ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌី សូ​នី​តា ផ្ទុះ​ប្រតិកម្ម ក្រោយ​តារា​ស្រី​ម្នាក់​វែក​ញែក​​​រឿង អេ​ឡិច ហ្សូ​រ៉ា មិនមែន​ឪពុក​កូនស្រី​នាង

2 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង និង​សម្តែង​នាង ឌី សូ​នី​តា ចេញ​មុខ​ប្រតិកម្ម​តប​ភ្លាម​ៗ​ទៅ​កាន់​តារា​ស្រី​មួយ​រូប ដែល​ធ្វើការ​វែក​ញែក​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​ឯកជន​របស់​នាង ដោយ​លើក​ឡើង​ថា

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង និង​សម្តែង​នាង ឌី សូ​នី​តា ចេញ​មុខ​ប្រតិកម្ម​តប​ភ្លាម​ៗ​ទៅ​កាន់​តារា​ស្រី​មួយ​រូប ដែល​ធ្វើការ​វែក​ញែក​ពាក់ព័ន្ធ​ទៅ​នឹង​ជីវិត​ឯកជន​របស់​នាង ដោយ​លើក​ឡើង​ថា «អតីត​ស្វាមី​លោក អេ​ឡិច ហ្សូ​រ៉ា មិនមែន​ជា​ឪពុក​ពិតប្រាកដ​របស់​កូន​នាង​នា​ពេល​បច្ចុប្បន្ន​នេះ​ឡើយ​»​។

តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដ​មួយ​រូប បាន​ធ្វើការ​ចែកចាយ​នូវ​ព័ត៌មាន​ក្នុងស្រុក​មួយ ដែល​ចុះ​ផ្សាយ​អំពី​ជីវិត​ឯកជន​របស់​អ្នក​នាង ឌី សូ​នី​តា ដែល​រស់​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ​យ៉ាង​រឹង​មាំ ក្រោយ​ពី​ចែកផ្លូវ​គ្នា​ជាមួយនឹង​លោក អេ​ឡិច ហ្សូ​រ៉ា អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ​។ ទំនងជា​បានដឹង​អំពី​រឿងរ៉ាវ​នៃ​ទំនាក់ទំនង​ក្លែងក្លាយ​រវាង ឌី សូ​នី​តា និង អេ​ឡិច ហ្សូ​រ៉ា តារា​ស្រី​រូប​នោះ​ក៏​លើក​ឡើង​ដោយ​ចង់​ឲ្យ​មានការ​បកស្រាយ​ឲ្យ​បាន​ច្បាស់​ពី​រឿងរ៉ាវ​មួយ​នេះ ដើម្បី​បញ្ចប់​ការ​យល់​ច្រឡំ​ពី​មហាជន ខណៈ​ពេល​ដែល​មាន​អ្នកខ្លះ​លើក​ឡើង​ចំ​ៗ​ថា «​លោក អេ​ឡិច ហ្សូ​រ៉ា មិនមែន​ជា​ឪពុក​របស់​កូន ឌី សូ​នី​តា នោះ​ឡើយ​»​។

ការ​វែក​ញែ​ក​ខាងលើ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​នាង ឌី សូ​នី​តា ហាក់​នៅ​មិន​សុខ ក្នុង​ពេល​ដែល​មាន​មិត្តភក្តិ និង​គ្រួសារ​របស់​នាង​ឆាត​មក​សាកសួរ​អំពី​បញ្ហា​នេះ ស្ទើរតែ​ផ្ទុះ​ទូរស័ព្ទ​ទៅ​ហើយ ទើប​នាង​សម្រេចចិត្ត​ចេញ​មុខ​បកស្រាយ​ឲ្យ​មហាជន​បានដឹង​តែ​ម្តង​។

តារាចម្រៀង និង​សម្តែង​អ្នក​នាង ឌី សូ​នី​តា បាន​បកស្រាយ​តាម​រយៈ​សារ​​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​​ថា «​ថ្ងៃនេះ ទូរស័ព្ទ​ខ្ញុំ​ជិត​ផ្ទុះ​ដោយសារ​មាន​សារ​ជា​ច្រើន​ផ្ញើ​មក មើល​ហើយ​ក៏​ស្លុតចិត្ត ជា​ពិសេស​លឺ​ម្តាយ​ទាំង​សងខាង​របស់​ពួក​ខ្ញុំ​ឆាត​មក ខ្ញុំ​មាន​អារម្មណ៍​ថា ខុស​ធ្ងន់​ទៀត​ហើយ ដែល​ធ្វើ​អោយ​ពួក​គាត់​ពិបាកចិត្ត​ដោយសារ​ទ​ង្វើ​របស់​ពួក​ខ្ញុំ​»​។

អ្នក​នាង​បញ្ជាក់​ថា «​មាន​មនុស្ស​ជា​ច្រើន​ដែល​ចង់​ដឹង​រឿង​របស់​ពួក​ខ្ញុំ ហើយ​ពួក​ខ្ញុំ​មិន​ទម្លាប់​យក​រឿង​ដែល​អវិជ្ជមាន​បង្ហាញ​នៅ​លើ​បណ្តាញ​សង្គម​ទេ​។ ពួក​ខ្ញុំ​ខំ​ស្ងាត់​កន្លង​មក ក៏​ដោយសារ​តែ​គិត​ថា រឿង​របស់​ពួក​ខ្ញុំ អ្នក​ណា​ខុស ឬ​ត្រូវ​ក៏​ជា​រឿង​របស់​ពួក​ខ្ញុំ ជីវិត​របស់​ពួក​ខ្ញុំ ការ​ពិត​បែប​ណា ទោះបីជា​បង្ហាញ ឬ​មិន​បង្ហាញ​អោយ​គេ​ដឹង ក៏​នៅ​តែ​ជា​រឿង​របស់​ពួក​ខ្ញុំ ពួក​ខ្ញុំ​អ្នក​ជួប ពួក​ខ្ញុំ​អ្នក​ដោះស្រាយ​។ ចម្លែក​អី តែ​បងស្រី​នោះ​យក​រឿង​របស់​ពួក​ខ្ញុំ​មក​វែក​ញ៉ែ​ករក​ហេតុផល​»​។

អ្នក​នាង ឌី សូ​នី​តា បញ្ជាក់​បន្ត​ថា «​បងស្រី ខ្ញុំ​និយាយ​ត្រង់ ខ្ញុំ​មិន​ដែល​មានរឿង​ជាមួយ​បង​សូ​ម្បី​តែ​ម្តង ទោះបីជា​កន្លង​មក បង​បាន​ធ្វើ​អ្វីខ្លះ និង​និយាយ​អ្វីខ្លះ​ដាក់​ខ្ញុំ ក៏​ខ្ញុំ​នៅ​តែ​មិន​មាត់​។ ហើយ​បង​ដឹង​ថា ខ្ញុំ​ដឹង​រឿង​មកពីណា​ទេ គឺ​បងប្រុស​ជា​អ្នក​ប្រាប់​ខ្ញុំ ហើយ​អោយ​ខ្ញុំ​ស្ងាត់ រហូត​មក​ដល់​ពេល​នេះ​។ ពេល​ដែល​ពួក​ខ្ញុំ​បញ្ចប់​ទំនាក់ទំនង​ជាង​១​ឆ្នាំ​មក​ហើយ បង​ក៏​វ៉ៃ​ប្រ​.​ហារ​ខ្ញុំ​ចំ​មុខតែ​ម្តង​។ បងស្រី និយាយ​មក​ហាក់​ដឹង​ច្បាស់​ថា ជីវិត​ពួក​ខ្ញុំ​ពីរ​នាក់​បាន​ជួប​រឿង​អី​ខ្លះ​ចឹ​ង នៅ​មក​ភ្ជាប់​ប្រធានបទ​កូនស្រី​ខ្ញុំ​ចូល​ទៀត​»​។

នាង​បន្ត​ថា «​ខ្ញុំ​បញ្ជាក់​ប្រាប់​បង​ដោយ​បើកចំហ​ដែរ​ចុះ​ថា ទោះ​កូន​ខ្ញុំ ឪពុក​ជា​អ្នក​ណា​ក៏​ជា​រឿង​របស់​ពួក​ខ្ញុំ សំខាន់​ពួក​ខ្ញុំ​ទទួល​នឹង​ប្រឈម​មុខ​ទៅ​ថ្ងៃ​មុខជា​មួយ​គ្នា​បែប​ណា? ពួក​ខ្ញុំ​បាន​ដើរតួ​នាទី​ធ្វើ​ឪពុក​ម្តាយ​គេ​បាន​ដោយ​ល្អ​កំ​រឹត​ណា? ដោយ​មាន​ទំនួល​ខុស​ត្រូវ​បែប​ណា? បន្ទាប់​ពី​ការ​ដែល​ខ្វែងគំនិត​គ្នា មានរឿង​ជា​ច្រើន​ដែល​កើតឡើង​ក្នុង​ជីវិត​ពួក​ខ្ញុំ ពួក​ខ្ញុំ​ក៏​សម្រេចចិត្ត​បញ្ចប់ បញ្ចប់​ដោយ​ស្ងប់ស្ងាត់ ដោយ​អភ័យ ដោយ​សន្តិវិធី ដោយ​អស់ចិត្ត ហើយ​មិន​ព្យាយាម​លាតត្រដាង​ទេ ព្រោះ​គិតដល់​កូន​។ ហេតុ​អី​ពេល​នេះ​បង​ទើប​មក​បើក​កកាយ​វែក​ញែក? ខ្ញុំ​គិត​ថា បង​ជា​ម្តាយ​គេ​មួយ​រូប បង​គួរតែ​យល់​ក្នុង​នាម​ជា​ម្តាយ តែ​មើលទៅ​បង​ហាក់ដូចជា​ចង់បាន​អ្វី​ម្យ៉ាង​ទាំង​ដែល​មិនមែន​រឿងរបស់​បង​»​។

អ្នក​នាង ឌី សូ​នី​តា បន្ត​ទៀត​ថា «​បង​និយាយ​មក​ហាក់​ទាមទារ​យុត្តិធម៌​អោយ​បង​សូ​រ៉ា ទាំង​ដែល​បង​មិន​បានដឹង​ហេតុផល​ពួក​យើង​ទាំង​ពីរ​អោយ​ច្បាស់​នៅឡើយ​។ បង​គិតតែ​ប៉ុន​នេះ​ចុះ ជីវិត​មួយ​នេះ​វា​មិន​ស្រស់បំព្រង​ដូច​អ្វី​ដែល​យើង​គិត និង​ប៉ង​ទេ គ្មាន​អ្នក​ណា​ម្នាក់​ចង់​មានរឿង​អោយ​ឈឺក្បាល​ទេ ពួក​ខ្ញុំ​ក៏​មិន​ទម្លាប់​ចង់​ល្បី​ដោយសារ​រឿង​មិនល្អ​ដែរ​»​។

នាង​បន្ថែម​ថា «​ពួក​ខ្ញុំ​បាន​មក​ដល់​ដំណាក់កាល​នេះ មិនមែន​តិច​ដង​ទេ ដែល​ពួក​យើង​ព្យាយាម​ផ្សះផ្សារ​គ្នា​រក​ចំណុចកណ្តាល​ដើម្បី​បន្ត ប៉ុន្តែ​ជីវិត​ពួក​ខ្ញុំ​ក៏​វា​មិន​ដូច​អ្វី​ដែល​មហាជន ក៏​ដូច​ជា​បងស្រី​គិត រឿង​ពួក​ខ្ញុំ​វា​នៅ​តែ​ជា​រឿង​ពួក​ខ្ញុំ​ដដែល ទោះបី​បង​គិត​ថា ដឹង​ច្បាស់​ក៏​នៅ​តែ​មិន​ច្បាស់​។ មនុស្ស​​ពីរ​នាក់​បើ​សុទ្ធតែ​ជា​អ្នក​ត្រូវ ក៏​មិន​បែកបាក់​គ្នា​ដែរ វា​មាន​ហេតុ​និង​ផល ហើយ​ហេតុផល​អស់ទាំង​នោះ គឺ​នៅ​តែ​ជា​រឿង​ផ្ទៃក្នុង​របស់​ពួក​ខ្ញុំ សំខាន់​ថា តើ​យើង​រើស​ផ្លូវ​មួយ​ណា​ដែល​ជា​ជម្រើស​ល្អ​សម្រាប់​រវាង​គ្នា​និង​គ្នា?​។ មក​ដល់​ពេល​នេះ ខ្ញុំ​មិន​ដែល​និយាយ​ថា អ្នក​ណា​ត្រូវ អ្នក​ណា​ខុស ដឹង​តែ​ម្យ៉ាង​គឺ​បញ្ចប់​ទំនាក់ទំនង​រួច​ហើយ​។ បង​សូ​រ៉ា ជា​មនុស្ស​តែ​ម្នាក់​ដែល​មិន​ទម្លាប់​និយាយ​រឿង​អវិជ្ជ​មាន​របស់​ខ្លួន​ទៅ​កាន់​ក្រុម​គ្រួសារ​ទេ ព្រោះ​គាត់​ស្រលាញ់​ម្តាយ​គាត់​ណាស់ ហើយដោយ​សារ​តែ​បែប​នេះ ទើប​ពួក​ខ្ញុំ​ក៏​មិន​ចង់​បង្ហាញ​ពី​រឿង​អវិជ្ជមាន​មួយ​ចំនួន​ទៅ​កាន់​ពួក​គាត់​ដែរ រឿង​របស់​ពួក​ខ្ញុំ​មួយ​ចំនួន សូ​ម្បី​តែ​អ្នក​ម្តាយ​ពួក​យើង​ក៏​មិន​ដឹងផង​»​។

នាង​បន្ថែម​ទៀត​ថា «​ពួក​គាត់​ចាស់​ៗ​ហើយ មិន​គួរ​មក​ពិបាកចិត្ត​ខ្លាំង​ដោយសារ​ពួក​ខ្ញុំ តែ​ទី​បញ្ចប់​បងស្រី​ក៏​លើកយក​រឿង​ហ្នឹង​មក​វែក​ញ៉ែ​ក​អោយ​គ្រួសារ​ខ្ញុំ​ទាំង​ពីរ​ពិបាកចិត្ត រហូត​ដល់​ប៉ះពាល់​អារម្មណ៍​ពួក​គាត់​។ បងស្រី​មិន​ខ្លាច​បាបកម្ម​ដោយ​មិនដឹង​ខ្លួន ដោយសារ​តែ​ទ​ង្វើ​ដែល​ឈឺឆ្អាល​រឿង​របស់​អ្នក​ដទៃ​ហួសហេតុ​ចឹ​ង​ទេ?​»​។

យ៉ាងណា​បើ​តាម ឌី សូ​នី​តា ថា «​ខ្ញុំ​ពិតជា​សោកស្តាយ​នៅ​កំហុស​របស់ខ្ញុំ​ដែល​ធ្វើ​ជា​ម្តាយ​គេ​មិន​បាន​ល្អ ហើយ​អោយ​គេ​លើកយក​កូន​មក​ធ្វើ​ជា​ប្រធានបទ​បែប​ពេបជ្រាយ​គាត់​ទាំង​ដែល​គាត់​មិន​ទាន់​ដឹង​អី ឈឺ​ណាស់​ឈឺ​ពិតមែន ។ ជា​ចុង​ក្រោយ ខ្ញុំ​សូម​ផ្តាំ​ទៅ​បងស្រី​វិញ​ថា ទោះបីជា​កូនស្រី​ខ្ញុំ ជា​កូន ឬ​មិនមែន​កូនរ​បស់បង​សូ​រ៉ា ក៏​គាត់​នៅ​តែ​ជា​កូន​របស់ខ្ញុំ មិនមែន​ជា​កូនស្រី​របស់​ប្តី​បង​ទៅ​បាន​ហើយ ហើយ​រឿង​បង​បំផ្លើសការពិត​ដែល​ថា ឪពុក​កូន​ខ្ញុំ​ជា​អ្នក​ណា និយាយ​ដូច​ការ​ពិត​នោះ បង​ចាំ​ត្រៀមខ្លួន​ផង​។ បញ្ជាក់ ៖ ចាប់ពី​ពេល​នេះ ម៉ោង​នេះ កូន​ខ្ញុំ ជា​កូន​របស់ ឌី សូ​នី​តា តែ​ម្នាក់ មិន​មាន​ឪពុក​ទេ បង​សូ​រ៉ា​ក៏​មិន​ត្រូវជា​អ្វី​នឹង​កូន​ខ្ញុំ ហើយនឹង​ខ្ញុំ​ដែរ​។ កូន​ខ្ញុំ​គ្មាន​ឪពុក​តាំងពី​ដើម សូម​បញ្ចប់​ប្រធាន​បទ ម៉ែកូន​ខ្ញុំ​ទៅ កុំ​ធ្វើ​អោយ​ពួក​ខ្ញុំ​ក្លាយទៅជា​ជនជាប់ចោទ​ទៅ​វិញ ខ្ញុំ​ឈឺ​កន្លង​មក គ្រប់គ្រាន់​ពេក​ហើយ​បញ្ចប់​ទៅ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ