ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ អំពាវនាវឲ្យអង្គការពុទ្ធសាសនិកពិភពលោក និងភាគីពាក់ព័ន្ធលើកកម្ពស់សុខដុមរមនាអន្តរជំនឿបន្ថែមទៀត

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​របស់​យើង គឺ​សន្តិភាព និង​ស្ថេ​រ​ភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន អំពាវ​ឲ្យ​អង្ក​ការ​ពុទ្ធសាសនិក​ពិភពលោក និង​ភាគី​ពាក់ព័ន្ធ​លើកកម្ពស់​សុខដុមរមនា​អន្តរ​ជំនឿ​បន្ថែម​ទៀត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​របស់​យើង គឺ​សន្តិភាព និង​ស្ថេ​រ​ភាព​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន អំពាវ​ឲ្យ​អង្ក​ការ​ពុទ្ធសាសនិក​ពិភពលោក និង​ភាគី​ពាក់ព័ន្ធ​លើកកម្ពស់​សុខដុមរមនា​អន្តរ​ជំនឿ​បន្ថែម​ទៀត ។

ថ្លែង​ក្នុង​ពិធី​ប្រកាស និង​ប្រគល់​ជូន​គោរមងារ​កិត្តិយស​«​ពុទ្ធ​មា​មកា​ភិ​បាល​» របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង​«​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្ស​សាស្ត្រ​» ដោយ​សាកលវិទ្យាល័យ​ជាតិ​ណេ​ហ្គ​រី ប៉ា​ដាង ជូន​ដល់ សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​គោរមងារ​កិត្តិយស​«​ទីប្រឹក្សា​ជាន់ខ្ពស់​» របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​ជូន​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្តេច​តេ​ជោ ហ៊ុន សែន សូម​បញ្ជាក់​សារ​ជា​ថ្មី​ថា​កម្ពុជា​នឹង​បន្ត​ប្រកាន់​យក​នូវ​គុណ​តម្លៃ គុណធម៌ និង​ទស្សនវិជ្ជា​របស់​ព្រះពុទ្ធ​សាសនា ហើយ​ប្រជាជន​កម្ពុជា​ទាំងអស់​នឹង​បន្ត​ទទួល​បាន​នូវ​សេរីភាព​ខាង​សាសនា​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​យើង ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន សូម​អំពាវនាវ​ឱ្យ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក ក្រុមប្រឹក្សា​វប្បធម៌​អាស៊ី និង​សហគមន៍​ពុទ្ធសាសនា​កម្ពុជា និង​អន្តរជាតិ​មក​ពី​គ្រប់​និកាយ​ធ្វើការ​រួម​គ្នា​ជាមួយ​អង្គការ យូ​ណេ​ស្កូ និង​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ដទៃ​ទៀត ដើម្បី​លើកកម្ពស់​សុខដុមរមនា​អន្តរ​ជំនឿ​បន្ថែម​ទៀត ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​រួម​របស់​យើង គឺ​សន្តិភាព និង​ស្ថេ​រ​ភាព ។

សម្តេច​តេ​ជោ ក៏​សូម​ថ្លែងអំណរគុណ​ដល់​លោក ម៉ូ​រី​តា ន​រី​តា​ដា (Morita Noritada) ដែល​បាន និង​កំពុង​ភ្ជាប់​ទំនាក់ទំនង​យ៉ាង​សកម្ម ជាមួយ​បណ្ដា​ប្រទេស​មេគង្គ និង​លើកកម្ពស់​សន្តិភាព​និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​តាំងពី​ឆ្នាំ​១៩៩៣ ។ សាមសិប​ឆ្នាំ​ក្រោយមក នា​ថ្ងៃនេះ លោក ម៉ូ​រី​តា ក៏​កំពុង​មាន​វត្ត​មាននៅ​ទី​នេះ​ជាមួយ​យើង​ទាំងអស់​គ្នា​ផង​ដែរ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ការ​ទទួល​បាន​គោរមងារ និង​សញ្ញាបត្រ​កិត្តិយស​នា​ថ្ងៃនេះ​កើត​មាន​ឡើង​ដោយសារ​តែ​ការ​ចូលរួម​របស់ លោក ម៉ូ​រី​តា ដែល​បាន​បំពេញ​តួនាទី​ជា​ច្រើន​ក្នុង​នាម​ជា​ព្រឹទ្ធបុរស​មួយ​រូប​របស់​អាស៊ី ។

លោក ម៉ូ​រី​តា គឺជា​មនុស្ស​ដំបូង​គេ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​បាន​មក​ជួប​សម្តេច ដើម្បី​ពិភាក្សា​អំពី​ការ​ចូលរួម​របស់​កម្ពុជា​ទៅ​ក្នុង​កម្មវិធី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​មហា​អនុ​តំបន់​មេគង្គ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​ថា ការ​ចូលរួម​ដោយ​មិន​គិត​ពី​ការ​នឿយហត់ របស់​លោក ម៉ូ​រី​តា ក្នុង​ការ​ស្តា និង​កសាង​ប្រទេស​កម្ពុជា​ឡើង​វិញ ស័ក្តិសម​នឹង​ទទួល​បាន​ពី​សម្តេច​នូវ​ការ​កោតសរសើរ និង​ការ​គោរព​អស់ពីដួងចិត្ត ។

ជាក់ស្តែង លោក ម៉ូ​រី​តា មិន​ត្រឹមតែ​ជា​អ្នក​ដែល​បាន​ទៅ​ទស្សនា​ប្រាសាទព្រះវិហារ​ច្រើន​ជាងគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អ្នក​ដែល​បាន ជួយ​បង្កើន​សន្ទុះ​នៃ​ការ​ជំរុញ​ដល់​ភាព​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម ជា​ច្រើន​នៃ​កិច្ច​សហប្រតិបត្តិការ​ដើម្បី​អភិវឌ្ឍ និង​កសាង​សន្តិភាព រវាង​កម្ពុជា និង​ថៃ ។

ក្នុង​ឱកាស​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ការ​ផ្តល់​គោរមងារ និង​សញ្ញាបត្រ​កិត្តិយស​នា​ពេល​នេះ គឺជា​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម​សម្រាប់​សម្តេច និង​ប្រជាជន​កម្ពុជា​ទាំងអស់ និង​បាន​បង្ហាញ​អំពី​ទំនាក់ទំនង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​រវាង​ព្រះពុទ្ធ​សាសនា សន្តិភាព ការ​អភិវឌ្ឍ និង​សន្តិ​សហ​វិជ្ជមាន​ប្រកបដោយ​សុខដុមរមនា​នៃ​មនុស្សជាតិ ។

សម្តេច​តេ​ជោ បាន​ថ្លែង​ថា ការ​ផ្តល់​ជូន​នេះ គឺ​ពិតជា​និមិត្តរូប​នៃ​ពុទ្ធោ វាទ​របស់​ព្រះសម្មាសម្ពុទ្ធ​ដែល​បាន​ជ្រៀប​ចូល​ទៅ​ក្នុង​ជីវិត​រស់នៅ​របស់​មនុស្សលោក​ទាំង​ទិដ្ឋភាព​សង្គម​វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា ៖« កម្ពុជា​បាន​ប្រកាន់​យក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ ដែល​ការណ៍​នេះ​តំណាង​ឱ្យ​ស្មារតី និង​ទស្សនវិជ្ជា​តែ​មួយ​របស់​កម្ពុជា ។ ខ្ញុំ​មាន​មោទនភាព​ក្នុង​ការ​និយាយ​ថា ព្រះពុទ្ធ​សាសនា​គឺជា​មូលដ្ឋាន សម្រាប់​ការ​កសាង​សន្តិភាព ការ​បង្រួបបង្រួម​ជាតិ ការ​កសាង​ជាតិ​ឡើង​វិញ ក្រោយ​ជម្លោះ​ក៏​ដូច​ជា​ការ​ចូលរួម​ស្ថាបនា​របស់​យើង​»​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​វា​.​យ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដ៏​វិសេសវិសាល និង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​ធំធេង​របស់​អង្គការ​ពុទ្ធសាសនិក​ពិភពលោក ក្នុង​ការ​ផ្សព្វផ្សាយ​ពុទ្ធោវាទ​របស់​ព្រះសម្មាសម្ពុទ្ធ ការ​លើកតម្កើង​តម្លៃ​នៃ​ព្រះពុទ្ធ​សាសនា និង​ការ​ផ្សារ​ភ្ជាប់​ពុទ្ធបរិស័ទ​ជុំវិញ​ពិភពលោក ដើម្បី​បុព្វហេតុ​ដ៏​ឧត្តុង្គឧត្តម​នៃ​សន្តិភាព​សម្រាប់​មនុស្សជាតិ​ទាំងមូល ។

សម្តេច​តេ​ជោ​បាន​ថ្លែង​ដោយ​គាំទ្រ​អស់ពី​ចិត្ត​ចំពោះ​បេសកកម្ម និង​ចក្ខុវិស័យ​របស់​អង្គការ ពុទ្ធសាសនិក​ពិភពលោក ក្នុង​ការ​លើកកម្ពស់​ការ​ផ្សព្វផ្សាយ​អន្តរ​ជំនឿ​បន្ថែម​ទៀត ដើម្បី​បម្រើ​ផលប្រយោជន៍​របស់​មនុស្សជាតិ និង​ភព​ផែនដី​របស់​យើង ។

សម្តេច​ក៏​សូម​យក​ឱកាស​នេះ​កោតសរសើរ​ចំពោះ​ឥ​ស្លា​ម​សាសនា និង​សាស នា​ផ្សេង​ដែល​បាន រួមចំណែក​ដល់​ការ​កសាង​សន្តិភាព រក្សា​សន្តិភាព និង​ការ​អភិវឌ្ឍ​កម្ពុជា​រយៈពេល​កន្លង​មក និង​បច្ចុប្បន្ន​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ