ខេត្តព្រះសីហនុ ៖ ថ្នាក់ដឹកនាំកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីពេលថ្មីៗនេះបានថ្លែងឱ្យដឹងថា កំពង់ផែដើរតួនាទីសំខាន់ណាស់សម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងទាក់ទាញអ្នកវិនិយោគទុននៅកម្ពុជា ហេតុដូច្នេះហើយការអភិវឌ្ឍចំណតកំពង់ផែ ដើម្បីបំពេញតម្រូវការចាំបាច់នានា គឺជារឿងដែលត្រូវធ្វើជាបន្តបន្ទាប់។

ជាក់ស្តែងក្នុងផែនការនៃការអភិវឌ្ឍចំណតផែកុងតឺន័ររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺនៅត្រឹមឆ្នាំ ២០២៩នេះ សមត្ថភាពរបស់កំពង់ផែ នឹងមានប្រែប្រួលមួយទំហឹង ដោយអាចអនុញ្ញាតឱ្យនាវាទូទាំងពិភពលោកចូលចតបាន ដោយពុំបាច់សំចត (Transit) នៅកំពង់ផែផ្សេងៗ។ ពោលគឺលែងមានឧបសគ្គជម្រៅទឹកទៀតហើយ។ នេះជាការលើកឡើងរបស់លោក លូ គឹមឈន់ អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានទៅទស្សនកិច្ចនៅកំពង់ផែ កាលពីថ្ងៃទី២៥ ខែមេសា កន្លងទៅ។

លោក លូ គឹមឈន់ បានបញ្ជាក់ថា «កំពង់ផែសំខាន់ណាស់ សម្រាប់ប្រទេសជាតិ និយាយឱ្យចំទៅកំពង់ផែបានផលចំណេញតិចតួច តែសេដ្ឋកិច្ចជាតិកើនឡើង ព្រមទាំងទាក់ទាញអ្នកវិនិយោគទុនដែរ! កំពង់ផែជាខ្លោងទ្វារសេដ្ឋកិច្ច ហើយវាដូចបំពង់.ក ដូចស្រមុះអញ្ចឹង បើទីនោះស្ទះ ឬដុះសាច់ច្រមុះហើយទៅមិនរួចទេ»។ លោកបន្តថា «ការអភិវឌ្ឍសមត្ថភាពរបស់កំពង់ផែ គឺជារឿងចាំបាច់ ហើយរាល់ការពង្រីកសមត្ថភាព គឺដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់ ដូចពាក្យមួយគេពោលថា ស៊ូមានកំពង់ផែសង់រួចរាល់ ដើម្បីចាំកប៉ាល់ កុំដល់ពេលមានកបាល់មក តែផែមិនអាចចូលចតបាន»។

«ដូចនេះយើង ចាប់ពី២០២៦ទៅ កំពង់ផែយើងនឹងអាចប្រហាក់ប្រហែលកំពង់ផែ នៅក្នុងតំបន់ ឬប្រទេសជុំវិញយើង។ ចំណែកឆ្នាំ២០២៨-២០២៩ កំពង់ផែយើងនឹងដូចកំពង់ផែដែលនៅជុំវិញយើងតែម្តង ពោលគឺត្រឹមឆ្នាំ២០២៩ ផែរបស់យើងអាចអនុញ្ញាតឱ្យនាវាមកពីជុំវិញពិភពលោកចូលចតបាន»។ នេះជាការអះអាងរបស់លោក លូ គឹមឈុន។

លោកបន្តថា «បើផែយើងនៅតូចចង្អៀត នោះវិនិយោគិន មិនទាន់ចង់មកវិនិយោគនៅយើងទេ ព្រោះគាត់ត្រូវដឹកវត្ថុធាតុដើមមកឆ្លងកាត់ច្រើនដំណាក់កាល ទម្រាំគាត់មកដល់យើង ហើយនៅពេលផលិតបានសម្រេចហើយ គឺត្រូវដឹកច្រើនដំណាក់ទៀត ទម្រាំទៅដល់ប្រទេសគេ ដូច្នេះថ្លៃដើម និងថ្លៃដឹកជញ្ជួនខ្ពស់ ដែលនាំឱយបាត់បង់ភាពប្រកួតប្រជែង»។

លោក លូ គឹមឈន់ បានបន្តថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងពង្រីកសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យនាវា និងកប៉ាល់ធុនធំ ចូលចតបាន។ លោកបានបន្តថា នាពេលបច្ចុប្បន្ននេះ សមត្ថភាពផែ គឺអាចអនុញ្ញាតឱ្យកុងតឺន័រឆ្លងកាត់មានចំនួន 550 000 TEUs/ឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះចំនួនកុងតឺន័រឆ្លងកាត់ឆ្នាំ ២០២២ មានចំនួន 750 000 TEUs/ឆ្នាំ ដែលលើសពីសមត្ថភាពរបស់ផែ។ ព្រោះនាពេលបច្ចុប្បន្ននេះ នៅកំពង់ផែ គឺអនុញ្ញាតឱ្យនាវាមានជម្រៅទឹក 9.2 ម៉ែត្រចូលចតបាន ដែលមានប្រមាណជា ១៨% នាវាក្នុងតំបន់។

ផ្អែកតាមផែនការអភិវឌ្ឍរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែនឹងពង្រីកសមត្ថភាពជាបន្តបន្ទាប់។ សម្រាប់ផែនការអភិវឌ្ឍសំខាន់ៗចំនួន ៤ គឺចាប់ពីឆ្នាំ ២០២៤ សម្រាប់ទីតាំង ទី១ នឹងមានការកែចំណតផែទំនិញទូទៅ ប្រហែង ២៥៣ ម៉ែត្រ ទៅជាចំណតផែកុងតឺន័រ ដែលមានសមត្ថភាពឱ្យកុងតឺន័រឆ្លងកាត់មានចំនួន 1 000 000 TEUs/ឆ្នាំ។ បន្ទាប់មកការអភិវឌ្ឍ ចំណតផែកុងតឺន័រថ្មីជំហានទី១ ប្រវែង ៣៥០ មានជម្រៅទឹក ១៤,៥ម៉ែត្រ ដែលចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៦។ ពេលនោះ សមត្ថភាពផែ គឺអាចអនុញ្ញាតឱ្យកុងតឺន័រឆ្លងកាត់មានចំនួន 1 450 000 TEUs/ឆ្នាំ ហើយក៏អនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចត្តបាន ពេលនោះ វានឹងជួយកាត់បន្ថយតម្លៃដឹកជញ្ជួនតាមសមុទ្រប្រមាណ ២០០ដុល្លារ/TEUs។

ផែនការអភិវឌ្ឍទី២ គឺចំណតផែកុងតឺន័រថ្មីជំហានទី២ ប្រវែង ៤០០ម៉ែត្រ មានជម្រៅទឹក ១៦,៥ម៉ែត្រ ដែលចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៨។ ពេលនោះ សមត្ថភាពផែ គឺអាចអនុញ្ញាតឱ្យកុងតឺន័រឆ្លងកាត់មានចំនួន 2 020 000 TEUs/ឆ្នាំ ហើយក៏អនុញ្ញាតឱ្យនាវាទៅ-មក ក្នុងតំបន់សមុទ្រឥណ្ឌា និង អាស៊ីប៉ាស៊ីហ្វិកចូលចតបាន ដោយពុំចាំបាច់ចូលសំចត នៅកំពង់ផែផ្សេងៗ ពោលគឺលែងមានឧបសគ្គជម្រៅទឹក)។ ពេលនោះ «តម្លៃដឹកជញ្ជូនតាមសមុទ្រប្រហាក់ប្រហែលនឹងផែកុតឺន័រប្រទេសជិតខាង និងក្នុងតំបន់» ហើយកាត់បន្ថយការចំណាយថវិកា និងពេលវេលាដឹកជញ្ជួនតាមសមុទ្រ។

លោក លូ គឹមឈុន បានមានប្រសាសន៍ថា សម្រាប់គម្រោងសំខាន់មួយទៀតនោះ គឺគម្រោង ចំណតផែកុងតឺន័រថ្មី ជំហានទី៣ ដែលមានប្រវែង ៤៣០ម៉ែត្រ និងជម្រៅទឹក ១៧,៥ម៉ែត្រ ដែលគម្រោងនេះនឹងអាចចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ២០២៩។ ដូច្នេះចាប់ពីឆ្នាំ២០២៩ទៅ សមត្ថភាពផែ គឺអាចអនុញ្ញាតឱ្យកុងតឺន័រឆ្លងកាត់មានចំនួន 2 637 000 TEUs/ឆ្នាំ ហើយក៏អនុញ្ញាតឱ្យនាវាទូទាំងពិភពលោកចូលចតបាន ដោយពុំចាំបាច់សំចត (Transit) នៅកំពង់ផែផ្សេងៗ។

អគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានសង្កត់ធ្ងន់ថា «ការអភិវឌ្ឍ គឺត្រូវយោងទៅតាមមាត្រដ្ឋាននៃសេដ្ឋកិច្ចជាតិ ទាល់តែកុងតឺន័រយើងមានចំនួនប៉ុណ្ណា ការអភិវឌ្ឍនឹងដល់កម្រិតនោះហើយ ព្រោះប្រសិនយើងអភិវឌ្ឍមុននឹងពេក បើដើរលឿនពេកវានឹងខាត ដូច្នេះយើងចាំបាច់ត្រូវធ្វើការអភិវឌ្ឍជាជំហាន»៕





ចែករំលែកព័តមាននេះ