ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋ​មន្ត្រី​ថោង ខុន ៖ សង្គ្រាម​នៅតាម​ព្រំដែន​ខ្មែរ-សៀម​​ធ្វើ​ឱ្យ​​ចំនួន​អ្នក​ទេស​ចរ​ ចូលតាម​ច្រក​ប្រទេស​សៀម​មាន​ការ​ធ្លាក់​​ចុះ​តែ​​មិន​ប៉ះ​ពាល់​ដល់​វិស័យ​ទេស​ចរណ៍​ទាំងមូល​ទេ

14 ឆ្នាំ មុន

ខេត្ត​សៀមរាប ៖ រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​​​លោក​ថោង ខុន បាន​អះអាង​ថា សង្គ្រាម​នៅ​តំបន់​ព្រំ​ដែនកម្ពុជា​​-​សៀម​ដែល​បង្ក​ឡើង​ដោយ​មហិច្ឆតា​ឈ្លានពាន​របស់​ប្រទេស​សៀម ​មក​លើ​បូរណ​ភាព​ទឹកដី​កម្ពុជា​ បាន​បង្ខំ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​តាម​ច្រក​ប្រទេស​សៀម​មានការ​ថយ​ចុះ ប៉ុន្ដែ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​

ខេត្ត​សៀមរាប ៖ រដ្ឋមន្ដ្រី​ក្រសួង​ទេស​ចរណ៍​​​លោក​ថោង ខុន បាន​អះអាង​ថា សង្គ្រាម​នៅ​តំបន់​ព្រំ​ដែនកម្ពុជា​​-​សៀម​ដែល​បង្ក​ឡើង​ដោយ​មហិច្ឆតា​ឈ្លានពាន​របស់​ប្រទេស​សៀម ​មក​លើ​បូរណ​ភាព​ទឹកដី​កម្ពុជា​ បាន​បង្ខំ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​តាម​ច្រក​ប្រទេស​សៀម​មានការ​ថយ​ចុះ ប៉ុន្ដែ​វា​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​ទាំងមូល​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ កំណើន​ភ្ញៀវ​ទេស​​ចរ​អន្ដរជាតិ​ នៅ​តែ​មានការ​កើនឡើង​ដដែល ខណៈ​ដែល​ច្រក​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​មានការ​ស្ទុះ​ងើបឡើង​នូវ​ចំនួន​ភ្ញៀវ​ទេស​ចរចូល​មក​កាន់​ប្រទេស​កម្ពុជា​។

លោក​ថោ​ង ខុន បាន​ថ្លែងប្រាប់​តាម​ទូរ​ស័ព្ទ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា ​ថា បន្ទាប់​​ពី​មាន​វិបត្ដិ​​ផ្ទៃក្នុង​នៅ​​ប្រទេស​សៀម និង​មហិច្ឆតា​ឈ្លាន​ពាន​របស់​មេ​ដឹក​នាំ​សៀម​មក​លើ​បូរណ​ភាព​ទឹកដី​កម្ពុជា ​រហូត​ដល់​បញ្ឆេះ​ភ្លើងសង្គ្រាម​នៅ​តាម​ព្រំដែន​កម្ពុជា​-​សៀម (​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ព្រះ​វិហារ) ​ជា​បន្ដបន្ទាប់​មក ​ធ្វើ​ឱ្យ​ស្ថានភាព​ភ្ញៀវ​ទេសចរជនជាតិ​សៀម បូក​រួម​ទាំង​ភ្ញៀវ​ទេស​ចរ​អន្ដរជាតិ​ឯទៀត ​ដែល​ចូល​មក​ប្រទេស​កម្ពុជា ទាំង​តាម​ផ្លូវទឹក ផ្លូវ​គោក និង​ផ្លូវអាកាស​ត្រូវ​​​ធ្លាក់​ចុះ​គួ​រ​ឱ្យ​កត់សម្គាល់ ដោយ​​ពួក​គេ​បាន​ប្ដូរ​ទិស​ ចូល​មក​កាន់​ស្រុក​ខ្មែរ​តាម​ច្រក​ផ្សេង​ៗ​ទៀត​ដូច​ជា ​ប្រទេស​ម៉ា​ឡេ​ស៊ី ​និង​តាម​ច្រក​សិង្ហ​បុរី​វិញ​ម្ដង ។

លោក​រដ្ឋមន្ដ្រី​បាន​បន្ថែម​​ថា ពី​មុន​ប្រទេស​សៀម​ជា​ច្រក​ធំ​លំដាប់​ទី​១ សម្រាប់​ភ្ញៀវ​​ទេស​ចរ​​ឆ្លងកាត់​ចូល​ប្រទេស​កម្ពុជា​ ទាំង​ផ្លូវ​គោក ផ្លូវ​ទឹក និង​ផ្លូវអាកាស គឺ​ប្រមាណ​ជាង​៧០​ម៉ឺន​នាក់​ កាលពី​ឆ្នាំ​២០១០ កន្លង​ទៅ​ស្មើនឹង​៣៥​ទៅ​៣៦​ភាគរយ នៃ​ចំនួន​ភ្ញៀវ​ទេសចរសរុប​ដែល​កម្ពុជា​ទទួល​បាន។ ប៉ុន្ដែ​ពេល​នេះ​ភ្ញៀវ​ចូល​តាម​ប្រទេស​នេះ​មាន​ចំនួន​តែ​៣៣​ភាគរយ​ប៉ុណ្ណោះ ហើយ​តំណែង​លេខ​១​ ត្រូវ​បាន​ជំនួស​ដោយ​ប្រទេស​វៀតណាម​ម្ដង ។

ទោះបីជា​ចំនួន​ភ្ញៀវ​ទេសចរ​អន្ដរ​ជាតិ​​​ចូល​តាម​ច្រក​ប្រទេស​សៀម​មាន​ការ​​ថយ​ចុះ​យ៉ាង​ណា​ក្ដី​ ក៏​​មិន​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ ដែល​សំបូរ​ទៅ​ដោយ​ប្រាង្គ​ប្រាសាទបុរាណ​ដ៏​ច្រើន​សំបូរ​​បែប​ ជា​ពិសេស​ប្រាសាទ​អង្គរ និង​ប្រាសាទ​ព្រះវិហារ​ ដែល​ជា​សម្បត្ដិ​បេ​តិ​ក​ភណ្ឌ​វប្ប​ធ​ម៌​របស់​មនុស្ស​ជាតិ បូក​រួម​ជាមួយ​តំបន់ឆ្នេរ​ដ៏​ស្រស់​ត្រកាល​ក្នុង​លោក និង​តំបន់​អេកូ​ទេសចរណ៍​ជា​ច្រើន​សន្ធឹក​សន្ធាប់​នោះ ​មិន​មានការ​ថយ​ចុះ​នៃ​ចំនួន​ទេសចរ​ទេ ផ្ទុយ​ទៅ​វិញ​នៅ​តែ​មានការ​បញ្ជា​ក់អំ​ពី​តួ​លេខ​កើន​ឡើងជា​និច្ច​។

យោង​តាម​តួលេខ​ភ្ញៀវ​ទេសចរ​របស់​ក្រសួង​ទេសចរណ៍​កម្ពុជា​ ដែល​បញ្ជូន​មក​ឱ្យ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក​កាលពី​វេលា​ម៉ោង​១១​និង​២៤​នាទី​ព្រឹក ​ថ្ងៃ​ទី​២៩ មេ​សា ​បាន​បង្ហាញ​យ៉ាង​ច្បាស់​​ថា ​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១១ នេះ គិត​ពី​​ខែ​មក​រា ដល់​ខែ​មីនា ប្រទេស​កម្ពុជា​បាន​ទទួលភ្ញៀវ​ទេសចរ​ចំនួន​៧៧៨.៤៦៧​នាក់ កើន​ឡើង​ប្រមាណ​១៣,៩០​ភាគរយ ធៀប​ទៅ​នឹង​រយៈ​ពេល​​៣​ខែ​ដូច​គ្នា​ កាលពី​ឆ្នាំ​២០១០​កន្លង​ទៅ​។​ ក្នុង​នោះ​តាម​ផ្លូវ​អាកាស​ ចំនួន​៤២៧.៤២៩​នាក់ ស្មើនឹង​៥៤​,៩០​ភាគរយ​កើនឡើង​១៥,១​ភាគ​រយ និង​តាម​ផ្លូវគោក និង​ទឹក​ចំនួន​៣៥១.០៣៨​នាក់​ ស្មើនឹង​៤៥,១០​ភាគរយ កើន​ឡើង​១២,៤០​ភាគរយ ។

សារ​អេ​ឡិ​ច​ត្រូ​និ​ក​ដដែល​នោះ​បាន​បង្ហាញ​ផង​ដែរ​ថា ​ក្នុងចំ​ណោ​ម​ភ្ញៀវ​ទេសចរ​ទាំង​នោះ​បាន​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ តាម​ប្រទេស​​សំខាន់​ៗ​មួយ​ចំនួន ក្នុង​នោះ​ចូល​តាម​ច្រក​ប្រទេស​​​សៀម​៣៣,៤០​ភាគរយ ស្មើ​នឹង​២៥៩.៥៨០​​នាក់ កើនឡើង​៨,៣០​ភាគរយ ដែល​​កំណើន​នេះ​ធ្លាក់​ចុះ​​ទាប​ជាង​កាលពី​ឆ្នាំ ២០១០​កន្លង​ទៅ។​ ​តាម​ច្រក​ប្រទេស​វៀតណាម​មាន​ចំនួន​២៨៣.៧៥១​នាក់​ ស្មើ​នឹង​៣៦,៥០​ភាគ​រយ​នៃ​ទេសចរ​សរុប ​កើនឡើង​១៥​ភាគ​រយ។ តាម​ច្រក​ប្រទេស​ឡាវ​ចំនួន​២៩.៣១៩​នាក់ ស្មើ​នឹង​៣,៨០​ភាគរយ កើនឡើង​២ភាគ​រយ។ ក្រៅ​ពី​​នោះ​នៅ​មាន​ភ្ញៀវ​ទេសចរចូល​តាម​ច្រក​ប្រទេស​​ផ្សេង​ៗ​ទៀត ចំនួន​២០៥.៨១៧​នាក់​ស្មើ​នឹង​​២៦,៤០​ភាគរយ កើនឡើង​១៧,២០​ភាគ​រយ​។
ការ​អះអាង​នេះ​ធ្វើ​ឡើង​ ខណៈ​មេដឹកនាំ​​ល្មោភ​សង្គ្រាម​សៀម​ បាន​បញ្ឆេះ​ភ្លើងសង្គ្រាម​​សា​​ជា​ថ្មី​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​​-​សៀម នៅ​តំបន់​​​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ដ​ឧត្ដរ​មាន​ជ័យ និង​ឆេះ​រាល​ដាល​ទៅ​ដល់​តំបន់​ព្រំដែន​ផ្សេង​ៗ​ទៀត​ ជា​ពិសេស​តំបន់់​ប្រាសាទ​ព្រះវិហារ ខេត្ដព្រះវិហារ ដែល​អូស​បន្លាយ​​អស់​រយៈពេល​៨​ថ្ងៃ​មក​ហើយ ​គឺ​ចាប់ពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា មក រហូត​បណ្ដាល​ឱ្យ​មាន​ការ​​ស្លាប់​បាត់បង់​ជីវិត​មនុស្ស​ជា​ច្រើន​ទាំង​សង​ខាង និង​មាន​ប្រ​ជា​ពលរដ្ឋ​ស្លូតត្រង់រាប់​​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន៕