖ ព្រះសង្ឃចំនួន៨អង្គ និងសីលវតីចំនួន២២នាក់ បានសន្លប់ស្តូកស្តឹងនៅក្នុងវត្តកំពង់ត្រាច ខណៈពេលសង្ឃជាង៣០០អង្គ និមន្តចូលរួមស្តាប់ព្រះធម៌ ក្នុងពិធីបុណ្យមហាបំបួសកុលបុត្រកុលធីតា ។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតមាននៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ មេសា ។
សីលវតីម្នាក់ឈ្មោះស៊ីវ ហ៊ន នៅភូមិកំពូលមាស ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រឡាច បានឱ្យដឹងថា ហេតុការណ៍នេះ គ្មាននរណាម្នាក់ដឹងទេ ព្រោះព្រះសង្ឃកំពុងតែទេសធម៌អប់រំ ក្នុងន័យខ្លឹមសារ ម្តាយគឺជាអ្នកមានគុណ ស្រាប់តែម្នាក់ៗរាងទន់ដៃ ទន់ខ្លួន រហូតរាងកាយក្រាបនៅលើកន្ទេលគ្រប់ៗគ្នាមានទាំងសង្ឃនិងសីលវតីផងដែរ ។ ដោយឃើញសភាពការណ៍បែបនេះ ទើបព្រះសង្ឃជាក្រុមនិស្សិតកម្ពុជា មកពីសាកលវិទ្យាល័យមហាចូឡាឡុងកន ខេត្តឈៀងម៉ៃ ប្រចាំប្រទេសថៃ បានរៀបចំជួយដឹកជញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកកំពង់ត្រាច ។
ស្ត្រីម្នាក់ទៀតនៅភូមិកំពង់ត្រឡាច ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ឱ្យដឹងថា សាមណេ១អង្គដែលសន្លប់ស្តូកស្តឹង គឺជា កូនគាត់ហើយមិនដឹងថាមានមូលហេតុអ្វីទេ តែគាត់ភិតភ័យយ៉ាងខ្លាំង ។ មន្ត្រីប៉ូលិសនៅឃុំកំពង់ត្រាច ខាងកើតបាននិយាយកាល ពីថ្ងៃសៅរ៍ថា ការសន្លប់របស់ព្រះសង្ឃនិងសីលវតីនោះ លោកមិនបានដឹងចំនួនទេ តែបើតាមដំណឹងយកជាផ្លូវការបានគេដឹងថា មានសង្ឃ និងសីលវតីមានជាង៣០អង្គ និងអ្នកដែលបានសន្លប់ពេលកំពុងអង្គុយ ស្តាប់ព្រះធម៌ ។ មន្ត្រីប៉ូលិសអះអាងថា មិនមានការពុលណាមួយដូចគេនិយាយនោះទេ ។
ព្រះតេជគុណវន វណ្ណៈ ចៅអធិការវត្តកំពង់ត្រឡាចមានថេរដីកាថា ព្រះសង្ឃនិងសីលវតីសន្លប់ពិតប្រាកដមែន ប៉ុន្តែត្រូវដឹកទាំងយប់ ទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រឡាចដើម្បីធ្វើការសង្គ្រោះបន្ទាន់ហើយ ។ ព្រះតេជគុណវន វណ្ណៈ មានថេរដីកាបន្តថា មូលហេតុនៃការសន្លប់នេះគឺមិនមានពុលអ្វីទេ តែអាចមកពីស្តាប់ព្រះធម៌ដែលមានភាពស្រងោះស្រងោច ហើយព្រះសង្ឃ និងសីលវតីជាច្រើន បានយំសោកខ្លាំងពេក ទើបរំជួលចិត្តរហូតដល់សន្លប់ក៏អាចថាបាន តែនៅព្រឹកថ្ងៃសៅរ៍ ទី៣០ មេសា សង្ឃនិងសីលវតីទាំងអស់បានធូរស្រាលវិញហើយ ៕
ចែករំលែកព័តមាននេះ