រាជធានីភ្នំពេញ ៖ កម្មការិនីម្នាក់ធ្វើការនៅរោងចក្រកាត់ដេរយីហោសាន់វ៉េ ផ្នែកខាងម៉ាស៊ីនសង្កត់ និងសម្រាប់កៀរថ្នាំនៅលើកំណាត់ ត្រូវម៉ាស៊ីនស្រូបរមូរអាវចូលជិតម៉ាស៊ីនមុតនឹងផ្លែរណាររបស់ម៉ាស៊ីនចំទទឹងខ្នងជិតចង្កេះប្រវែងមួយចំអាមមុតចូលជ្រៅជិតដល់ឆ្អឹងខ្នង ខណៈពេលនាងកំពុងឈរធ្វើការនៅជិតម៉ាស៊ីន ដោយមិនបានប្រុងប្រយ័ត្ន កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ មេសា ។ រោងចក្រកាត់ដេរនេះមានទីតាំងនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
តាមការរៀបរាប់ពីកម្មការិនីធ្វើការនៅក្នុងរោងចក្រនេះបានឱ្យដឹងថា កម្មការិនីរងគ្រោះឈ្មោះហៀង សុភ័ក្ត អាយុ១៨ឆ្នាំ មានទីលំនៅភូមិអង្គឃ្លៃ ឃុំត្រម៉ែង ស្រុកឈូក ខេត្តកំពត ទើបចូលធ្វើការនៅរោងចក្រនេះបាន២ខែ ។ កន្លងមក កម្មការិនីរងគ្រោះធ្លាប់នៅផ្នែកសង្កត់ទឹកថ្នាំលើកំណាត់នេះដែរ តែដោយសារឃើញនាងមានការធ្វេសប្រហែស ទើបប្រធានក្រុមប្តូរឱ្យទៅនៅកន្លែងផ្សេងវិញ ប៉ុន្តែនៅថ្ងៃកើតហេតុនោះនាងបានសុំប្តូរជាមួយកម្មការិនីដែលធ្វើការនៅផ្នែកនេះ ដោយប្រាប់ថា នាងក្តៅណាស់ចង់នៅកន្លែងនេះ ព្រោះមានកង្ហារត្រជាក់ ។ ជាមួយនោះកម្មការិនីដែលឈរធ្វើការនៅកន្លែងនោះបានយល់ព្រម ហើយប្រាប់ថា បើមកធ្វើការនៅកន្លែងនេះត្រូវប្រុងប្រយ័ត្នបន្តិចខ្លាចម៉ាស៊ីនស្រូបអាវចូលក្នុងម៉ាស៊ីន។
ប្រភពបានបញ្ជាក់ថា ម៉ាស៊ីនសង្កត់ និងកៀរទឹកថ្នាំលើកំណាត់នេះមានមុខដូចផ្លែរណារ ម្យ៉ាងទៀតកន្លែងនេះត្រូវដាក់កង្ហារ ដើម្បីឱ្យមានខ្យល់ឆាប់ស្ងួតទឹកថ្នាំ ដូច្នេះកម្មការិនីដែលធ្វើនៅផ្នែកនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់ទើបបាន។ បន្ទាប់មកកម្មការិនីរងគ្រោះបានឈរធ្វើការរហូត លុះដល់ម៉ោង១០ព្រឹក មិនដឹងជាយ៉ាងម៉េចស្រាប់តែអាវរបស់នាងរមូរចូលក្នុងម៉ាស៊ីន ឃើញហេតុការណ៍នេះភ្លាម កម្មការិនីដែលឈរជិតនោះយកដៃចុចកុងតាក់ម៉ាស៊ីនបញ្ឈប់ភ្លាមៗដែរ ប៉ុន្តែដោយសារម៉ាស៊ីនបានស្រូបទាញអាវចូលក្នុងម៉ាស៊ីន ហើយទាញខ្លួននាងខិតទៅជិតមុតនឹងមុខផ្លែរណារ បណ្តាលឱ្យមុតឆូតទទឹងចង្កេះចូលជិតដល់ឆ្អឹងខ្នង។
បុគ្គលិកធ្វើការផ្នែកបកប្រែភាសាចិនឱ្យថៅកែរោងចក្របាននាំកម្មការិនីមកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ គ្រូពេទ្យបានថតអេកូមើលឃើញថា មិនប៉ះពាល់ដល់សរសៃឆ្អឹងខ្នងទេ តែគ្រូពេទ្យបានបញ្ជាក់ថា ខាងផ្នែកអេកូបានសំណូមពរឱ្យ៦ម៉ោងទៀតទៅថតម្តងទៀត ព្រោះខ្លាចប៉ះពាល់ដល់ផ្នែកពោះ ។ គ្រោះថ្នាក់នៅកន្លែងធ្វើការក្នុងប្រទេសកម្ពុជានៅតែមានការកើនឡើង៕
ចែករំលែកព័តមាននេះ