ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី២០ មេសា នេះ តំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែង បានសម្រេចចោទប្រកាន់លោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបាភ្នំជាផ្លូវការហើយ ដោយជាប់ចោទពីបទ ( ហឹង្សាមានស្ថានទំងន់ទោស និងប្រើប្រាស់កាំភ្លើងខុសច្បាប់ ) ។ សូមរំលឹកថា៖ ផ្ទុះអាវុ.ធ១គ្រាប់ពេលចុះបង្ក្រាប អធិការរងម្នាក់ត្រូវឃាត់ខ្លួន និងអ្នកជ.ល់មាន់ម្នាក់របួសធ្ងន់

លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែងបានអោយដឹងថា បច្ចុប្បន្ន ជនត្រូវចោទកំពុងស្ថិតក្នុងនីតិវិធីរបស់ចៅក្រមស៊ើបសួរ ហើយនៅរសៀលថ្ងៃទី២០
មេសា នេះ ចៅក្រមអាចនឹងចេញដីកាឃុំខ្លួនជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ផងដែរថា ក្រោយមានហេតុការណ៍សមត្ថកិច្ចផ្ទុះអាវុធក្នុងពេលចុះបង្ក្រាបកន្លែងជល់មាន់ និងបណ្តាលអោយត្រូវអ្នកជល់មាន់ម្នាក់រងរបួសធ្ងន់នោះ នាយឧត្តមសេនីយសន្តិបណ្ឌិត
នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ស្នងការខេត្តព្រៃវែង នូវគោលការ 3ចំណុច គឺ1-ឃាត់ខ្លួនលោកអធិការរងដែលផ្ទុះអាវុធ យកមកកាន់ស្នងការដ្ឋាន និងផ្អាកការងារ។
2 -បញ្ជូនឯកសារទាំងស្រុងទៅតុលាការ វិនិច្ឆ័យតាមច្បាប់ និង3-អោយលោកស្នងការ ចុះសួរសុខទុក្ខ និងសុំទោសដល់ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាលជនរងគ្រោះ ។

គួររំលឹកឡើងវិញផងដែរថា កាលពីវេលាម៉ោង០១ និង១៥ នាទីរសៀលថ្ងៃទី១៥ មេសា កន្លងមក កំលាំងនគរបាលស្រុកបាភ្នំចំនួន៤នាក់ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ប្រដាប់ដោយកាំភ្លើង២ដើម ( កាំភ្លើងខ្លី1ដើម និងវែង1ដើម ) បានឆ្មក់ចូលបង្ក្រាបមនុស្សមួយក្រុមដែលកំពុងលេងជល់មាន់ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ហើយពេលនោះ លោក ស៊ាន ប៊ុនណាល់ អធិការរងស្រុកបានផ្ទុះអាវុធ១គ្រាប់ បណ្តាលអោយត្រូវបុរសម្នាក់ឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ36ឆ្នាំ ដួលដេកនឹងដីរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ក្រោយមកក៏បញ្ជូនបន្តទៅមន្ទីរពេទ្យជោរៃនៅភ្នំពេញ ហើយដោយគ្រូពេទ្យមិនអាចព្យាបាលបាន ដោយក្បាលគ្រាប់បានបៀមជាប់ក្នុងថ្លើម ទើមក្រុមគ្រួសារ សម្រេចបញ្ជូនជនរងគ្រោះទៅព្យាបាលបន្ត នៅប្រទេសវៀតណាម ហើយមកដល់បច្ចុប្បន្ននេះ ស្ថានភាពជនរងគ្រោះនៅមិនទាន់បានប្រសើរឡើងនោះទេ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនលើកាសែតកោះសន្តិភាព ។

ចែករំលែកព័តមាននេះ