ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់​ផ្អើល​ត​គ្នា​ពី​ព័ត៌​មាន​មិន​ពិត​ថា សៀម​បញ្ជូន​សព​ខ្មែរ​មក​ច្រើន

14 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​​ឈុល​បាន​កើត​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​៣០ មេសា នៅ​ក្រុង​ប៉ោយ​ប៉ែត ​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ជា​ច្រើន​បាននាំ​គ្នា​​សំរុក​​មក​កាន់​វត្ត​បាលិ​លេយ្យ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ដើម្បី​រក​មើល​សព​ដែល​ពួក​គាត់​និយាយ​ថា បាន​ឮ​តៗ​គ្នា​ថា មាន​សព​ខ្មែរ​​ច្រើន​ត្រូវ​គេ​បញ្ជូន​ពី​ប្រទេស​សៀម​

ក្រុង​ប៉ោយ​ប៉ែត​ ៖ មាន​ការ​ភ្ញាក់​ផ្អើល​មួយ​​ឈុល​បាន​កើត​ឡើង​តាំង​ពី​ព្រលឹម​ស្រាងៗ​ថ្ងៃ​ទី​៣០ មេសា នៅ​ក្រុង​ប៉ោយ​ប៉ែត ​ធ្វើ​ឱ្យ​មនុស្ស​​ម្នា​ជា​ច្រើន​បាននាំ​គ្នា​​សំរុក​​មក​កាន់​វត្ត​បាលិ​លេយ្យ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយ​ប៉ែត​ ដើម្បី​រក​មើល​សព​ដែល​ពួក​គាត់​និយាយ​ថា បាន​ឮ​តៗ​គ្នា​ថា មាន​សព​ខ្មែរ​​ច្រើន​ត្រូវ​គេ​បញ្ជូន​ពី​ប្រទេស​សៀម​ ហើយ​ក៏​លេច​ឮ​ពាក្យ​និយាយ​​ខុសៗ​គ្នា​ ខ្លះ​ថា​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ ខ្លះ​ថាស្លាប់​ដោយ​ពុល​ថ្នាំ​ ខ្លះ​ថា ស្លាប់​ដោយ​សៀម​បាញ់ ។ ប៉ុន្តែ​ការ​ពិត​វិញ​វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែ​ប៉ុណ្ណោះ​ ព្រោះ​នៅ​ក្នុង​វត្ត​អត់​មាន​សាក​សព​មនុស្ស​ណា​ម្នាក់​សំរាប់​គេ​មើល​ឡើយ​។

ការ​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​ធ្វើ​ឱ្យ​បរិវេណ​វត្ត​​​ បាលិ​លេយ្យ​មាន​ចំនួន​មនុស្ស​កាន់​តែ​ច្រើន​ឡើងៗ​ រហូត​ធ្វើ​ឱ្យ​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ក្នុង​ក្រុង​មាន​វិធាន​ការ​ភ្លាមៗ​ ខ្លះ​ធ្វើ​ចរា​ចរណ៍​ និង​ខ្លះ​ជួយ​​រារាំង​សុំ​កុំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ជឿ​ពាក្យ​ចចាម​អារ៉ាម​នោះ​ត​ទៀត​ ព្រោះ​វា​ជា​រឿង​មិន​ពិត​។ ជុំ​វិញ​ការ​ភ្ញាក់​ផ្អើល​នេះ ​​នៅ​ពេល​ធ្វើ​ការ​សួរ​នាំ​រក​ប្រភព​​ គឺ​គ្មាន​ប្រភព​ណា​ច្បាស់ការណ៍ ​ពី​បុគ្គល​ណា​ម្នាក់​ដែល​ហ៊ាន​បញ្ជាក់​ថា ខ្លួន​ដឹង​ច្បាស់​ដោយ​​ខ្លួន​ឯង​នោះ​ទេ​​ គឺ​សុទ្ធ​តែ​អះ​អាង​ថា ឮពាក្យ​​នោះ​តៗ​ពី​គេ​តែ​ប៉ុណ្ណោះ​។ ប្រជា​ពល​រដ្ឋ​ខ្លះ​បាន​ខឹង​សម្បា​ទៅ​នឹង​ការ​ខាត​ពេល​វេលា​រក​ស៊ី និង​ការ​ចំណាយ​លុយ​ជិះ​ម៉ូតូ​ឌុប​មក​មើល​ ​អស់​ពេល​មួយ​ព្រឹក​ធំ​។ ក្រោយ​ពី​ស្តាប់​ការ​បក​​ស្រាយ​ពី​អាជ្ញា​ធរ​ និង​សមត្ថ​កិច្ច​ប្រាប់​ថា រឿង​នោះ​ជា​រឿង​មិន​ពិត ​ទើប​នាំ​គ្នា​ដក​ថយ​។

ក្នុង​ហេតុ​ការណ៍​ខាង​លើ​​ដែល​មនុស្ស​ម្នា​​សំរុក​មក​កាន់​តែ​ច្រើន​ឡើង​នោះ​ គេ​ឃើញ​ខ្លោង​ទ្វារ​វត្ត​​ត្រូវ​បាន​គេ​បិទ​ ហើយ​ក៏​មាន​វត្ត​មាន​លោក​អាន​ វណ្ណៈ អភិ​បាល​រង​ក្រុង រួម​ជាមួយ​សមត្ថ​កិច្ច​ជា​ច្រើន​ទៀត​បាន​ណែ​នាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀងៗ​ខ្លួន​វិញ​។ ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​បាន​កើត​ឡើង​តាំង​ពី​ព្រលឹម​រហូត​ដល់​ម៉ោង​ជិត​១២​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​៣០​ មេសា ទើប​មាន​ការ​ថយ​ចុះវិញ​បន្តិច​​ម្តងៗ​។ ចំណែក​នៅក្នុង​វត្ត​​ព្រះ​សង្ឃ​មាន​ដាក់​មី​ក្រូ​បំពង​សម្លេង​លាន់​ឮ​ទ្រហឹង​ប្រាប់​ប្រជា​ពល​រដ្ឋ​នូវ​ការ​ពិត​ ទើប​ពួក​គេ​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

លោក​ឧត្តម​សេនីយ៍​ត្រី​ ឌី​ ផេន នាយក​រង​ទី​ចាត់​ការ​ការ​ងារ​ព្រំ​ដែន​អគ្គ​បញ្ជា​ការ​ និង​ជា​ប្រធាន​ការិយា​ល័យ​ទំនាក់​ទំនង​ព្រំ​ដែន​កម្ពុជា​-ថៃ​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ថា ការ​លេច​ឮ​ព័ត៌​មាន​ចចាម​អារ៉ាម​ដែល​ឈាន​ដល់​ការ​ភ្ញាក់​ផ្អើល​ វា​ជា​រឿង​មិន​ពិត​ទេ​។ លោក​បន្ត​ថា លោក​បាន​ឱ្យ​ក្រុម​ការ​ងារ​ឆែក​ទៅ ប្រទេស​សៀម​ ហើយ​ គ្មាន​ទេ​រឿង​បែប​នោះ ៕