រាជធានីភ្នំពេញ ៖ ស្ត្រីទើបរៀបការបាន៣ខែហើយមានការភ្ញាក់ផ្អើលថា ត្រូវគេចាប់ពង្រត់នោះបានវិលត្រឡប់មកផ្ទះវិញហើយ ព្រមទាំងបានសារភាពប្រាប់ក្រុមគ្រួសារ និងសមត្ថកិច្ចថា នាងមិនមែនគេចាប់នោះទេ គឺនាងរៀបចំល្បិចកលដើម្បីចាកចេញពីផ្ទះដោយខ្លួនឯងប៉ុណ្ណោះ ព្រោះតែមិនអាចរស់នៅជាមួយឪពុកម្តាយក្មេកបាន ជាងនេះទៅទៀត នាងមិនស្រលាញ់ប្តីទៀតផង។ ស្ត្រីរូបនោះបានវិលត្រឡប់មកដល់ផ្ទះវិញនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ មេសា បន្ទាប់ពីបាត់ខ្លួន១យប់ និង១ថ្ងៃរួចមក ។
ក្រោយពេលត្រឡប់មកដល់ផ្ទះវិញ ស្ត្រីរូបនោះត្រូវបានប៉ូលិសប៉ុស្តិ៍ក្រាំងធ្នង់ហៅទៅធ្វើការសាកសួរ ហើយនាងបានសារភាពថា មិនមាននរណាចាប់រូបនាងនោះទេ ការចាកចេញពីផ្ទះនោះគឺដោយសារនាងមិនអាចរស់នៅជាមួយឪពុកម្តាយក្មេក ក៏ដូចជាប្តីបាន ទើបនៅយប់ថ្ងៃទី២៨ មេសា នាងបានរៀបចំល្បិចកលធ្វើជាស្រែក និងចោលស្បែកជើង ព្រមទាំងខ្សែកាបូបដើម្បីបំភាន់ភ្នែកឪពុកម្តាយក្មេក ប្តី ព្រមទាំងអ្នកភូមិថា ត្រូវគេចាប់។ ស្ត្រីរូបនោះបានបន្តថា ក្រោយពេលរៀបចំគម្រោងការរួចរាល់នាងបានទៅជាមួយមិត្តភក្តិស្រីៗរបស់នាងទៅដេកនៅផ្ទះសំណាក់នីតា ភូមិក្បាលដំរី សង្កាត់កាកាប តែម្តង ។ តាមប្រភពព័ត៌មានពីក្រុមគ្រួសារខាងប្រុសនិយាយថា កាលពីមុនស្តីដណ្តឹងដំបូងនាងឥតប្រកែកថា មិនស្រលាញ់កូនប្រុសគាត់នោះទេ ទើបតែពេលនេះប្រែចិត្តថា មិនស្រលាញ់ទៅវិញ ។ ប៉ុន្តែថ្វីដ្បិតតែនាងយល់ព្រមរៀបការមែន ពេលក្រោយរៀបការរួច ពួកគេមិនចុះដំណេកគ្នានោះឡើយ ហើយគាត់ព្យាយាមសម្រុះសម្រួលជាបន្តបន្ទាប់រហូតត្រូវគ្នា ។
ប្រភពខាងលើបានបន្តទៀតថា លុះក្រោយមកទៀត គាត់ចាប់បានសំបុត្រដែលកូនប្រសាស្រីសរសេរឱ្យសង្សាររបស់នាងឈ្មោះរស្មី ប៉ុន្តែឈ្មោះនេះពុំដឹងថា រស់នៅឯណាទេ ហើយក្រៅពីសំបុត្រគាត់ចាប់បានទូរស័ព្ទជាញឹកញាប់ទៀតផង ពេលនោះគាត់បានណែនាំជាបន្តបន្ទាប់តែនាងមិនកែខ្លួនដដែល។ ប្រជាពលរដ្ឋបាននិយាយថា ស្ត្រីម្នាក់នោះឈ្មោះចាន់ ស្រីកា អាយុ១៩ឆ្នាំ ឯប្តីឈ្មោះឈុំ ភក្ត្រា ហៅប្រុក អាយុ២១ឆ្នាំ ពួកគេរស់នៅក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌដង្កោ ។ ពេលនោះឪពុកម្តាយខាងប្រុសបានបង្ហាញពីជំហរឈប់ឱ្យកូនរបស់គាត់យកស្ត្រីរូបនោះធ្វើជាប្រពន្ធទៀតហើយ ព្រោះពួកគាត់មិនជឿថា កូនប្រសាទៅជាមួយមិត្តភក្តិស្រីនោះឡើយ ។ ប៉ុន្តែចំណែកឯកូនប្រុសរបស់គាត់ហាក់ដូចជាមិនដាច់ចិត្តពីប្រពន្ធនៅឡើយ ព្រោះពេលឪពុកម្តាយសួរនាំរូបគេមិនបាននិយាយស្តីអ្វីទាំងអស់ ៕
ចែករំលែកព័តមាននេះ