រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានជាតិ-អន្តរជាតិថា «ខ្ញុំមិនអាចឆ្លើយបានជាវិជ្ជមាននូវលិខិតរបស់លោករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ជាប្រធានអាស៊ាន ពីគម្រោងថ្មីលើកទី៥នៃលក្ខខណ្ឌប្រតិបត្តិសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីបានទេ »។
លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី៣០ ខែ មេសា ក្នុងសន្និសីទសារព័ត៌មានមួយនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈពេលលោកត្រឡប់មកពីដាក់ពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាទៅជូនតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីសុំឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ពាក់ព័ន្ធទៅនឹងប្រាសាទព្រះវិហារដោយសារតែការឈ្លានពានដោយអាវុធពីសំណាក់ប្រទេសថៃ ដើម្បីដណ្តើមទាមទារទឹកដីកម្ពុជាដោយផ្អែកទៅតាមផែនទីឯកតោភាគី របស់ថៃដែលគ្មានមូលដ្ឋានច្បាប់អ្វីសោះ ។
ទាក់ទិននឹងបញ្ហាខាងលើ លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ចាប់ពីលើកទី១ ទី២ ទី៣ ទី៤ កម្ពុជាបានឆ្លើយតបភ្លាមៗ ។ លើកនេះផ្ញើមកទៀតជាលើកទី៥ ជាគម្រោងថ្មីទៀតនៃលក្ខខណ្ឌប្រតិបត្តិសម្រាប់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ។ ខ្ញុំមិនទាន់ឆ្លើយទេ ដោយសារក្នុងចំណុចដែលត្រូវមកប្រតិបត្តិការរបស់អ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីនេះ ខាងកម្ពុជាមាន៣ចំណុចគឺនៅដដែល គឺតាសឹម ចាក់ច្រែង និង៥មករា អត់មានការផ្លាស់ប្តូរទេ ។ ប៉ុន្តែខាងភាគីថៃគេដាក់៤ចំណុច ហើយក្នុង៤ចំណុចរបស់ថៃដែលបានដាក់នោះ គឺមានចំណុចមួយនៅក្នុងទឹកដីកម្ពុជាយើង ។ នេះបង្ហាញឱ្យឃើញនូវភាពពុតត្បុត ក្រឡិចក្រឡុចរបស់ថៃទៀតដោយយកទឹកដីរបស់កម្ពុជាយើងនៅត្រង់ស្វាយជ្រំដែលមានចម្ងាយ៧គីឡូម៉ែត្រពីព្រំដែន ។ នេះយើងឃើញមហិច្ឆតាយ៉ាងច្បាស់របស់ថៃ បាតដៃជាខ្នងដៃ ភាពក្រឡិចក្រឡុចរបស់ថៃ ។ យើងមានភ័ព្វសំណាងមិនល្អទេ យើងអភ័ព្វណាស់ ដែលប្រទេសជិតខាងមួយមានអ្នកដឹកនាំពុតត្បុតអាក្រក់ជាទីបំផុត ។
លោកឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់ទៀតថា ការសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិបកស្រាយសាលក្រមឆ្នាំ១៩៦២ គឺជាការដោះស្រាយបញ្ហាដោយសន្តិវិធីដែរ ព្រោះការចរចាជាច្រើនឆ្នាំកន្លងមកហើយតាំងពីឆ្នាំ២០០៨ មករហូតពេលថ្មីៗនេះរបស់គណៈកម្មការព្រំដែននៅទីក្រុងហ្សាការតាក៏អត់បានទទួលលទ្ធផល ហើយជួបប្រទះតែភាពក្រឡិចក្រឡុចបាតដៃជាខ្នងដៃរបស់ភាគីថៃ ។ ដូច្នេះហើយ យើងសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បកស្រាយថា តើដីមួយដុំទំហំ៤,៦គីឡូម៉ែត្រការ៉េដែលភាគីថៃលើកឡើងនេះនៅខាងណា ? ទុកឱ្យតុលាការបកស្រាយ ។ នៅពេលនោះតុលាការ អន្តរជាតិបានផ្អែកលើមូលដ្ឋានខ្លឹមសារទាំងអស់ នៃការសម្រេចនៅឆ្នាំ១៩៦២ ផ្អែកលើផែនទីឧបសម្ព័ន្ធ១។ នៅក្នុងផែនទីឧបសម្ព័ន្ធ១នេះ តំបន់ដី៤,៦គីឡូម៉ែត្រ ការ៉េ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា យ៉ាងច្បាស់លាស់ណាស់ មិនមែនជារបស់ថៃទេ។
បន្ទាប់ពីដាក់ពាក្យរួចហើយលោកឧបនាយករដ្ឋមន្ត្រីបានដាក់ពាក្យស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិចាត់វិធានការជាបន្ទាន់ ដោយយោងទៅលើការឈ្លានពានដោយចេតនាឥតឈប់ឈរពីសំណាក់កម្លាំងប្រដាប់អាវុធប្រទេសថៃមកលើទឹកដីកម្ពុជា ។ សូម្បីតែមានការព្រមព្រៀងឈប់បាញ់នាពេលថ្មីៗនេះក៏ដោយ រវាងមេបញ្ជាការភូមិភាគទី៤កម្ពុជា និងភូមិភាគទី២របស់ថៃក៏ដោយ ក៏ថៃនៅតែឈ្លានពានបាញ់មកលើបូរណភាពទឹកដីកម្ពុជាដដែល ។ ដូច្នេះ ខ្ញុំនឹងជម្រាបទៅតុលាការយុត្តិធម៌អន្តរជាតិថែមទៀតអំពីការរំលោភលើការព្រមព្រៀងឈប់បាញ់របស់ថៃនេះ ។
ទាក់ទិនទៅនឹងពេលវេលាដែលតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេសម្រេចបកស្រាយ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បញ្ជាក់ថា ការស្នើរបស់យើងមានពីរ ទី១-ការស្នើសុំយកវិធានការបន្ទាន់ តុលាការអាចសម្រេចយកក្នុងពេលឆាប់ៗ ។ ឯទី២-សំណូមពរសុំឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២នោះ អាចមានរយៈពេលយូរបន្តិចអាចប្រហែលជា២ឬ៣ខែ…។
ក្នុងលិខិតចំហស្វាគមន៍សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា កាលពីថ្ងៃទី៣០ មេសា សហព័ន្ធសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា ដែលមានលោកថៅ វាសនា ជាប្រធាន បានប្រកាស ពីបីតិ សោមនស្សរីករាយយ៉ាងខ្លាំង និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានសម្រេចដាក់ស្នើទៅ តុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ឱ្យបកស្រាយឡើងវិញនូវសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
យើងយល់ស្របថា ការដាក់ពាក្យស្នើទៅតុលាការយុត្តិធម៌អន្តរជាតិឱ្យបកស្រាយសាលក្រមឆ្នាំ១៩៦២ ជាការត្រឹមត្រូវ ព្រោះថៃចិញ្ចឹមមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ដោយសំអាងលើផែនទីចោរឯកតោភាគីរបស់ថៃ ដែលគ្មានមូលដ្ឋានគតិយុត្តអន្តរជាតិអ្វីឡើយ ។ វិធានការរបស់រាជរដ្ឋាភិបាលជាបន្ទាន់នេះ គឺជាការចាំបាច់ដើម្បីធានាការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍រវាងថៃ-កម្ពុជា បញ្ឈប់ការបាត់បង់ជីវិតមនុស្ស និងថែរក្សាបាននូវប្រាសាទកម្ពុជាឱ្យរួចផុតពីការខូចខាតធ្ងន់ធ្ងរ ។
ក្នុងឆន្ទៈដ៏មោះមុត យើងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចស្នើទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ ឱ្យបកស្រាយឡើងវិញនូវសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ គឺជាវិធានការដោះស្រាយដោយសន្តិវិធី និងជាស្ថាពរអំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីនាំថៃទៅរកតុចរចាជាពហុភាគី ប្រកបដោយសន្តិវិធី និងមានប្រសិទ្ធភាពខ្ពស់បំផុត៕
ចែករំលែកព័តមាននេះ